ចិន៖ លទ្ធផលនៃមហាសន្និបាតសភាទាំងពីរ បានបញ្ជូនសញ្ញាយ៉ាងច្បាស់ដល់ពិភពលោកថា ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោក ប្រទេសចិននឹងប្តេជ្ញាចិត្តយ៉ាងរឹងមាំ ក្នុងការលើកកម្ពស់ការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍ ដោយផ្តោតសំខាន់លើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសកម្លាំងផលិតកម្មគុណភាពថ្មី ក្នុងយុគសម័យថ្មី។
នេះមិនមែនគ្រាន់តែជាជម្រើសយុទ្ធសាស្រ្តសម្រាប់ចិន ដើម្បីឆ្លើយតបទៅនឹងភាពមិនច្បាស់លាស់សកលដែលកំពុងកើនឡើង និងលើកកម្ពស់កិត្យានុភាពជាតិទេ ប៉ុន្តែគឺជាចក្ខុវិស័យប្រកបដោយបរិវត្តន៍កម្ម ដែលនឹងផ្តល់ឧត្តមប្រយោជន៍ដល់ការរីកចម្រើនសង្គម-សេដ្ឋកិច្ច សម្រាប់ដំណើរឆ្ពោះទៅសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ផងដែរ។
មិនថាស្ថានការណ៍ពិភពលោកមានការប្រែប្រួលឆាប់រហ័សយ៉ាងណា រដ្ឋាភិបាលចិននៅតែប្រកាន់ជំហរឥតងាករេ ក្នុងការពង្រឹងការអភិវឌ្ឍប្រកបដោយគុណខ្ពស់ និងចាត់ទុក “នវានុវត្តន៍” គឺជាកម្លាំងជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច។ ដូចបានរំលេចក្នុងរបាយការណ៍ការងាររដ្ឋាភិបាលចិនដែលមានកម្រាស់ ៤៤ ទំព័រ រដ្ឋាភិបាលចិនបានសង្កត់ធ្ងន់លើការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ស្របតាមលក្ខខណ្ឌក្នុងស្រុក ខណៈលើកកម្ពស់បច្ចេកវិទ្យាកម្រិតខ្ពស់ ការបណ្តុះទេពកោសល្យ និងការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធឧស្សាហកម្ម ដើម្បីវិវត្តខ្លួនក្លាយទៅជាប្រទេសឈានមុខក្នុងនវានុវត្តន៍សកល។
អ្វីដែលសហគមន៍អន្តរជាតិកោតសរសើរ និងមើលឃើញជាទូទៅនោះគឺថា ចិនគឺជាប្រទេសដែលហ៊ាននិយាយ ហើយហ៊ានធ្វើ។ គ្រប់ផែនការដែលចិនបានដាក់ចេញ តែងត្រូវបានអនុវត្តជាមួយនឹងសកម្មភាពជាក់ស្តែង ហើយរមែងទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់។ ជាមួយនឹងកិច្ចប្រឹងប្រែងជាបន្តបន្ទាប់ ប្រទេសចិនបានសម្រេចនូវវឌ្ឍនភាពសំខាន់ៗជាច្រើន នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ដែលរាប់ចាប់តាំងពីបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាឆ្លាតវៃ រថភ្លើងល្បឿនលឿន យន្តហោះពាណិជ្ជកម្ម ឧស្សាហកម្មមនុស្សយន្ត យានយន្តដើរដោយថាមពលបង្កើតថ្មី រហូតដល់បច្ចេកវិទ្យាជីវសាស្ត្រ និងថាមពលបៃតង។
កាន់តែគួរឱ្យកោតស្ញប់ស្ញែងនោះគឺថា វាលខ្សាច់ល្វឹងល្វើយក្នុងប្រទេសចិន ជាពិសេសនៅ Kubuqi ត្រូវបានកែប្រែក្លាយទៅជាវាលស្មៅពណ៌ខៀវស្រងាត់ ដោយសារតែការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងបច្ចេកទេសកែលម្អដី និងការប្រើប្រាស់ពូជរុក្ខជាតិដែលធន់នឹងគ្រោះរាំងស្ងួត។ លើសពីនេះ ការលេចចេញឡើងនូវវត្តមានក្រុមហ៊ុន AI របស់ចិនឈ្មោះថា “Deepseek” ដែលមានឯកទេសក្នុងការអភិវឌ្ឍគំរូភាសាធំៗ ជាមួយនឹងប្រភពបើកចំហរ និងសមត្ថភាពខ្ពស់ បានបង្ករការភ្ញាក់ផ្អើលដល់សហគមន៍អន្តរជាតិ និងបានរួមចំណែកដល់ការបង្កើតទិដ្ឋភាពថ្មីសម្រាប់ AI សកល ព្រមទាំងជំរុញការប្រកួតប្រជែងនៅក្នុងវិស័យនេះ។
ផ្អែកលើទស្សនៈថា “ព្រិលទឹកកកក៏ជាភ្នំមាស ភ្នំប្រាក់” ប្រទេសចិនបានទាញយកដោយជោគជ័យនូវសក្តានុពលនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដើម្បីកែប្រែធនធានរដូវរងាររបស់ខ្លួនឱ្យក្លាយទៅជាទ្រព្យសម្បត្តិសេដ្ឋកិច្ច និងបានវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់លើវិស័យទេសចរណ៍រដូវរងា ការពង្រីកឧស្សាហកម្មកីឡាព្រិល និងទឹកកក ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ។ ជាលទ្ធផល ប្រទេសចិនបានធ្វើជាម្ចាស់ផ្ទះដោយជោគជ័យ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាលើកទី៩កាលពីពេលថ្មីៗនេះ ខណៈប្រជាប្រិយភាព នៃកីឡារដូវរងាក្នុងប្រទេសចិនក៏ចាប់ផ្តើមមានសន្ទុះគួរឱ្យកត់សម្គាល់។ ទំហំសេដ្ឋកិច្ចទឹកកកចិន ត្រូវបានរំពឹងទុកថានឹងកើនលើសពី ១ ទ្រីលានយ័ន នៅត្រឹមឆ្នាំ២០២៥ និង ១,៥ ទ្រីលានយ័ន នៅត្រឹមឆ្នាំ២០៣០។ ភាពជោគជ័យរបស់ចិននៅក្នុងវិស័យសេដ្ឋកិច្ចទឹកកកនេះ គឺជាគំរូនៃ “កម្លាំងផលិតកម្មគុណភាពថ្មី” តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលបានក្លាយទៅជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។
ពិតណាស់ថា សមិទ្ធផលលេចធ្លោខាងលើនេះគឺពុំកើតឡើងដោយចៃដន្យទេ ប៉ុន្តែជាលទ្ធផលដែលបានមកពីកិច្ចប្រឹងប្រែង និងកម្លាំងសាមគ្គីភាពរបស់ប្រជាជនចិន ទាំង ១,៤ ពាន់លាននាក់ និងថ្នាក់ដឹកនាំចិនគ្រប់ជាន់ថ្នាក់ ជាពិសេសក្រោមការដឹកនាំដ៏រឹងមាំរបស់លោកប្រធានរដ្ឋចិន ស៊ី ជីនពីង។ ភាពជោគជ័យរបស់ចិនក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍ មិនត្រឹមតែបានក្លាយទៅជាមោទកភាពជាតិសម្រាប់ប្រជាជនចិនទេ តែក៏រួមចំណែកដល់ការអភិវឌ្ឍសកលផងដែរ។
ក្នុងនាមជាប្រទេសឈានមុខគេមួយក្នុងការអភិវឌ្ឍ AI ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការបង្កើតអភិបាលកិច្ច AI សកល។ ការដាក់ចេញនូវគំនិតផ្តួចផ្តើមអភិបាលកិច្ច AI សកល ដោយលោកប្រធាន ស៊ី កាលពីឆ្នាំ២០២៣ បានបង្ហាញពីជំហរប្រកបដោយបុរេសកម្មរបស់ចិន ក្នុងការដោះស្រាយគម្លាតនៃប្រព័ន្ធឌីជីថលសកលដែលកំពុងបន្តកើនឡើង និងរួមចំណែកដល់ការកសាងសមត្ថភាព AI របស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធានាឱ្យបាននូវអភិបាលកិច្ច AI ប្រកបដោយអភិសមាចារ និងបរិយាបន្ន សម្រាប់ប្រជាជាតិទាំងអស់។
ជារួម ការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការលើកកម្ពស់ការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍ នឹងក្លាយទៅជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ដំណើរឆ្ពោះទៅសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដែលនឹងមិនត្រឹមតែពង្រឹងកិត្យានុភាពរបស់ចិននោះទេ ប៉ុន្តែក៏នឹងនាំមកនូវឧត្តមប្រយោជន៍ដល់ពិភពលោកទាំងមូល ក្នុងយុគសម័យថ្មីនៃបដិវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ផងដែរ៕
ប្រភពដោយ៖ លោក ហ៊ូ ចំរើន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា