ភ្នំពេញ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលរួចហើយករណីចោរប្លន់ទូរស័ព្ទ៧គ្រឿងនៅផ្សារនាគមាស ក្នុងខណ្ឌទួលគោក កាលពីសប្តាហ៍មុន ។ រំលងបានមួយយប់ ចោររូបនេះបានបាញ់សម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក ក្នុងផ្ទះជួលនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ ក្រោយការស្រាវជ្រាវរបស់សមត្ថកិច្ច ក្រោយពេលកើតហេតុនៃអត្តឃាតនេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បាននាំខ្លួនស្ត្រីជាភរិយាទៅសាកសួរបន្ត ។
ស្ត្រីជាភរិយា ឈ្មោះ មិន សុជាតា ហៅមុំ អាយុ២៩ឆ្នាំ ដែលមានកូន២ផងនោះ បានអះអាងថា នាងមានស្រុកកំណើត នៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ហើយចេញទៅបម្រើការងារនៅក្លឹបស្នូកឃើមួយកន្លែង ក្នុងខេត្តសៀមរាប ហើយក៏បានជួបជាមួយយុវជន ហេង សុខមាន (បច្ចុប្បន្នអាយុ៣៣ឆ្នាំ) មានស្រុកកំណើតនៅភូមិ-ឃុំសំបូរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាបុគ្គលិកក្រុមហ៊ុនទូរស័ព្ទមួយ ដែលបម្រើការនៅខេត្តសៀមរាបដែរ ។ ពួកគេបានស្រឡាញ់គ្នា និងបានរៀបការនៅឆ្នាំ២០១១ នៅឯស្រុកកំណើតរបស់នាង ហើយត្រឡប់មកធ្វើការវិញនៅខេត្តសៀមរាប ។ នៅឯខេត្តសៀមរាប បុរសជាប្តីបានឲ្យប្រពន្ធឈប់ធ្វើការ ដោយគាត់ជាអ្នករ៉ាប់រងជីវភាព ។
នាងបាននិយាយបន្ថែមថា ប្តីរបស់នាងធ្វើការបានប្រាក់ខែ១៦០ដុល្លារក្នុងមួយខែ ដោយគាត់ចេះភាសាចិន, អង់គ្លេស និងជំនាញ IT ច្បាស់លាស់ ។ យ៉ាងណាក្តី នៅពេលដែលប្តីរបស់នាងសុំថៅកែឡើងប្រាក់ខែមិនបានសម្រេចបំណងទេ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនថែមទាំងបានកាត់ប្រាក់ថ្លៃបាយ និងថ្លៃសាំងទៀតផង ។ ប្រការនេះធ្វើឲ្យប្តីរបស់នាងសម្រេចចិត្តលាឈប់ពីការងារ ។ នាងនិងប្តីបានព្រមព្រៀងគ្នាខ្ចីលុយធនាគារ១ពាន់ដុល្លារ ដើម្បីទិញម៉ូតូ១គ្រឿង ដោយយកប្លង់ដីម្តាយនាងនៅឯខេត្តពោធិ៍សាត់ដាក់បញ្ចាំ ។ ក្រោយមកម៉ូតូនោះក៏ត្រូវចោរលួចបាត់ ។
នាងបាននិយាយទៀតថា បន្ទាប់មក ប្តីរបស់នាងបានព្យាយាមដាក់ពាក្យរកកន្លែងធ្វើការជាច្រើន ប៉ុន្តែមិនទទួលបានលទ្ធផលជាវិជ្ជមាន ។ ប៉ុន្តែដោយសារចំណេះដឹងគួរសម ប្តីនាងបានទទួលការងារជាអ្នកគ្រប់គ្រងទូទៅនៅភោជនីយដ្ឋាន និងផ្ទះសំណាក់មួយកន្លែងក្នុងទីរួមខេត្តមណ្ឌលគិរី ។ នាងក៏បានទៅធ្វើការនៅទីនោះដែរ ។ នាងបាននិយាយថា «ពួកយើងខិតខំសន្សំប្រាក់រហូតសងបំណុលធនាគាររួច និងសល់ប្រាក់មួយចំនួនទៀត ហើយខ្ចីលុយធនាគារ៥ពាន់ដុល្លារបន្ថែមទៀត ដើម្បីបើកហាងស៊ីផឹកមួយកន្លែង ប៉ុន្តែត្រូវខាតបង់អស់ប្រហែល៣ម៉ឺនដុល្លារ» ។
នាងជាភរិយាបានឲ្យដឹងទៀតថា ក្រោយមក ពួកគេបានត្រឡប់ទៅខេត្តសៀមរាបវិញ ដោយប្តីបានម៉ៅការសំណង់ពីក្រុមហ៊ុនចិនមួយ ប៉ុន្តែថៅកែបើកលុយមិនគ្រប់ ពួកគេក៏ខ្ចីលុយធនាគារម្តងទៀតចំនួន៣៥០០ដុល្លារដើម្បីបើកឲ្យកម្មករ ។ ប្តីនាងក៏បន្តទៅធ្វើការសំណង់នៅឯខេត្តកោះកុង ។ ក្រោយបញ្ចប់គម្រោងនៅឯខេត្តកោះកុង ក៏បន្តដំណើរទៅម៉ៅការសំណង់នៅវារីអគ្គិសនីខេត្តស្ទឹងត្រែង ។ នៅទីនោះ ប្តីរបស់នាងធ្លាក់ខ្លួនឈឺ ដែលនាងជាប្រពន្ធសម្រេចចិត្តខ្ចីលុយធនាគារម្តងទៀតដើម្បីព្យាបាលប្តី ។
ក្រោយប្តីជាពីជំងឺ ក្រុមគ្រួសារនេះបានសម្រេចចិត្តមកស្នាក់នៅផ្ទះមីង ពូ ក្នុងខណ្ឌព្រែកព្នៅ ហើយបន្ទាប់មក ក៏មកជួលផ្ទះនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មួយខែ៤០ដុល្លារ ។
ហេង សុខមាន បានប្រាប់ប្រពន្ធថា គាត់បានទទួលម៉ៅការសំណង់ជាមួយក្រុមហ៊ុនចិនមួយកន្លែងនៅម្តុំអូរឡាំពិក ។ ជារៀងរាល់ព្រឹក ប្តីរបស់នាងតែងតែចេញទៅធ្វើការ និងត្រឡប់មកផ្ទះវិញរាល់ល្ងាចមិនដែលខានទេ ។ ប្តីនាងជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់ ស៊េរីឆ្នាំ២០១២ ប៉ុន្តែម៉ូតូនេះត្រូវបានយកទៅបញ្ចាំបានប្រាក់៦០០ដុល្លារ យកទៅបង់ការប្រាក់ធនាគារ និងបង់ថ្លៃផ្ទះ ។ បន្ទាប់ពីបញ្ចាំម៉ូតូបានប៉ុន្មានថ្ងៃ នាងឃើញប្តីជិះម៉ូតូចាស់មួយគ្រឿង ដោយប្រាប់ថា ជាម៉ូតូខ្ចី គេ ។
នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នាងទទួលបានប្រាក់២០០ដុល្លារពីប្តី ដើម្បីបង់ថ្លៃផ្ទះ និងសងការប្រាក់ធនាគារ ។ បុរសជាប្តីបានប្រាប់ថា ជាលុយប្រាក់ខែ ។ នៅយប់ថ្ងៃទី១៨ ខែសីហា ប្តីនាងចេះតែនិយាយពាក្យប្លែកៗ ដោយប្រាប់ឲ្យនាងឱបគាត់ឲ្យណែន ហើយបានសួរនាងថា «បើអត់ពីបងទៅ តើអូនចិញ្ចឹមកូនរស់ទេ?» រួចហើយយកកូនមកលើដើមទ្រូង ដោយនិយាយផ្តែផ្តាំកូនថា «បើអត់ពីប៉ាទៅ កូនត្រូវរកមនុស្សណាដែលល្អរស់នៅជាមួយគេ» ។
ស្ត្រីជាភរិយាបានបន្តទៀតថា នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នាងបានឮសំឡេងគោះទ្វារផ្ទះ និងសំឡេងស្រែករបស់សមត្ថកិច្ច ។ នាងចង់ទៅបើកទ្វារផ្ទះ ប៉ុន្តែប្តីចេះតែឱបនាងមិនឲ្យក្រោករួច និងមិនឲ្យបើកទ្វារ ។ នាងសង្កេតឃើញថា ប្តីរបស់នាង ញ័រខ្លួនដូចកូនសត្វ ។ ប្តីនាងនិយាយថា «នេះជាថ្ងៃអន្សាររបស់បងហើយ» ។ តែយ៉ាងណា ក៏នាងមិនចាប់អារម្មណ៍នឹងសម្តីរបស់ប្តីនោះដែរ ដោយរវល់តែស្តាប់សំឡេងសមត្ថកិច្ចនៅខាងក្រៅ ។ ឆ្លៀតពេលដែលនាងកំពុងតែជ្រួលច្របល់ ប្តីនាងក៏ចូលទៅក្នុងបន្ទប់ទឹក ។ ពេលនោះនាងឮស្នូរសំឡេងកាំភ្លើង១គ្រាប់ ពេលដែលនាងក្រឡេកទៅ ឃើញប្តីអង្គុយស្លាប់ក្នុងបន្ទប់ទឹកបាត់ទៅហើយ ។ ទិដ្ឋភាពបែបនេះធ្វើឲ្យនាងតក់ស្លុត ក៏បានដួលទៅលើដី ហើយប្រឹងលូនបើកទ្វារឲ្យគេជួយ ។ ពេលនោះសមត្ថកិច្ចបានសម្រុកចូលក្នុងបន្ទប់ ។
នាងមិនដឹងសោះថា ប្តីជាចោរប្លន់នោះទេ ហើយក៏មិនដឹងថា ប្តីមានកាំភ្លើងនោះដែរ ។ ប្រសិនបើនាងដឹង នាងមិនឲ្យប្តីធ្វើរឿងទុច្ចរឹតដូច្នេះឡើយ ។ ពេលនេះ នាងត្រូវធ្លាក់ខ្លួនជាស្ត្រីមេម៉ាយ ដែលត្រូវចិញ្ចឹមកូន២នាក់ ៕
ដោយ៖ ហេង សូរិយា