ខេត្តកណ្តាលៈ ផ្តើមចេញពីការបើកបរខ្វះការប្រុងប្រយ័ត្នប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គបុរសម្នាក់ត្រូវរថយន្តដឹកដែករបស់យាយលឹមបុកហើយកិនស្លាប់យ៉ាងអណោចអធ័មកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល សូម្បីតែម៉ូតូដែលជាគ្រឿងដែកក៍ខ្ទេចផងដែរ។
រថយន្តដឹកដែកដែលកិនអ្នកជិះម៉ូតូស្លាប់នៅកន្លែងកើតហេតុ ពាក់ស្លាកលេខ២ផ្សេងគ្នា ក្បាលរថយន្តពាក់ស្លាកលេខ កំពង់ធំ3A-1568 ចំណែករ៉ឺម៉កដែលផ្ទុកដែករាប់សិបតោន ពាក់ស្លាក់លេខ ភ្នំពេញ4A-2752 ។
លោកហង្ស ផាន់ណារ៉ា នាយផ្នែកសណ្តាប់ធ្នាប់ចរាចរស្រុកកៀនស្វាយដែលចុះទៅពិនិត្យនៅកន្លែងកើតហេតុបានប្រាប់នគរដ្រេហ្គន យ៉ាងដូច្នេះថា ករណីនេះគឺផ្តើមចេញពីជនរងគ្រោះជិះម៉ូតូម៉ាកសេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FW-5013 បើកបរក្នុងល្បឿនលឿនទិសដៅពីភ្នំពេញទៅអ្នកលឿង ពេលទៅដល់កន្លែងកើតហេតុបានបើកប្រជែងរថយន្តរថយន្តមួយគ្រឿងទៀតនៅពីមុខក្នុងទិសដៅស្របគ្នា គ្រានោះរថយន្តដឹកដែកបើកមកដល់ក្នុងទិសដៅផ្ទុយគ្នា បានធ្វើអោយជនរងគ្រោះជួបឧបសគ្គនៅចំពោះមុខក៍ជាន់ហ្វ្រាំងម៉ូតូទាំងបង្ខំបណ្តាលអោយដួលចូលទៅកណ្តាលទ្រូងផ្លូវ ត្រូវរថយន្តដឹកដែកបុកហើយកិនស្លាប់តែម្តង ក្រោយកើតហេតុអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ។
លោកនាយផ្នែកបានបន្តថា បើយកច្បាប់ចរាចរមកអនុវត្ត ភាគីខាងអ្នកបើកបរម៉ូតូគឺជាអ្នកបង្កគ្រោះថ្នាក់ចរាចរ ដោយសារបើកបរប្រជែងមិនប្រយ័ត្ន ពេលជួបឧបសគ្គនៅខាងមុខព្យាយាមបើកគេចដែរតែមិនផុត ក៍ដួលម៉ូតូចូលទៅខាងចំណែកផ្លូវរបស់រថយន្តដឹកដែកបុកហើយកិនតែម្តងខ្ទេចទាំងម៉ូតូហើយអ្នកបើកបរស្លាប់នៅកន្លែងកើតហេតុ ។ ទោះជាយ៉ាងណាក៍ដោយបទល្មើសគ្រោះថ្នាក់ចរាចរនេះភាគីខាងរថយន្តដឹកដែកធុនធ្ងន់ក៍រួមចំណែកក្នុងការដោះស្រាយជាមួយភាគីខាងជនរងគ្រោះផងដែរ.តែការដោះស្រាយនោះធ្វើឡើងដោយមនោសញ្ចេតនា បើនិយាយពីច្បាប់គឺជាច្បាប់ ជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់នេះទើបនឹងត្រឡប់មកពីប្រទេសកូរ៉េបានជិត២ខែ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរត្រូវរថយន្តបុកស្លាប់តែម្តង ។ ជនរងគ្រោះមាន ឈ្មោះកែម សុខលាង ភេទប្រុស អាយុ២៩ឆ្នាំ អតីតជាពលករទៅធ្វើការនៅប្រទេសកូរ៉េ មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោកនាយផ្នែកបានបន្តទៀតថា បទល្មើសគ្រោះថ្នាក់ចរាចរខ្លះបង្កឡើងដោយអ្នកបើកបររថយន្តបើកបុកទាំងកំរោលបណ្តាលអោយស្លាប់និងរបួសជាច្រើននាក់ពេលចូលទៅដោះស្រាយមានហេតុផលផ្សេងៗគ្នា
ខ្លះទៀតបង្កឡើងដោយអ្នកជិះម៉ូតូត្រូវរថយន្តបើកបុក ទីបំផុតភាគីខាងរថយន្តក៍ត្រូវតែសំណងដដែល តែសំណងនោះដោះស្រាយដោយមនោសញ្ចេតនា.បើលើកយកច្បាប់ចរាចរមកអនុវត្តអ្នកណាដែលខុសត្រូវតែខុស តែសម្រាប់ប្រទេសកម្ពុជាយើងវិញទោះជាអ្នកនោះធ្វើខុសក៍ដោយពេលចូលទៅដោះស្រាយមានតែមនោសញ្ចេតនាប៉ុណ្ណោះទើបអាចបញ្ចប់បញ្ហាបាន ។ ក្នុងនាមជានគរបាលចរាចរណ៍ស្រុកសូមអំពាវនាវដល់អ្នកប្រើប្រាស់ទ្រូងផ្លូវត្រូវអនុវត្តនិងគោរពតាមច្បាប់ចរាចរទាំងអស់គ្នាទើបអាចបញ្ជៀសបានពីគ្រោះថ្នាក់ចរាចរណ៍ ។
បច្ចុប្បន្នមធ្យោបាយទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយៈសណ្តោស