ភ្នំពេញ៖ បុរសម្នាក់ត្រូវបានស្ត្រីជាអ្នករកសីុផ្លូវភេទចោទប្រកាន់ថាបានយកខ្សែរក្រវ៉ាត់វាយមកលើរូបនាង ព្រមទាំងទាត់នាងមួយជើងថែមទៀតផង ខណៈដែលនាងកំពុងតែអង្គុយញាំុបាយ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅជិតខាងនោះដេញចាប់បានកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវព្រះសីុសុវត្ថិខាងជើងភោជនីយដ្ឋានទន្លេរសាប ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមសម្តីរបស់នារីរងគ្រោះដែលមានឈ្មោះ ស្រីមុំ អាយុ៣២ឆ្នាំ មានទីលំនៅផ្ទះជួលម្ដុំផ្សារតូច បានឲ្យដឹងថា មុនពេលកើតហេតុរូបនាងកំពុងតែអង្គុយញាំុបាយនៅបង់តាមបណ្តោយផ្លូវព្រះសីុសុវត្ថិជាមួយមិត្តភក្តិម្នាក់ទៀត ស្រាប់តែជនសង្ស័យមិនដឹងមកពីណាទេ បានយកខ្សែរក្រវ៉ាត់មកវាយនាងត្រូវជាំពេញខ្លួន ព្រមទាំងទាត់នាងចំស្មារមួយជើងទៀតផង ភ្លាមៗនោះរូបនាងបានស្រែកឲ្យគេជួយ ធ្វើឲ្យជនសង្ស័យភ័យរត់ឡើងជិះម៉ូតូដែលបញ្ឆេះចាំរួចជាស្រេចបម្រុងជិះចេញទៅ តែត្រូវប្រជាពលរដ្ឋដែលឃើញហេតុការណ៍នាំគ្នាចាប់ទាញទម្លាក់មកវិញបានម្នាក់ និងបក្ខពួកម្នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។ ចំណែកជនសង្ស័យវិញបាននិយាយថា មុនពេលកើតហេតុពួកគេមានគ្នា២នាក់ទើបតែចេញពីផឹកសីុ ហើយក៏បបួលគ្នាបម្រុងចូលក្លឹបកំសាន្ត ទ្រូហ្វេស ដែលមានទីតាំងនៅតាមបណ្តោយព្រះសីុសុវត្តិ តែពេលជិះមកជិតដល់ក្លឹបកំសាន្តទៅហើយ រូបគេក៏បានលឺបុរសម្នាក់ដែលឈរកាងស្រីម្តុំកន្លែងកើតហេតុជេររូបគេ ធ្វើឲ្យរូបគេដែលជិះពីក្រោយលោតទៅរកមុខអ្នកជេរ ។ តែពេលចុះទៅដល់រកមុខអ្នកជេរមិនឃើញ ឃើញតែនារីរងគ្រោះអង្គុយក៏ដោះខ្សែរក្រវ៉ាត់វាយតែម្តងទៅ ។ ជនសង្ស័យបានបន្ថែមថា រូបគេគ្មានបំណងទៅវាយនារីរងគ្រោះទេ តែដោយសាររូបគេមើលច្រឡំស្មានតែមនុស្សប្រុស ។
ក្រោយពេលកើតហេតុសម្ថកិច្ចបាននាំភាគីទាំងសងខាងមកប៉ុស្តិ៍ដើម្បីធ្វើការសម្រួលគ្នា ។ ដោយភាគីរងគ្រោះបានទារសំណងជំងឺចិត្តចំនួន១០០០ដុល្លារ តែដោយសារខាងជនបង្កគ្មានប្រាក់ទើបសុំត្រឹម៣០០ដុល្លា ។ បន្ទាប់ពីមានការសម្របសម្រួលពីខាងកម្លាំងមានសម្ថកិច្ចទើបជនរងគ្រោះយល់ព្រមទទួលសំណងជំងឺចិត្តចំនួន៣០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅប៉ុស្ដិ៍តែម្ដង ៕
ដោយ៖ ជីម ភារ៉ា ដង្កោ
...