ខេត្តព្រះវិហារ៖ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ លោក មុី លីហួត អគ្គនាយករងកិច្ចការរដ្ឋបាល ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមកាងារចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករនៅក្នុងខេត្តព្រះវិហារ ។
លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ជម្រាបក្រុមការងារថា នៅក្នុងឆ្នាំ២០១៦ នេះ ខេត្តព្រះវិហារ ទទួលបានទឹកភ្លៀងធ្លាក់រាយប៉ាយល្អ ដែលគិតមកត្រឹមថ្ងៃទី១៨ ខែសីហា បរិមាណទឹកភ្លៀងដែលបានធ្លាក់គិតជាមធ្យមទូទាំងខេត្ត មានកំរិត ៨៩៦,៨ មីល្លីម៉ែត្រ ។
ស្ថានភាពបែបនេះធ្វើឲ្យបណ្តាហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តនានា មានទឹកគ្រប់គ្រាន់ និងបន្តចែកចាយទៅកាន់ដីស្រែរបស់បងប្អូនប្រជាកសិករ ។ ទន្ទឹមនោះការអនុវត្តការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សា របស់បងប្អូនប្រជាកសិករនៅទូទាំងខេត្តព្រះវិហារ ក្នុងឆ្នាំ២០១៦ នេះ ក៏មានសន្ទុះលឿនជាងឆ្នាំ ២០១៥ កន្លងទៅផងដែរ ។
បើតាមតួលេខក្រៅផ្លូវការគិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ការអនុវត្តការងារបង្កបង្កើនផលស្រូវវស្សា នៅទូទាំងខេត្ត សម្រេចបានលើផ្ទៃដី ៧៥.១០០ ហិកតា ស្មើនឹងប្រមាណ ៩៣ ភាគរយ នៃផែនការ ពោលគឺលឿនជាងឆ្នាំ ២០១៥ ចំនួន ២២.៩៣៧ ហិកតា ៕
ដោយ៖ សីលា