ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីចំនួន ៤ ៤២៦នាក់ (នារី ៣ ៩២៤នាក់) កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃអង្គារ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ថា៖ ប្រទេសមួយខ្លាំងបាន លុះត្រាតែមានមូលធនមនុស្សខ្លាំង, ប្រទេសមួយមានអារ្យធម៌រុងរឿងបាន លុះត្រាតែមានមូលធនមនុស្សពូកែ។
សម្តេចបន្តថា ការកសាងសង្គមជាតិមួយឱ្យរុងរឿង ទាមទារឱ្យមានស្ថិរភាព, សង្គតិភាព និងការពូនជ្រំសមិទ្ធផល, រក្សាសមិទ្ធផលចាស់ បង្កើនសមិទ្ធផលថ្មី, ប្រមូលផ្តុំកម្លាំង និងចំណេះដឹង ចំណេះធ្វើ ពីមួយជំនាន់ ទៅមួយជំនាន់ ។ ប្រសិនបើសង្គមមួយដែលរវល់តែឈ្លោះគ្នា, បែកបាក់គ្នា, មានសង្គ្រាមរ៉ាំរ៉ៃ, មានការផ្លាស់ប្តូររបបគ្រប់គ្រងឥតឈប់, និងមាន
ភាពរកាំរកូសជាមួយប្រទេសជិតខាង, សង្គមនោះ ពិតជាគ្មានពេលវេលា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់, កសាងស្ថាប័ន និង កសាងសមត្ថភាពនៃមូលធនមនុស្សរបស់ខ្លួនបានឡើយ។ សង្គមបែបនោះ ប្រឈមនឹងការខាតបង់នូវធនធានជាច្រើន ដើម្បីគាំទ្រដល់ការប្រយុទ្ធតតាំងគ្នា ជាជាងការកសាងជាតិ ។ បើសង្គមមួយមានសន្តិភាព និងស្ថិរភាព, ប៉ុន្តែ សង្គមទាំងមូលមិនបានផ្តល់តម្លៃលើការសិក្សាអប់រំ ហើយពលរដ្ឋមិនខិតខំកសាងសមត្ថភាពរបស់ខ្លួន, សង្គមនោះនឹងមានធនធានមនុស្សទន់ខ្សោយ, ខ្វះឯករាជ្យម្ចាស់ការ, មិនមានភាពប្រកួតប្រជែង, និងក៏មិនអាចរីកចម្រើនជឿនលឿន បានដែរ ។
បន្ថែមលើនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាការពង្រឹងធនធានមនុស្ស គឺដើម្បីបង្កើនផលិតភាព បង្កើនចំណូល និងផលប្រយោជន៍ សំដៅធានាដល់ការប្រកួតប្រជែង និង លើកកម្ពស់កម្លាំងធ្វើការបំពេញទីផ្សារការងារ ស្របតាមបរិការណ៍នៃការអភិវឌ្ឍប្រទេស និងជីវភាពរបស់ប្រជាជន។ ការពង្រឹងធនធានមនុស្ស គឺត្រូវពង្រឹងទាំងបរិមាណ និងគុណភាព ដែល៖ ១/ បរិមាណ គឺសំដៅការបើកឱកាសឱ្យបានច្រើនដល់ប្រជាពលរដ្ឋ និង ២/ គុណភាព គឺសំដៅការពង្រឹងគុណភាពសិក្សា គុណភាព និងគុណវុឌ្ឍិគ្រូ ព្រមទាំងភាពច្នៃប្រឌិត។ ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា យើងអាចធានាបរិមាណគ្រូបង្រៀន តាមរយៈការផ្តល់ឱកាសដល់លោកគ្រូ អ្នកគ្រូដែលចូលនិវត្តន៍ តែនៅមានឆន្ទៈ, មានសុខភាពល្អ, ជាមួយនឹងបទពិសោធន៍ និង គុណវុឌ្ឍិខ្ពស់, ប៉ុន្តែសម្រាប់បំពេញតែកន្លែងណាដែលខ្វះប៉ុណ្ណោះ។ ចំពោះលក្ខខណ្ឌក្នុងការជ្រើសរើសលោកគ្រូ អ្នកគ្រូចូលនិវត្តន៍នេះ ត្រូវឈរលើគោលការណ៍៖ ទី១/ បំពេញតែកន្លែងដែលខ្វះខាត និងខ្វះជំនាញពិតប្រាកដ ស្របតាមតម្រូវការ ហើយជ្រើសរើសកំណត់តាមនិយាម និងលក្ខខណ្ឌដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា ច្បាស់លាស់, និង ទី២/ កិច្ចការនេះ គឺជាការបំពេញត្រឹម
រយៈពេលខ្លី រហូតទទួលបានគ្រូថ្មីមកជំនួស។
មុននឹងបញ្ចប់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី លើកទឹកចិត្តដល់ការអានសៀវភៅ ដោយជំរុញឱ្យឪពុកម្តាយ អាណាព្យាបាល ខិតខំបង្កលក្ខណៈដល់កូនៗរបស់ខ្លួនក្នុងការអានសៀវភៅ ហើយសូមក្រសួងអប់រំ យុវជន និងកីឡា ត្រូវខិតខំជំរុញកម្មវិធីពាក់ព័ន្ធនឹងការអានឱ្យបានច្រើនបន្ថែមទៀត។ ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរដល់យុវជនដែលបានរៀបចំបណ្ណាល័យចល័ត លើកកម្ពស់ការអានទៅដល់មូលដ្ឋាន និងលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានី-ខេត្ត បន្តរៀបចំសកម្មភាពសិក្សា និងការអានសៀវភៅ ឱ្យកាន់តែច្រើនបន្ថែមទៀត។
ជាទីបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចបន្ថែមថា ការរៀននៅសាលាគឺទទួលបានសញ្ញាបត្រ តែការចេញទៅធ្វើការគឺទទួលបានសញ្ញាឃើញ។ ដូច្នេះ, យើងទាំងអស់គ្នាត្រូវខិតខំរៀនសូត្របន្ថែម និងត្រូវរៀនពេញមួយជីវិត។ សញ្ញាបត្រជួយបើកទ្វារឱ្យយើងចូលទៅកន្លែងធ្វើការ តែសញ្ញាឃើញគឺជួយឱ្យយើងឡើងជណ្តើរម្តងមួយកាំៗ និងរីកចម្រើនទៅមុខទៀត តាមរយៈការរៀនមិនឈប់ឈរ និងការរៀនពីគ្រប់មនុស្សនៅជុំវិញខ្លួនយើង៕
ដោយ ៖ សិលា