ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពី

លទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ។

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបាននាំយកនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ថ្នាក់ ដឹកនាំរដ្ឋាភិបាលឥណ្ឌាជូនចំពោះសម្តេចបវរធិបតី ផងដែរ។ លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនងយូរអង្វែងរវាងឥណ្ឌា និងកម្ពុជា ដោយលោក បានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានចំណងមិត្តភាព សាមគ្គីភាព និងជាប្រពៃណីជាយូរណាស់មកហើយ។ លោកឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា កម្ពុជា គឺជាដៃគូដ៏ សំខាន់មួយរបស់ឥណ្ឌា។ ដោយយោងលើទំនាក់ទំនងជាច្រើនទសវត្សរ៍ ភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុង វិស័យនានា និងសក្តានុពលជាច្រើនទៀត លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ទំនាក់ទំនងឥណ្ឌា-កម្ពុជាគួរ ត្រូវបានលើកកម្រិតឱ្យកាន់តែខ្ពស់ថែមទៀត។

ជាការឆ្លើយតប សម្តេចបវរធិបតី បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាព នៃទំនាក់ទំនងកម្ពុជា-ឥណ្ឌា ព្រមទាំងថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា ជាពិសេស ការបណ្តុះបណ្តាល និងការកសាងធនធានមនុស្ស។ សម្តេចបវរធិបតី បានគូសបញ្ជាក់ថា កម្ពុជា-ឥណ្ឌា នៅមានវិស័យសក្តានុពលជាច្រើនទៀត ដែលជាឱកាស នៃការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជា ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។ សម្តេចបវរធិបតី ក៏បានបង្ហាញនូវជំនឿជឿជាក់ថា តួនាទីរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ។
សម្តេចបវរធិបតី និង លោកឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីសក្តានុពលសម្រាប់ការពង្រីកកិច្ចសហ ប្រតិបត្តិការលើវិស័យជាច្រើន មានជាអាទិ៍៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការពារជាតិ និងសន្តិសុខ ទេសចរណ៍ និងវប្បធម៌ លទ្ធភាពនៃការបង្កើនជើងហោះហើរត្រង់ឥណ្ឌា-កម្ពុជា ព្រមទាំងការជំរុញការតភ្ជាប់រវាង ប្រជាជននិងប្រជាជន ក៏ដូចជា រវាងធុរជននិងធុរជន។ សម្តេចបវរធិបតី បានលើកទឹកចិត្ត លោក ឯកអគ្គរដ្ឋទូត បង្កើតទំនាក់ទំនង និងសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា ដើម្បីជំរុញឱ្យ កាន់តែខ្លាំងក្លាថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print