ខេត្តកំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្នុងប្រតិបត្តិការស្រាវជ្រាវ រយៈពេល៣ថ្ងៃ កម្លាំងសមត្ថកិច្ចជំនាញ បានឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០៤នាក់(មុខសញ្ញាសកម្ម) ករណីស្ទាក់វាយកំហែងយកម៉ូតូ (ប្លន់) តាមដងផ្លូវ ចំណែកវត្ថុតាងម៉ូតូ ប្រគល់ជូនម្ចាស់ដើមវិញ។
ប្រភពដដែលបន្តថា ក្រោយពីបានទទួលពាក្យបណ្តឹងរបស់ឈ្មោះ ហៀង ឆៃយ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ថា៖ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២៣ និង៥០នាទីយប់ ត្រូវបានក្រុមចោរ ០១ ក្រុម ធ្វើសកម្មភាពពួនស្ទាក់ធាក់យកម៉ូតូរបស់ខ្លួន នៅចំណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រួចជិះគេចខ្លួនបាត់។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់បទបញ្ជាទៅ អធិការស្រុកបសេដ្ឋ ធ្វើការស្រាវជ្រាវភ្លាមៗ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកបសេដ្ឋ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បើកការស្រាវជ្រាវរហូតដល់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៥នេះ ទើបសមត្ថកិច្ចជំនាញ កំណត់មុខសញ្ញាបាន និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ រួមនឹងវត្ថុតាងម៉ូតូ ០២ គ្រឿង (ម៉ូតូធ្វើសកម្មភាពប្លន់០១គ្រឿង និងម៉ូតូជនរងគ្រោះ០១គ្រឿង)
ជនសង្ស័យទាំង ០៤ នាក់ ដែលកម្លាំងជំនាញឃាត់ខ្លួនខាងលើ រួមមានដូចខាងក្រោម៖
១./ ឈ្មោះ គិន ចាន់ណាប់ ភេទប្រុស អាយុ១៧ឆ្នាំ
២ /ឈ្មោះ វ៉ាន់ ប៊ុនធា ហៅធឿន ភេទប្រុស អាយុ១៩ឆ្នាំ ទាំង០២នាក់ រស់នៅភូមិត្រពាំងផុងថ្មី ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ជាជនដៃដល់) ។
៣./ឈ្មោះ គឹម ដែន ភេទប្រុស អាយុ១៨ឆ្នាំ រសនៅភូមិឃ្លោក ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
៤./ ឈ្មោះ រុិន ចាន់ធូ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃបាក្រុង ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
បច្ចុប្បន្នកម្លាំងជំនាញព្រហ្មទណ្ឌស្រុក កសាងសំណុំរឿងបញ្ជូនទៅផែននគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការបន្តរតាមនីតិវិធី ចំណែកម៉ូតូជនរងគ្រោះប្រគល់ជូនម្ចាស់ដើមវិញ ៕ដោយ៖តារា