ក្រសួងយុត្តិធម៌ បានកំណត់ ក្នុងស្មារតីរួមគ្នាដើម្បីសម្រេចដាក់ចេញ នូវគោលការណ៍ដែលធានាបាននូវសង្គតិភាព និងការឯកភាពគ្នា សម្រាប់ការអនុវត្តរបស់សាលាជម្រះក្តី និង អង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ ក្នុងអង្គសន្និបាតបានប្រព្រឹត្តទៅតាមរបៀបវារៈដែលបានកំណត់ ក្នុងស្មារតីរួមគ្នាដើម្បីសម្រេចដាក់ចេញ នូវគោលការណ៍ដែលធានាបាននូវសង្គតិភាព និងការឯកភាពគ្នា សម្រាប់ការអនុវត្តរបស់សាលាជម្រះក្តី និង អង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស៖

១-នៅក្នុងរយៈពេលពីរថ្ងៃកន្លះនេះ អង្គសន្និបាតបានសម្រេចការងារដូចខាងក្រោម៖

ទី១-គាំទ្រទាំងស្រុងចំពោះរបាយការណ៍លទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤។
ទី២-បានពិនិត្យ និងពិភាក្សាលើប្រធានបទចំនួន ៦ រួមមាន៖ (ទី១)-ការកំណត់ការប្រាក់ និង ការប្រាក់យឺតយ៉ាវ, (ទី២)-ការទទួលស្គាល់សន្តតិជន និងការបែងចែកមត៌ក, (ទី៣)-ការប្រើប្រាស់សិទ្ធិអំណាច និងឆន្ទានុសិទ្ធិរបស់តុលាការ, (ទី៤)-ការអនុវត្តសំណើជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ និងបត្យាប័ន,

(ទី៥)-កិច្ចការរដ្ឋបាលតុលាការ និងកិច្ចការហិរញ្ញវត្ថុក្នុងវិស័យយុត្តិធម៌ និង (ទី៦)-ការកែទម្រង់ប្រព័ន្ធ យុត្តិធម៌ និង ការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការ ត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

ទី៣-សេចក្តីសម្រេចចិត្តរួមរបស់អង្គសន្និបាត នឹងត្រូវរៀបចំឡើងដោយមានការចុះហត្ថលេខា ដោយ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោកបណ្ឌិត ជីវ កេង កេង ប្រធាន តុលាការកំពូល និង លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល។ សេចក្តីសម្រេចចិត្តនេះ នឹងក្លាយជាគោលការណ៍រួម និងស្មារតីរួម សម្រាប់ជាគតិច្បាប់ក្នុងការអនុវត្តបន្តដោយ សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា សំដៅធានា បាននូវសង្គតិភាព ឯកភាព និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ព្រមទាំងផ្តល់យុត្តិធម៌ឱ្យបានត្រឹមត្រូវ និង ប្រកបដោយជំនឿទុកចិត្តជូនប្រជាពលរដ្ឋ។

២-អង្គសន្និបាតបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំង កាយចិត្ត ប្រកបដោយស្មារតីម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ជូនថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការ អយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស ព្រមទាំង ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរដ្ឋបាលតុលាការទាំងអស់ ដែលបានចូលរួមអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការ ទាំង ២ ដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌ រហូតសម្រេចបាននូវលទ្ធផលល្អគួរជាទីមោទនៈ ដែលបាន រួមចំណែកក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ និងព និងពង្រឹងជំនឿទុកចិត្តមក លើវិស័យយុត្តិធម៌។

៣-អង្គសន្និបាតនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះ បទល្មើសគ្រឿងញៀន និងបទល្មើសពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជា បទល្មើសដែលធ្វើឱ្យប៉ះពាល់ដល់ “គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” សំដៅរួមចំណែកក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងស្ថិរភាពសង្គម ជាពិសេស ភាពសុខសាន្តរបស់ប្រជាជន។

៤-អង្គសន្និបាតបានពិនិត្យ និងពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាប្រឈមពាក់ព័ន្ធនឹងប្រធានបទចំនួន ២ រួមមាន ៖ ប្រធានបទស្តីពី “ការប្រាក់ និងការប្រាក់យឺតយ៉ាវ” និង ប្រធានបទស្តីពី “ការទទួលស្គាល់សន្តតិជន និងការបែងចែកមត៌ក”។ អង្គសន្និបាតពិនិត្យឃើញថា ក្នុងចំណោមចៅក្រមដែលជាតួអង្គអនុវត្តច្បាប់ ពិតជាមាន ការយល់ឃើញ និងការបកស្រាយផ្សេងៗគ្នាពាក់ព័ន្ធនឹងបទប្បញ្ញត្តិច្បាប់ប្រាកដមែន។ អង្គសន្និបាតបាន ឯកភាពរួមគ្នាលើគោលការណ៍ដែលត្រូវអនុវត្តបន្តលើសំណុំរឿងពាក់ព័ន្ធនឹង “ការប្រាក់ និងការប្រាក់យឺតយ៉ាវ” និង “ការទទួលស្គាល់សន្តតិជន និងការបែងចែកមត៌ក” ដែលអាចធានាបាននូវសង្គតិភាព និងឯកភាពគ្នា ក្នុងការអនុវត្តច្បាប់ដោយតុលាការ ដែលជាកត្តាគន្លឹះដើម្បីធានាបាននូវជំនឿទុកចិត្តលើការអនុវត្តច្បាប់ក្នុងស នីតិរដ្ឋ ព្រមទាំង ស្ថិរភាព និងសណ្តាប់ធ្នាប់នៃទំនាក់ទំនងសង្គម ព្រោះវាបង្កើតបានជាវិធានច្បាស់លាស់សម្រាប់ ការព្យាករណ៍ទុកជាមុនបាននូវផលវិបាកគតិយុត្ត និងជាដំណោះស្រាយសម្រាប់ទំនាក់ទំនងរវាងបុគ្គល និង បុគ្គលក្នុងសង្គម។

៥-អង្គសន្និបាតបានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការប្រើប្រាស់នូវ ឆន្ទានុសិទ្ធិ របស់ចៅក្រម ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយប្រកាន់ខ្ជាប់នូវ “ឧត្តមគតិយុត្តិធម៌” ក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។ ចំពោះការប្រើប្រាស់ ឆន្ទានុសិទ្ធិ របស់ខ្លួនក្នុងការសម្រេចសេចក្តី ចៅក្រម ព្រះរាជអាជ្ញា និង ព្រះរាជអាជ្ញារង ត្រូវពិនិត្យពិចារណាឱ្យបានល្អិតល្អន់ដោយផ្អែកលើ សំអាងហេតុ, សំអាងច្បាប់ និង ភស្តុតាង ច្បាស់លាស់។ ការប្រើប្រាស់នូវ ឆន្ទានុសិទ្ធិ ដោយបំពានច្បាប់នឹងក្លាយជាមូលដ្ឋាន នៃការអនុវត្តវិធានការវិន័យម៉ឺងម៉ាត់ និងតឹងរ៉ឹងរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។

៦-អង្គសន្និបាតបានជំរុញឱ្យ ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី អាជ្ញាសាលា និង មន្ត្រីរាជការគ្រប់រូប ត្រូវបន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌ក្នុងការអនុវត្តការងាររបស់ខ្លួន និងត្រូវយកចិត្ត ទុកដាក់ខ្ពស់ ក្នុងការចាត់ការសំណុំរឿងឱ្យបាន ម៉ឹងម៉ាត់ ត្រឹមត្រូវ និង យុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជា ធរមាន។ អង្គសន្និបាតបានគាំទ្របន្តលើកកម្ពស់ការអនុវត្តនូវគោលការណ៍ “គុណាធិបតេយ្យ” ក្នុងវិស័យយុត្តិធម៌ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ការលើកទឹកចិត្តនានាដល់មន្ត្រីរាជការ និងមន្ត្រីតុលាការទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយភាពជាម្ចាស់, ការទទួលខុសត្រូវខ្ពស និងមានសាមគ្គីភាពផ្ទៃក្នុង ជាពិសេស បានកសាងស្នាដៃធំៗបម្រើឱ្យវិស័យយុត្តិធម៌ និងសង្គមជាតិ។

៧-អង្គសន្និបាតបានកត់សម្គាល់អំពីការពង្រឹងវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការទាំងអស់នៅក្នុងវិស័យយុត្តិធម៌ ដែលនៅតែជាការងារ អាទិភាពត្រូវបន្តរឹតបន្តឹងឱ្យបានម៉ឺងម៉ាត់ និងដោយគ្មានការយោគយល់ចំពោះអ្នកល្មើសវិន័យឡើយ។

៨-អង្គសន្និបាតបានប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ដែលបានអញ្ជើញចូលរួមក្នុងសន្និបាតនេះ ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសេចក្តីសម្រេចចិត្តរបស់ អង្គសន្និបាត ដល់ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី អាជ្ញាសាលា និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលមិនបានចូលរួមក្នុងសន្និបាតនេះ សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារនៅតាមអង្គភាពរបស់ខ្លួន ក៏ដូចជា សំដៅពង្រឹងប្រសិទ្ធភាព និងសង្គតិភាពនៃការអនុវត្តច្បាប់ និងលើកកម្ពស់ជំនឿទុកចិត្តរបស់សាធារណជន មកលើប្រព័ន្ធយុត្តិធម៌។

៩-អង្គសន្និបាតបានប្រគល់ភារកិច្ចជូន បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា យកខ្លឹមសារនៃសេចក្តីសម្រេច ចិត្តរបស់អង្គសន្និបាត ពាក់ព័ន្ធនឹងប្រធានបទ “ការប្រាក់ និងការប្រាក់យឺតយ៉ាវ” និងប្រធានបទ “ការទទួលស្គាល់ សន្តតិជន និងការបែងចែកមត៌ក” ទៅធ្វើការបណ្តុះបណ្តាលដល់ចៅក្រម និងព្រះរាជអាជ្ញា ទាំងសម្រាប់ ការបណ្តុះបណ្តាលដំបូង ទាំងការបណ្តុះបណ្តាលបន្ត សំដៅលើកកម្ពស់ប្រសិទ្ធភាព សង្គតិភាព និងភាពត្រឹមត្រូវ ក្នុងការអនុវត្តច្បាប់របស់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស។

១០-អង្គសន្និបាតបានប្រគល់ភារកិច្ចជូន ក្រុមការងាររៀបចំព្រឹត្តិបត្រច្បាប់ និងយុត្តិធម៌ យកបទបង្ហាញ ក៏ដូចជា សេចក្តីសម្រេចចិត្តរបស់អង្គសន្និបាត រៀបចំទៅជាអត្ថបទស្រាវជ្រាវសម្រាប់បញ្ចូលក្នុងព្រឹត្តិបត្រច្បាប់ និងយុត្តិធម៌ ក្នុងលេខបន្ទាប់ និងត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជូនដល់សាធារណជន ពិសេស ដល់សិស្ស និស្សិត បញ្ញាវ័ន្ត ដែលជាអ្នកសិក្សាស្រាវជ្រាវ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print