ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាល់ការអំពាវនាវរបស់រាជរដ្ឋាភិបាល តែងតែមានការជូលរួមពីសមាគមឧកញ៉ា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា នៅគ្រប់ស្ថានភាពទាំងអស់ ជាពិសេសសកម្មភាពចូលរួមជាមួយកាកបាទក្រហមកម្ពុជា និងសកម្មភាពសប្បុរសធម៌នៅក្នុងសង្គមជាច្រើនទៀត។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់លោកឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា ជានិច្ចកាលតែងតែចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការងារសង្គម ជួយដល់កាកបាទក្រហមកម្ពុជា ក៏ដូចជាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាជាដើមនោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ភាពជោគជ័យរបស់សមាគមឧកញ៉ា បានចូលរួម ចំណែកយ៉ាងសំខាន់ចំពោះការរីកចម្រើនរបស់ប្រទេសជាតិយើង ជាពិសេសគឺចែករំលែកនូវការ រីកចម្រើនទាំងអស់នោះជាមួយប្រជាជនកម្ពុជាទាំងមូលផងដែរ។
សម្ដេចធិបតី បានបន្តថា សម្ដេចអាចនឹងអញ្ជើញលោកអ្នកឧកញ៉ា, លោកឧកញ៉ា និងឧកញ៉ាមួយចំនួនជាទីប្រឹក្សារបស់សម្ដេច ដើម្បីផ្ដល់យោបល់លើវិស័យផ្សេងៗ ខណៈសម្ដេចតែងតែទទួលយោបល់ពីវិស័យឯកជនដែលបានផ្ដល់ជូនមកសម្ដេចដោយត្រង់ៗតែម្ដង។ ជាមួយគ្នានេះ សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់វិស័យឯកជនវិនិយោគលើការផលិតផលិតផលនានាដែលជាធាតុបង្គុំផ្សេងៗ សម្រាប់ប្រើប្រាស់ក្នុងស្រុកជាជាងការនាំចូលពីក្រៅប្រទេស សម្រាប់ការផ្គត់ផ្គង់ដល់ខ្សែច្រវាក់ផលិតកម្មរបស់កម្ពុជា។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកវិស័យឯកជនគឺជាដៃគូដ៏សំខាន់មិនអាចខ្វះបានចំពោះការអភិវឌ្ឍសង្គមជាតិកម្ពុជា ជាពិសេសនៅក្នុងអាណត្តិទី៧នេះ សម្ដេចធិបតី បានផ្ដល់នូវគោលការ ការអនុគ្រោះ និងការគាំទ្រជាច្រើនចំពោះវិស័យឯកជន និងវិនិយោគិនបរទេសដែលចង់មកធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា៕
ដោយ ៖ សិលា