ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រាប់ទៅក្រុមតាំងខ្លួនសេ្នហាជាតិនៅខាងក្រៅប្រទេសថា បើក្លាហានចូលមកកម្ពុជាមក ហើយសម្តេចនឹងបញ្ចូលជាទាហាន ហើយបើចង់បានសព្វាវុធបែបណា សម្តេចនឹងបំពាក់ជូនទៀត ដើម្បីឱ្យទៅប្រចាំការ៦ខែនៅប្រាសាទតាមាន់ទល់មុខជាមួយទាហានថៃតែម្តង។
សម្តេចធិបតីធិបតីថា បើខ្លាំងណាស់ចូលមក ហើយទៅប្រចាំការនៅជួរមុខ នោះនឹងយល់ពីអារម្មណ៍ទាហានកំពុងប្រចាំការនៅទីនោះហើយ។ បើតាមសម្តេចធិបតី នាយករដ្ឋមន្រ្តី មិនមែនទាហានកម្ពុជាខ្លាចទាហានថៃនោះទេ ប៉ុន្តែ ពួកគាត់ដឹងច្បាស់ថា ច្បាំងគ្នាមិនមែនជាជម្រើសល្អក្នុងការដោះស្រាយបញ្ហាព្រំដែនឡើយ។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់សមាគមឧកញ៉ាកម្ពុជា នារសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា«បើអ្នក ស្នេហាជាតិនោះ ហើយបើចង់ចូលមក ខ្ញុំធានាថាអត់មានការចាប់ខ្លួនទេ ចូលមកខ្ញុំរៀបចំឲ្យមួយកងអនុ សេនាតូចឲ្យ ខ្ញុំឲ្យក្របខណ្ឌកងទ័ពទៅ ខ្ញុំបំពាក់អាវុធចង់បានប្រភេទអ្វីក៏បានដែរ….ហើយខ្ញុំរុញទៅមុខ ឈរនៅតាមាន់ធំ៦ខែនៅទីនោះតែម្តង។ ទៅឈរជើងនៅទីនោះថាតើអារម្មណ៍របស់កងទ័ពយ៉ាងម៉េច? សួរថាពួកគាត់មិនមែនជាអ្នកស្នេហាជាតិមែនទេ?»។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា កម្ពុជាគ្មានអ្វីត្រូវខ្លាចទេ ប៉ុន្តែរាជរដ្ឋាភិបាល ចង់បានការដោះស្រាយ និងការចរចាគ្នាដោយសន្តិវិធី ខណៈការបាញ់គ្នាវានាំមកនូវសេចក្តីវិនាស និងលំ បាកដល់ប្រជាជនទាំងសងខាងតែប៉ុណ្ណោះ។ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា កម្ពុជាគ្មានខ្លាចប្រទេសណាមួយឡើយ ហើយបើហ៊ានចូលឈ្លានពានទឹកដីកម្ពុជា គឺរាជរដ្ឋាភិបាល នឹងចាត់វិធានការភ្លាម ដោយគ្រប់វិធីសាស្រ្តទាំងអស់ រួមទាំងការប្រើប្រាស់កម្លាំងយោធាផងដែរ ដើម្បីការពារខ្លួន ការពារទឹកដី ការពារដែនអធិបតេយ្យរបស់កម្ពុជានោះ៕
ដោយ ៖ សិលា