ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ចេញសារាចរ ស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី១​ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ ចេញសារាចរ ស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ ទិវាសង្គមកិច្ចពិភពលោកត្រូវបានផ្តួចផ្តើមរៀបចំដំបូងនៅក្នុងខែមីនា ឆ្នាំ១៩៨៣ ដោយសហព័ន្ធសង្គមកិច្ច អន្តរជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក។ នៅឆ្នាំ២០០៤ មហាសន្និបាតរបស់សហព័ន្ធ សង្គមកិច្ចអន្តរជាតិ បានសម្រេចទទួលស្គាល់ជាផ្លូវការជាទិវាសង្គមកិច្ចពិភពលោក ហើយបណ្តាប្រទេសជាសមាជិក សហព័ន្ធសង្គមកិច្ចអន្តរជាតិចាប់ផ្តើមប្រារព្ធទិវានេះលើកដំបូងរៀងៗខ្លួននៅឆ្នាំ២០០៧ ក្នុងគោលបំណងបង្ហាញ អំពីសមិទ្ធផលនៃការងារសង្គម ដែលរួមចំណែកធ្វើឱ្យសេវាសង្គមកាន់តែប្រសើរឡើង ការការពារយុត្តិធម៌សង្គម ការអភិវឌ្ឍសង្គម និងសិទ្ធិមនុស្ស ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ជនរងគ្រោះ និងជនងាយរងគ្រោះ។

ដោយឡែកនៅព្រះរាជាណាចក្រកម្ពុជា ទិវានេះបានរៀបចំឡើងដំបូងនៅឆ្នាំ២០១០ ដោយដេប៉ាតឺម៉ង់ សង្គមកិច្ចវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយបន្ទាប់មករៀបចំដោយសមាគមអ្នកវិជ្ជាជីវៈសង្គមកិច្ច កម្ពុជា។ ចាប់ពីឆ្នាំ២០១៩ ទិវានេះត្រូវបានរៀបចំឡើងដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយសហការជាមួយអង្គការ សមាគម និងដៃគូអភិវឌ្ឍពាក់ព័ន្ធ។ កាលពីខែមីនា ឆ្នាំ២០២៤កន្លងទៅ ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំទិវានេះក្រោមប្រធានបទ «រួមគ្នាដើម្បីអនាគតដ៏ប្រសើរ» ជាលទ្ធផល ទិវានេះមានការសាទរនិងគាំទ្រយ៉ាងខ្លាំងពីមជ្ឈដ្ឋានទូទៅ ជាពិសេសពីសំណាក់បុគ្គលិកសង្គម របស់រដ្ឋ និងអង្គការដៃគូដែលបានចូលរួមបម្រើសេវាសង្គមកិច្ចជួយដល់ជនរងគ្រោះនិងងាយរងគ្រោះនៅកម្ពុជា។

រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី១៩ ខែមីនា រៀងរាល់ឆ្នាំជាទិវាជាតិសង្គមកិច្ច តាមរយៈអនុក្រឹត្យ លេខ១៥៥ អនក្រ.បក ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីទិវាជាតិសង្គមកិច្ច។នៅឆ្នាំ២០២៥ នេះរាជរដ្ឋាភិបាល ប្រារព្ធទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ក្រោមប្រធានបទ «ពង្រឹងសាមគ្គីភាព អន្តរជំនាន់ដើម្បីធានាបានសុខុមាលភាពយូរអង្វែង» ក្នុងគោលបំណងបង្ហាញអំពីលទ្ធផលការងារនៃការផ្តល់ សេវាសង្គមកិច្ចរបស់ប្រទេសកម្ពុជាក៏ដូចជាពិភពលោក និងបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះកម្លាំងសេវាសង្គមដែលបានលះបង់ពេលវេលា ចំណេះដឹង និងជំនាញជួយដល់ប្រជាជនក្រីក្រ ជនរងគ្រោះ និងងាយរងគ្រោះ ក៏ដូចជាបង្កើនតម្លៃនិងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការងារសង្គមកិច្ច និងតួនាទី ដ៏សំខាន់របស់កម្លាំងសេវាសង្គម។

ដើម្បីរៀបចំទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឱ្យបានទូលំទូលាយនិងផ្សព្វផ្សាយឱ្យប្រជាជនកម្ពុជាបានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃ ទិវានេះ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចខាងក្រោម៖

១- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំពិធីអបអរសាទរទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ឆ្នាំ២០២៥ ឱ្យបានទូលំទូលាយទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច គុណតម្លៃរបស់កម្លាំងសេវាសង្គម និងសមិទ្ធផលការងារ។

២- ក្រសួងព័ត៌មានត្រូវសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ណែនាំប្រព័ន្ធ ផ្សព្វផ្សាយរបស់រដ្ឋ ឯកជន និងបណ្តាញសារព័ត៌មានផ្សេងទៀត ធ្វើការផ្សព្វផ្សាយដល់សង្គមជាតិ ទាំងមូលឱ្យបានជ្រួតជ្រាបពីប្រវត្តិនិងគោលបំណងនៃទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ច ពិភពលោកលើកទី១៨ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

៣- គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំពិធីជួបសំណេះសំណាលជាមួយកម្លាំង សេវាសង្គម និស្សិតសិក្សាផ្នែកការងារសង្គមកិច្ច និងអ្នកពាក់ព័ន្ធ នៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត គ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈនិងឯកជន អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេស និងគ្រប់ស្ថាប័នផ្តល់សេវាសង្គមនៅក្នុងមូលដ្ឋានរៀងៗខ្លួន។

៤- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំង អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ លើកទឹកចិត្ត និងគាំទ្រតាម គ្រប់មធ្យោបាយ ក្នុងការចូលរួមជំរុញនិងបង្កើនការផ្តល់សេវាសង្គមនៅក្នុងសហគមន៍ឱ្យបាន កាន់តែល្អប្រសើរថែមទៀត។

៥- គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំបដាពាក្យស្លោកនៅតាមអង្គភាពនិងទីសាធារណៈ

តាមខ្លឹមសារដូចខាងក្រោម៖

– ជយោ! ព្រះរាជាណាចក្រកម្ពុជា

– អបអរសាទរទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ឆ្នាំ២០២៥

– ពង្រឹងសាមគ្គីភាពអន្តរជំនាន់ដើម្បីធានាបានសុខុមាលភាពយូរអង្វែង

– កម្លាំងសេវាសង្គមគឺជាចលករសម្រាប់បង្ការនិងដោះស្រាយបញ្ហាសង្គម

– សង្គមកិច្ចដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសង្គមកិច្ច

– ចូលរួមលើកកម្ពស់ការយល់ដឹងនិងផ្សព្វផ្សាយការងារសង្គមកិច្ចនៅកម្ពុជា

– កម្លាំងសេវាសង្គមត្រូវធ្វើការដោយវិជ្ជាជីវៈនិងមនសិការ

– ការងារសង្គមកិច្ចរួមចំណែកក្នុងការឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ

– កម្លាំងសេវាសង្គមគឺជាកម្លាំងស្នូលសម្រាប់ការពារនិងលើកកម្ពស់សុខុមាលភាពកុមារនិងគ្រួសារ​ និងបង្កើតសុខដុមនីយកម្មក្នុងសង្គម 

– កម្លាំងសេវាសង្គមគឺជាកម្លាំងស្នូលក្នុងការដំណោះស្រាយបញ្ហា និងបង្កើតសុខដុមនីយកម្មក្នុងសង្គម

– កម្លាំងសេវាសង្គមលើកកម្ពស់សិទ្ធិ សេចក្តីថ្លៃថ្នូរ និងយុត្តិធម៌សង្គម

– ចូលរួមធ្វើការងារសង្គមកិច្ចដើម្បីកសាងសង្គមមួយដ៏ប្រសើរ

– សង្គមកិច្ចរីកចម្រើនក្រោមម្លប់សន្តិភាព

– រួមគ្នាអភិវឌ្ឍកម្លាំងសេវាសង្គមនៅកម្ពុជា។

...

– ទទួលបានសារាចរនេះ ទីស្តីការគណៈរដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវអនុវត្តឱ្យមាន ប្រសិទ្ធភាពនិងដោយស្មារតីទទួលខុសត្រូវខ្ពស់៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print