ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសយ៉ាងច្បាស់ថា កម្ពុជាអត់«ខ្លាច»ប្រទេសណាមួយឡើយ បើហ៊ានចូលឈ្លានពានទឹកដីកម្ពុជា គឺរាជរដ្ឋាភិបាល នឹងចាត់វិធានការតបតវិញភ្លាមទាំងគ្រប់វិធីសាស្រ្តទាំងអស់ រួមទាំងការប្រើប្រាស់កម្លាំងយោធាផងដែរ ដើម្បីការពារខ្លួន ការពារទឹកដី ការពារដែនអធិបតេយ្យរបស់កម្ពុជា។ ប៉ុន្តែ រាជរដ្ឋាភិបាលតែងតែស្វែងរកវិធីដោះស្រាយដោយសន្តិវិធី មិនចង់យកកម្លាំងយោធាមកដោះស្រាយគ្នាឡើយ តែក៏មិនខ្លាចនឹងប្រើប្រាស់ដែរ បើក្នុងករណីចាំបាច់នោះ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «របៀបរបបយើង (រាជរដ្ឋាភិបាលកម្ពុជា) ធ្វើការក្នុងនាមជារាជរដ្ឋាភិបាល ការការពាររបស់យើង គឺប្រកាន់ខ្ជាប់នូវការដោះស្រាយដោយសន្ដិវិធី ប្រើមូលដ្ឋានច្បាប់ ការចរចា ការទូតរបស់យើង ច្បាប់អន្ដរជាតិ ប៉ុន្ដែត្រៀមលក្ខណៈគ្រប់ពេល បើសិនជាមានការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដើម្បីឈ្លានពានទឹកដីកម្ពុជា កម្ពុជារក្សាសិទ្ធិដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន ប្រើប្រាស់គ្រប់មធ្យោបាយទាំងកម្លាំងប្រដាប់អាវុធ ខ្ញុំបានបញ្ជាក់ហើយ ខ្ញុំសូមបញ្ជាក់បន្ថែមទៀត»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, បញ្ហាទឹកដី រាជរដ្ឋាភិបាលកម្ពុជា មិនដែលបាន ព្រងើយ កន្តើយនោះឡើយ។ ជាក់ស្តែងឆ្នាំ២០០៨ រាជរដ្ឋាភិបាល មិនបានស្រែកនោះទេនៅតាមបណ្ដាញសង្គមនោះទេ តែកម្ពុជាបានឆ្លើយតបដោយកម្លាំងប្រដាប់អាវុធភ្លាមៗ នៅពេលភាគីថៃបានប្រើប្រាស់កម្លាំងប្រដាប់អាវុធដោយបំពាន ចូលមកឈ្លានពានទឹកដីកម្ពុជា។
ឆ្លើយតបជាមួយបញ្ហាដែលកំពុងឡើងកម្ដៅ ពាក់ព័ន្ធរឿងប្រាសាទតាមន្ដធំនោះ ក៏ដូចជារឿងព្រះវិហារដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលមិនស្រែកនោះទេ ប៉ុន្តែបើមានការឈ្លានពាន ឬធ្វើសកម្មភាពផ្ទុយពីស្ថានភាពបច្ចុប្បន្ន គឺរាជរដ្ឋាភិបាល នឹងឆ្លើយតប រាប់ទាំងកម្លាំងប្រដាប់អាវុធផងដែរ។
សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា ពួកអាវលឿងមួយក្រុម ដែលមកស្រែកនៅតំបន់ប្រាសាទតាមន្តធំ គឺទាហានថៃ បានរារាំងហើយ មិនចាំបាច់រាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការនោះឡើយ។ ដោយឡែក ចំពោះការផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មានថៃ រដ្ឋមន្ដ្រីក្រសួងការពារជាតិថៃ ក៏បានឆ្លើយតប និងបំភ្លឺ ហើយច្រានចោលការផ្សាយនោះត្រឡប់ទៅវិញដោយខ្លួនឯង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា មិនប្រាថ្នាសង្គ្រាមនោះឡើយ កម្ពុជាត្រូវការសុខសន្តិភាព ព្រោះសង្គ្រាមមិនចំណេញនោះឡើយ គឺនាំឲ្យតែខាតប៉ុណ្ណោះ។ កម្ពុជាមានបទពិសោធន៍អស់ហើយ ទាំងការប្តឹងទៅតុលាការអន្តរជាតិទីក្រុងឡាអេ នៅឆ្នាំ១៩៦២ និងការប្រយុទ្ធដោយកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០០៨។
ប្រសាសន៍ប្រៀបដូចបទបញ្ជាដ៏អង់អាចមុតមាំពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងតាមរយៈវេទិកាសាធារណៈ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា ៕
ដោយ ៖ សិលា