ភ្នំពេញ៖ យុវជន២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ខណះពួកគេជិះម៉ូតូឌុបគ្នា ហើយត្រូវបានរថយន្តកូរ៉េដឹកខ្សាច់បើកបុកហើយអូសជាង៣០ម៉ែត្រ រថយន្តបង្កហេតុក៏ក្រឡាប់ផ្ងាជើងផងដែរ។
ហេតុការណ៍នេះបានកើតហេតុកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចជាប់របងសាលាអន្តរជាតិណតប្រីត តាមបណ្តោយផ្លូវណតប្រីត ស្ថិតក្នុងភូមិស្លែងលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកនិច ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1DH0768 ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រីត ក្នុងទិសដៅពីកើតជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកូរ៉េចំណុះមួយតោនកន្លះ ពណ៍ស ពាក់ស្លាកលេខតាកែវ 3A 1758 ធ្វើដំណើរបញ្ច្រាស់ទិសគ្នា ក្នុងល្បឿនលឿន ហើយបានបុកម៉ូតូទាំងកំរោលថែមទាំងអូសជាង៣០ម៉ែត្រធ្វើអោយអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុចំណែករថយន្តក្រឡាប់ផ្ងាជើងច្រង៉ាង។
សាក្សីដដែលបានបន្តថា បន្ទាប់ពីរថយន្តបង្កគ្រោះថ្នាក់រួចតៃកុងបានចុះពីលើរថយន្តហើយគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុទាក់ទងទៅនគរបាលជំនាញធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ចំណែកសពត្រូវបានយកទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំស្វែងរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយៈសុខាសែនជ័យ