ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាណែនាំបច្ចេកទេសការត្រៀមអនុវត្តកម្មវិធីអន្តរជាតិស្តីពី រង្វាយ តម្លៃការសិក្សារបស់សិស្សឆ្នាំ២០២៥ (PISA-2025) ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីជំនាញមកពីនាយកដ្ឋានពាក់ព័ន្ធ គ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង ព្រមទាំងលោកគ្រូ អ្នកគ្រូមកពីសាលារៀនជំនាន់ថ្មី តំណាងមន្ទីរអប់រំ ទូទាំង ២៥ រាជធានី/ខេត្ត និងមន្ត្រីបច្ចេកទេស ចូលរួមដោយផ្ទាល់ និងតាមអនឡាញ សរុបប្រមាណ ១៥០នាក់។
បន្ទាប់ពីស្តាប់របាយការណ៍សង្ខេបនៃដំណើរការតេស្តអន្តរជាតិ PISA ២០២៥ រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់ នៃតេស្តអន្តរជាតិ PISA ក្នុងការវាយតម្លៃប្រព័ន្ធអប់រំកម្ពុជា និងប្រសិទ្ធភាពការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តកំណែទម្រង់វិស័យអប់រំកម្ពុជា ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។
ការអនុវត្តកម្មវិធី PISA មានគោលបំណង៖ (១) វាស់ស្ទង់សមត្ថភាពរបស់សិស្សកម្ពុជាអាយុ ១៥ឆ្នាំនៅកម្រិតមធ្យមសិក្សាទាំងចំណេះដឹង និងបំណិនលើផ្នែកអំណាន គណិតវិទ្យា និងវិទ្យាសាស្ត្រ ស្របតាមកម្រិតសមត្ថភាពសកល និងអាចប្រៀបធៀបបានជាមួយនឹងប្រទេសទូទាំងពិភពលោក (២) យល់ដឹងអំពីស្ថានភាពសិស្សអាយុ១៥ឆ្នាំ ក្រុមគ្រួសារ គ្រូបង្រៀនសាលារៀន និងសហគមន៍ក្នុងបរិបទកម្ពុជា (៣)កំណត់បាននូវកិច្ចអន្តរាគមន៍គោលនយោបាយ និងវិធានការពាក់ព័ន្ធ ដើម្បីលើកកម្ពស់គុណភាពប្រព័ន្ធអប់រំកម្ពុជាកម្រិតមធ្យមសិក្សាឆ្លើយតបនឹងស្តង់ដាអប់រំកម្រិតអន្តរជាតិ និង(៤) ផ្តល់ជាភស្តុតាងទិន្នន័យពីកម្រិតសមត្ថភាពសិស្សអាយុ ១៥ឆ្នាំ ដែលកំពុងសិក្សានៅកម្រិតមធ្យមសិក្សា ឆ្លើយតបនឹងសូចនាករគុណភាពអប់រំ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមអនុវត្តកម្មវិធី PISA ចំនួន ៣លើករួចមកហើយ លើកទី១ គឺកម្រិតសាកល្បងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ នៅឆ្នាំ ២០១៧ (PISA-D) ក្នុងនោះមានប្រទេសចំនួន៩ បានចូលរួម, លើកទី២ PISA ២០២២ គឺជាកម្មវិធីពេញលេញ មានប្រទេសចំនួន ៨១ ចូលរួម, និងលើកទី៣ PISA ២០២៥ ដែលភាគច្រើនសុទ្ធតែជាប្រទេសអភិវឌ្ឍន៍ និងជាសមាជិកអង្គការ OECD សរុប ៩១ប្រទេស។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងចុះប្រមូលទិន្នន័យផ្លូវការសម្រាប់កម្មវិធី PISA ២០២៥ នៅសប្តាហ៍ទី៤ ខែមិថុនា ឆ្នាំ២០២៥ នេះ។
លទ្ធផលនៃកម្មវិធី PISA ក្លាយជារង្វាស់មួយដ៏សំខាន់ សម្រាប់វាស់វែងវឌ្ឍនភាពនៃប្រព័ន្ធអប់រំទាំងមូល ធៀបនឹងស្តង់ដាអន្តរជាតិ ជាពិសេសឆ្លើយតបនឹងបរិវត្តកម្មសេដ្ឋកិច្ចក្នុងយុគសម័យឌីជីថល ទាមទារការផ្តោតលើការកសាងមូលធនមនុស្សដែលមានសមត្ថភាពសកល។ ក្នុងន័យនេះ ក្រសួងបានជ្រើសរើសយកសូចនាករ លទ្ធផលនៃកម្មវិធីអន្តរជាតិ ស្តីពី រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស (PISA) ផ្តោតលើ ពិន្ទុជា មធ្យម នៃមុខវិជ្ជាអំណាន គណិតវិទ្យា និងវិទ្យាសាស្រ្ត ជាសូចនាករសមិទ្ធកម្មគន្លឹះ ជាមួយនឹងសូចនាករសមិទ្ធកម្មគន្លឹះចំនួនពីរទៀត រួមមានអត្រារួមនៃការ សិក្សានៅមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ និង អត្រាបោះបង់ការសិក្សានៅមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ដើម្បីវាស់វែងសមិទ្ធកម្មអប់រំនៅក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង និងគ្រប់អង្គភាពពាក់ព័ន្ធ ជាពិសេសក្រុមការងារអន្តរនាយកដ្ឋាន និងនាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ ដែលបានខិតខំចុះគាំទ្រការហ្វឹកហាត់តេស្តរង្វាយតម្លៃថ្នាក់ជាតិ តេស្តថ្នាក់តំបន់ (SEA-PLM) និងតេស្តអន្តរជាតិ (PISA) នៅតាមសាលារៀន សំដៅគាំទ្រសាលារៀន គ្រូបង្រៀន និងសិស្សឱ្យបានជ្រាប និងត្រៀមខ្លួនសម្រាប់ការធ្វើតេស្តកម្រិតអន្តរជាតិ PISA នៅក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ព្រមទាំងបានផ្ដល់អនុសាសន៍ ឱ្យមានការប្រឡងប្រណាំងដើម្បីលើក កម្ពស់លទ្ធផលតេស្តអន្តរជាតិ PISA នៅតាមសាលាគោលដៅគ្រប់ខេត្ត ដោយមន្ទីរអប់រំត្រូវចូលរួមគាំទ្រនៅតាមខេត្តរៀងៗខ្លួន ហើយចំពោះសាលាដែលមានលទ្ធផលតេស្ត PISA ខ្ពស់ នឹងក្លាយជាសាលារៀនគំរូ ដោយជាគន្លឹះ គឺត្រូវបំប៉នសិស្សឱ្យសិស្សយល់ច្បាស់ពីតេស្តPISA ពង្រឹងសមត្ថភាពសិស្សបន្ថែម និងថែមម៉ោងរៀននិងបង្រៀន៕