ភ្នំពេញ៖ បុរសម្នាក់បានសន្លប់បាត់ស្មារតី និងម្នាក់ទៀតរបួសក្បាល បន្ទាប់ពីជិះម៉ូតូបុកគ្នានៅត្រង់ផ្លូវបំបែកជាបួន កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ១៨២(ទេពផន) កែងនិង២៥៧ ក្នុងសង្កាត់ទឹកល្អក់ទី០៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបានឃើញបុរសវ័យចំណាស់ម្នាក់បានជិះម៉ូតូម៉ាក SUZUKI Let’s មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1CP-7022 ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៨២ (ទេពផន) ទិសដៅពីលិចមកកើត ក្នុងល្បឿនមធ្យម លុះធ្វើដំណើរដល់ចំណុចផ្លូវបំបែកជាបួនជាកន្លែងកើតហេតុ ក៏ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូ SUZUKI NEX ពណ៌ស មួយគ្រឿងលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៥៧ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ដោយជិះខ្វះការប្រុងប្រយ័ត្នក៏ទៅបុកចំពាក់កណ្ដាលម៉ូតូខ្ទាតម៉ូតូទាំង២គ្រឿងលើចិញ្ចើមផ្លូវម្ខាង បណ្ដាលឲ្យភាគីខាងម៉ូត NEX សន្លប់ស្ដូតស្ដឹង ចំណែកភាគីម៉ូតូ Let’s រងរបួសបែកក្បាល ភ្លាមៗនោះ ពលរដ្ឋក៏ទាក់ទងទៅរថយន្ដសាមុយយកជនរងគ្រោះទាំង២ទៅមន្ទីពេទ្យលោកសង្ឃផងដែរ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាសវែង យកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយគ្នាពេលក្រោយ ៕ដោយ ៖ ភារ៉ា ដង្កោ