ប្រទេសថៃ៖ កម្មករខ្មែរចំនួន៣នាក់ ត្រូវបានក្រុមទាហានថៃសហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើធ្វើការឃាត់ខ្លួនព្រមទាំងដកហូតបាននូវសម្ភារជាមធ្យោបាយពាក់ព័ន្ធកាប់អារឈើមួយចំនួនខណៈកម្មករខ្មែរទាំង៣នាក់នោះឆ្លងដែនចូលដីថៃក្នុងទឹកដីខេត្តច័ន្ទបុរីកំពុងធ្វើសកម្មភាពប្រើប្រាស់រណាយន្ត កាត់ឈើនៅក្នុងព្រៃលិចទឹកដីថៃមួយកន្លែងក្នុងទឹកដីខេត្តច័ន្ទ ស្ថិតក្បែរចំណុចបង្គោលព្រំដែនលេខ៦៧ ក្នុងភូមិសាស្ត្រ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦។
កម្មករខ្មែរទាំង៣នាក់ខាងលើកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ត្រូវទាហានថៃចាប់ប្រគល់ឱ្យតម្រួតថៃនៃអធិការដ្ឋាន ស្រុកពោងណាំរ៉ន ក្នុងខេត្តច័ន្ទបុរី នាំខ្លួនយកទៅសាកសួរនិងអនុវត្តតាមផ្លូវច្បាប់។
សូមរំលឹកថា កាលពីកន្លងទៅថ្មីៗនេះមានកម្មករខ្មែរម្នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់បានចូលធ្វើសកម្មភាពកាប់ឈើគ្រញូងនៅទឹកដីថៃក្នុងខេត្តតា្រតឈមនិងខេត្តពោធិ៍សាត់ ត្រូវបានទាហានថៃបាញ់សម្លាប់ ចំណែកកម្មករមួយចំនួនទៀតរត់គេចខ្លួនគេចផុតពីគ្រោះថ្នាក់បាញ់ប្រហារនោះ។ សកម្មភាពកាប់ឈើក្នុងដីថៃត្រូវគេរាយការណ៍ឱ្យដឹងថា កម្មករខ្មែរតែងតែរងការចាប់ខ្លួន បាញ់សម្លាប់ពីទាហាន ជាបន្តបន្ទាប់ផងដែរ៕
ដោយ៖ សំ វិច្ឆិកា