ភ្នំពេញ÷ លោកហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជននៃគណៈកម្មា ធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ និងបញ្ចូលគរុនិស្សិត និស្សិតជាសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៣.៣៥២ នាក់ នៅវិមាន ៧ មករា នាព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥។
អញ្ជើញមានវត្តមានអមគណៈអធិបតី រួមមាន លោក សោម សឿន សមាជិក សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានគណៈចាត់តាំង នៃគណៈកម្មាធិការកណ្តាល បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មាធិការបក្សក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការគណបក្ស តំណាងស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល ថ្នាក់ ដឹកនាំយុវជនគណបក្សថ្នាក់កណ្តាល និងគណៈកម្មា ធិការបក្ស និងសាខាបក្សមូលដ្ឋានជាច្រើននាក់ផងដែរ។
លោក ហេង ណន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកគ្រឹះស្ថាន សិក្សា នៃយុវជនគណបក្សថ្នាក់កណ្ដាល សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន គណៈអធិបតី និងអ្នកចូលរួមទាំងអស់ និងបានធ្វើរបាយការណ៍ជូនអង្គ ពិធីអំពីរចនាសម្ព័ន្ធ ភារកិច្ចរបស់ផ្នែកគ្រឹះស្ថាន សិក្សា និងសាវតានៃការកសាងសមាជិក គណបក្សផងដែរ។ នាឱកាសនោះ លោកបានគូសបញ្ជាក់ថា គោល បំណងរបស់គណបក្សប្រជាជនកម្ពុជា គឺប្រមូលផ្ដុំកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្ដមគតិសេ្នហាជាតិ មាតុភូមិ ដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារសមិទ្ធផលសង្គម ជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
បន្ទាប់ពីអានសេចក្តីសម្រេចស្តីពីការបញ្ចូលជាសមាជិកគណបក្ស ដោយលោកស្រីគឹម សេដ្ឋានី សមាជិកគណៈកម្មាធិការកណ្តាល កញ្ញា សាន រ៉ូហ្ស៊ីកា តំណាងគរុនិស្សិត និស្សិត សម្តែងនូវភាពសប្បាយរីករាយ និង មោទនភាពដែលបានចូលជាសមាជិកគណបក្ស។ ជាមួយគ្នានោះ កញ្ញាក៏បានធ្វើការប្តេជ្ញាផងដែរ ដោយក្នុងនោះកញ្ញា បានប្តេជ្ញាយ៉ាងមុតមាំក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គមដែលកម្ពុជាកំពុងមាន ឱ្យបានស្ថិតស្ថេរជានិច្ចនិរន្ត និងថែរក្សាបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឱ្យបានរឹងមាំនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព តាមទិសស្លោក “សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់”។
ផ្តើមកិច្ចសំណេះសំណាល លោកហ៊ុន ម៉ានី បានសម្តែងនូវការកោតសរសើរដល់តំណាងសមាជិក សមាជិកា ជានារីភេទដែលមានភាពក្លាហាន ក្នុងការឡើងធ្វើការប្តេជ្ញាចិត្ត ក៏ដូចជាបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជា ជនកម្ពុជា។ លោកបន្តថា គណបក្សប្រជាជនកម្ពុជាកើតចេញពីចលនាសេ្នហាជាតិ ហើយជាគណបក្សដែលមានវ័យចំណាស់ជាងគេ និងតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់ ដែលនេះជាកត្តាប្រវត្តិសាស្រ្តមិនអាចប្រកែកបាន។
ទន្ទឹមនឹងនេះ លោកបានបន្តលើកឡើងថា រាល់ផល ប្រយោជន៍ដែលគណបក្សបានផ្តល់ជូនប្រជាពលរដ្ឋ គឺនៅតែត្រូវបានបន្តអនុវត្តដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋមិនមានការថមថយទេ គឺមានតែការខិតខំស្វះស្វែងផ្តល់ជូនបន្ថែម។ លោកក៏បានរំលេចផងដែរនូវកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ដែលរួមមានកម្មវិធីនយោបាយអាទិភាព វិធានការណ៍គន្លឹះ ព្រមទាំងការងារកំណែទម្រង់រដ្ឋបាលសាធារណៈ គឺឆ្លើយតបទាន់ទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា នេះជាទម្លាប់ធ្វើការរបស់គណបក្សប្រជាជនកម្ពុជាដែលតែងធ្វើតាំងពីថ្ងៃចាប់បដិសន្ធិរបស់ខ្លួនរហូតមក។
សូមបញ្ជាក់ថា ក្រោមកិច្ចសម្របសម្រួលរបស់ផ្នែកគ្រឹះ ស្ថានឧត្តមសិក្សា នៃក្រុមការងារយុវជនថ្នាក់កណ្តាល សមាជិក សមាជិកាត្រូវបានបញ្ចូលថ្មីចំនួន ៣៣៥២ ដែលជាគរុនិស្សិត និងនិស្សិត មកពីគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ចំនួន ២២ ទទួលបានកិត្តិយសរៀបចំពិធីបញ្ចូល ដែលបានប្រារព្ធទៅនៅវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា៕