ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំសហការីទៅត្រួតពិនិត្យសកម្មភាពការងារបង្កបង្កើនផលដាំដំណាំបន្លែបង្ការ របស់ការិយាល័យអភិវឌ្ឍន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់ផ្គត់ផ្គង់ផ្ទះហូបបាយនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។
លោកវរសេនីយ៍ទោ ហួន ប៊ុនចែម នាយការិយាល័យអភិវឌ្ឍន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍បញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ការិយាល័យអភិវឌ្ឍន៍មានភារកិច្ចដាំបន្លែបង្ការ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ផ្ទះហូបបាយសមូហភាពនៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយកន្លងមកបានចិញ្ចឹមគោចំនួន២០ ក្បាល និងដាំបន្លែបង្ការផ្សេងៗសម្រាប់ផ្គត់ផ្គង់ជូនផ្ទះបាយសមូហភាពនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព ឱ្យកាន់តែប្រសើរឡើង។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះការិយាល័យអភិវឌ្ឍន៍ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងការចិញ្ចឹមសត្វ និងបានដាំបន្លែបង្ការផ្សេងៗផ្គត់ផ្គង់ផ្ទះហូបបាយ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងបានផ្ដល់ជូនផ្ទះហូបបាយរបស់កងទ័ព ដែលបានប្រមូលផ្ដុំហ្វឹកហ្វឺន នៅទីបញ្ជាការកងវរសេនាុតូចលេខ៤៤៨ នាពេលកន្លងទៅ បានយ៉ាងល្អប្រសើរ ផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ភារកិច្ចបន្ថែម ជូនការិយាល័យអភិវឌ្ឍ ត្រូវបន្តសកម្មភាពក្នុងការបង្កបង្កើនផល ដាំបន្លែបង្ការ និងចិញ្ចឹមសត្វ ដើម្បីផ្ដល់ជូនដល់ផ្ទះហូបបាយសមូហភាព និងសម្រាប់រៀបចំពិធីជប់លៀងផ្សេងៗ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ៕ដោយ៖តារា