សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។​ និស្សិតដែលបញ្ចប់ការសិក្សា ហើយទទួលសញ្ញាបត្ររួមមាន៖​ ថ្នាក់កម្រិតបរិញ្ញា​បត្រ​រង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៤,៤២៦នាក់ នារី ៣,៩២៤នាក់។ ពួក​គេ បានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០២៣-២០២៤ នៅទីតាំងគោលក្នុង​រាជធានី​ភ្នំ​ពេញ សាខាខេត្តសៀមរាប និងសាខាខេត្តបាត់ដំបង ក្នុងនោះក៏មាននិស្សិតបរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០នាក់ផងដែរ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងមោទនភាពចំពោះភាពរីកចម្រើនរបស់ ស្រ្តីដែលលើវិស័យអប់រំ ខណៈការទទួលសញ្ញាបត្រនាពេលនេះ គឺមានរហូតដល់ជាង៨០ភាគរយ។

-សម្តេចធិបតី​ ថ្លែង​បន្ថែមថា បច្ចុប្បន្ននេះ នៅប្រទេសកម្ពុជា ភាពជាអ្នកដឹកនាំរបស់ស្រ្តី គឺមានការកើនឡើងខ្ពស់ទាំងរដ្ឋ និងឯកជន។

-សម្តេចធិបតី​ ថ្លែងថា​ កាលពីមុនស្ត្រីគ្មានលទ្ធភាពក្នុងការសិក្សា ត្រូវបានបោះបង់ការសិក្សា ដោយសារសង្គម ប៉ុន្តែស្ត្រីក្នុងពេលបច្ចុប្បន្ននេះ មានឱកាស ក្នុងការសិក្សារៀនសូត្រក្នុងនិងក្រៅប្រទេស និងមានតួនាទីជាអ្នកដឹកនាំក្នុងស្ថាប័នជាតិ កងកម្លាំងប្រដាប់អាវុធជាការឲ្យតម្លៃសិទ្ធិស្មើគ្នារវាងបុរស និងស្ត្រីរបស់សង្គមជាតិ។

-សម្តេចធិបតី ថ្លែងថា ប្រទេសមួយអាចខ្លាំងបាន ទាល់តែយើងមានធនធានមនុស្ស ការកសាងសង្គមមួយរីកចម្រើនបាន ទាល់តែសង្គមនោះ មានសន្តិភាព។

-សម្តេចធិបតី ថ្លែង​បញ្ជាក់ជាថ្មីម្ដងទៀតថា ប្រទេសមានការអភិវឌ្ឍ រីកចម្រើនទៅបាន លុះត្រាណាមានធនធានមនុស្សច្រើន ប្រសិនបើសង្គមគ្មានការសិក្សា និងធនធានមនុស្សទន់ខ្សោយនឹងមិនអាចទៅមុខបានទេ ហើយក៏គ្មានឱកាសប្រកួតប្រជែងជាមួយប្រទេសដទៃបានដែរ។

-សម្ដេចធិបតី​ ថ្លែងថា​ បើបើកអាជីវកម្មតូច យើងអាចប្រើជំនាញលក្ខណៈគ្រួសារ ដើម្បីគ្រប់គ្រងបាន ប៉ុន្ដែនៅពេលដែលយើងពង្រីកអាជីវកម្មខ្នាតធំហើយ គឺត្រូវតែមានការគ្រប់គ្រងដែលមានស្ដង់ដាច្បាស់លាស់ មិនអាចអនុវត្តស្ដង់ដាបែបគ្រួសារទៀតទេ។ ដូច្នេះការសិក្សារៀនសូត្រជំនាញច្បាស់លាស់ សូម្បីតែជំនាញគណនេយ្យ និងរដ្ឋបាលក្ដីពិតជាសំខាន់ណាស់។

-សម្តេចធិបតី ថ្លែងថា កាលពីមុន កម្ពុជាធ្លាប់តែនាំចូល របស់វត្ថុធាតុដើម តែពេលនេះ កម្ពុជាអាចមានលទ្ធភាពនាំចេញនូវផលិតផលកែច្នៃរួច ទៅកាន់ប្រទេសដទៃ ដោយសារ​ការវិវត្ត​នេះ គឺកើតចេញពីធនធាននៅក្នុងស្រុក។

-សម្ដេចធិបតី​ ថ្លែង​រម្លឹកប្រសាសន៍របស់លោក John F. Kennedy ប្រធានាធិបតីទី៣៥ របស់សហរដ្ឋអាមេរិកដល់យុវជន៖ «សូមកុំសួរថាប្រទេសរបស់អ្នកបានធ្វើអ្វីសម្រាប់អ្នក ត្រូវសួរថា តើអ្នកបានធ្វើអ្វីសម្រាប់ប្រទេសរបស់អ្នក» “Ask not what your country can do for you, ask what you can do for your country”។

-សម្ដេចធិបតី​ ថ្លែងថា​ ការពង្រឹងធនធានមនុស្ស គឺយើងត្រូវយកចិត្តទុកដាក់ទៅលើទាំងបរិមាណ និងគុណភាព។ បរិមាណ សំដៅលើគុណភាពដែលពលរដ្ឋខ្មែរអាចមានលទ្ធភាពរៀន និងបើកឱកាសឱ្យបានច្រើនឱ្យពលរដ្ឋអាចរៀនសូត្របានដែលរដ្ឋបានខិតខំបើកសាលារៀនទៅដល់មូលដ្ឋាន។ ចំណែក គុណភាព គឺនិយាយអំពីកម្រិតពីថ្នាក់មូលដ្ឋានដល់ថ្នាក់ឧត្តមសិក្សា និងការពង្រឹងគុណភាពគ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់។

-សម្ដេចធិបតី​ ថ្លែងថា​ ការបណ្ដុះបណ្ដាលធនធានមនុស្សដែលមានគុណភាព សំខាន់បំផុត គឺត្រូវមានធនធានគ្រូបង្រៀនដែលមានគុណភាពខ្ពស់ និងគំនិតច្នៃប្រឌិត ជាពិសេសជំនាញ នៅក្នុងបរិវត្តកម្មឌីជីថល បច្ចេកវិទ្យានេះឯង គឺគ្រូបង្រៀនត្រូវចេះប្រើប្រាស់ មិនអាចយកឯកសារកាលពី១០ឆ្នាំមុន មកបង្រៀនសិស្សនោះទេ។

-សម្ដេចធិបតី​ ថ្លែង​បញ្ជាក់ឡើងវិញថា ការជ្រើសរើសគ្រូបង្រៀន ត្រូវច្បាស់ថា ជ្រើសរើសសម្រាប់កន្លែងដែលខ្វះខាតពិតប្រាកដ ជាពិសេសនៅតាមជនបទឆ្ងាយ ខណៈកន្លែងខ្លះពេលលោកគ្រូអ្នកគ្រូចូលនិវត្តន៍ គឺពិបាករកគ្រូទៅបំពេញណាស់ ដូច្នេះ សម្ដេចបានផ្ដល់គោលការណ៍ដល់ក្រសួងរួចហើយ ដើម្បីគាំទ្រដល់គ្រូនៅជនបទ។

-សម្ដេចធិបតី​ ថ្លែងថា ការជ្រើសរើសគ្រូនៅនៅជនបទ បើជ្រើសរើសគ្រូវ័យក្មេងជំនួសមិនទាន់បាន យើងត្រូវយកគ្រូចូលនិវត្តន៍ ដើម្បីបំពេញចន្លោះ គឺជាការចាំបាច់ និងត្រូវលើកទឹកចិត្ត។

-សម្ដេចធិបតី​ សង្កេតឃើញថា ចលនានៃការអានសៀវភៅនេះ គឺល្អណាស់ ខណៈកាលពីសម័យមុនមិនសូវសម្បូរសៀវភៅ ឬឯកសារអានទេ ប៉ុន្ដែឥឡូវនៅតាមសាលារៀននីមួយៗ មានសៀវភៅសច្រើនសម្រាប់ជំនួយការអាន និងរៀនបន្ថែមដល់សិស្ស។

-សម្ដេចធិបតី​ ថ្លែង​អរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្គួចផ្ដើមទិវាអំណានឡើង ដើម្បីជំរុញការអានដល់សិស្ស ខណៈនៅថ្ងៃទី១១ខែមីនានេះ ក្រសួងកំពុងប្រារព្ធទិវាជាតិអំណានលើកទី១០ ក្រោមប្រធានបទ «ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។

-សម្ដេចធិបតី​ ថ្លែងថា​៖«រៀននៅសាលាបានសញ្ញាបត្រ ប៉ុន្ដែយើងចេញទៅធ្វើការបានសញ្ញាឃើញ»។ រៀនៅសាលាយើងទទួលបានបទពិសោធន៍របស់អ្នកផ្សេង ប៉ុន្ដែមិនមែនជាបទពិសោធន៍របស់យើងទេ ប៉ុន្ដែយកវាមកបំប្លែងដកពិសោធន៍សម្រាប់ការងារអនុវត្តជាក់ស្ដែងរបស់យើង។

-សម្ដេចធិបតី​ ថ្លែងថា​ «ពេលរៀនៗក្បួនកុំរៀនផ្លូវកាត់ ពីព្រោះពេលអនុវត្តគឺយើងត្រូវយកក្បួនទៅអនុវត្តទើបយើងធ្វើការត្រូវគ្នា»។

-សម្ដេចធិបតី​ ថ្លែងថា​«រៀននៅសាលាជួយយើងច្រើនឱ្យទទួលបានជំនាញរឹង ប៉ុន្ដែយើងចេញមកធ្វើការ និងអានសៀវភៅបន្ថែម ធ្វើឱ្យយើងទទួលបានជំនាញទន់ ឬហៅថា ការអភិវឌ្ឍខ្លួនឯង​ ខណៈសម្ដេចផ្ទាល់បានអនុវត្តវិធីបែបនេះ ជាពិសេសការអានសៀវភៅនេះ គឺបានជួយដល់ការងារសម្ដេចជាច្រើន។

-សម្ដេចធិបតី​ ថ្លែងថា​ «កសាងសមត្ថភាពខ្ពស់ បងប្អូនកំពុងត្រៀមខ្លួន ដើម្បីទទួលបានឱកាស ដូច្នេះសូមបងប្អូនកុំបាក់ទឹកចិត្ត ប៉ុន្ដែត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាពខ្លួនឯង ស្វ័យសិក្សា ស្វ័យពិនិត្យ»។

-សម្ដេចធិបតី ថ្លែង​ណែនាំទៅកាន់និស្សិតទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថាការពង្រឹងសមត្ថភាព ពង្រឹងខ្លួនឯងពិតជាសំខាន់ណាស់ ព្រោះគ្រប់ការងារគឺត្រូវការអ្នកមានសមត្ថភាពពិតប្រាកដ។

-សម្ដេចធិបតី ថ្លែងថា​ «ពេលរៀន រៀនក្បួន កុំរៀនផ្លូវកាត់ ពីព្រោះពេលអនុវត្ត គឺយើងត្រូវយកក្បួនទៅអនុវត្តទើបយើងធ្វើការត្រូវគ្នា»។

-សម្ដេចធិបតី​ ថ្លែងថា​ ការរៀបចំអង្គរសង្ក្រាន្តនៅសៀមរាប គឺដើម្បីទាក់ទាញទេសចរ ជាពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋ នៅខេត្តសៀមរាប ផ្ទាល់ ផ្ទុយពីការលើកឡើងរបស់វិទ្យុបរទេស ដែល​បំផុសបំផុល​ឱ្យពលរដ្ឋភាន់ច្រឡំ លើការរៀបចំព្រឹត្តិការណ៍នេះ។

-សម្ដេចធិបតី​ ថ្លែងថា​ កម្ពុជាកំពុងរៀបចំដាក់ព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ចូលក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្កូ ហើយការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះ ក៏ជាផ្នែកមួយនៃការជំរុញលើកិច្ចការងារនេះដែរ។

-សម្ដេចធិបតី ថ្លែងថា​ «កុំបាក់ទឹកចិត្ត ខិតខំអភិវឌ្ឍន៍សមត្ថភាពខ្លួនឯង ស្វ័យសិក្សា ស្វ័យពិនិត្យ ត្រៀមខ្លួនទទួលឱកាស»។

-សម្ដេចធិបតី ថ្លែងថា «រៀននៅសាលាជួយយើងទទួលបានជំនាញរឹង ពេលចេញធ្វើការ និងអានសៀវភៅបន្ថែម ធ្វើឱ្យយើងទទួលបានជំនាញទន់ ឬហៅថា ការអភិវឌ្ឍខ្លួនឯង»។

-សម្ដេចធិបតី ថ្លែង​បង្ហើបឱ្យដឹងពីការលុបចោលគម្រោងបង្កើតរីសត នៅតំបន់ក្នុងខេត្តកំពង់ស្ពឺ ដើម្បីទុកលទ្ធភាពឱ្យពលរដ្ឋក្នុងសហគមន៍ធ្វើជាផ្ទះស្នាក់ រកចំណូលបានពីការផ្ដល់សេវាកម្មជូនភ្ញៀវទេសចរ។

-សម្ដេចធិបតី ថ្លែងថា​ មូលហេតុដែលឡើងទៅទៅភ្នំខ្នងផ្សារ គឺដើម្បីពិនិត្យពីសក្ដានុពលជាក់ស្ដែងនៃវិស័យទេសចរណ៍កម្ពុជា មិនមែនសម្ដេចមានពេលទំនេរពេក ដូចការលើកឡើងរបស់ក្រុមដែលមាននិន្នាការប្រឆាំងឡើយ។

...

-សម្ដេចធិបតី ថ្លែងបន្ថែមថា​ ការឡើងទៅភ្នំខ្នងផ្សារ ដើម្បីពិនិត្យលទ្ធភាព សក្ដានុពលវិស័យទេសចរណ៍ រៀបចំពិធីបុណ្យភ្នំ បន្ថែមពីព្រឹត្តិការណ៍បុណ្យសមុទ្រ បុណ្យទន្លេ ដែលមានស្រាប់ ដើម្បីទាក់ទាញភ្ញៀវទេសចរ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print