ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នៅពេលប្រទេសយើងរងហានិភ័យ ប្រជាជនយើងលំបាក ក្នុងនាមជាអ្នកប្រឆាំងគួរតែរួមគ្នាក្នុងទិសដៅតែមួយជាមួយរាជរដ្ឋាភិបាលដើម្បីការពារផលប្រយោជន៍ជាតិដូចអ្នកប្រឆាំងនៅក្នុងបណ្តាប្រទេសនានាដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ» នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅពេលប្រទេសកាណាដាជាប់ពន្ធអាមេរិក ទាំងបក្សប្រឆាំង និងបក្សកាន់អំណាចស្រុះដៃគ្នាដើម្បីធ្វើការចរចា ឬសុំការយោគយល់ ដោយមិនមានអ្នកណាវាយគ្នាទេ ប៉ុន្តែខុសអីតែបក្សប្រឆាំងខ្មែរដែលនៅក្រៅប្រទេសមិនជួយគ្នាពេលប្រទេសជាតិជួបការលំបាក ពោលគឺមានតែវាយតែគ្នាឯង និងជេររដ្ឋាភិបាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចថា បើក្រុមប្រឆាំងពិតជាមានសមានចិត្តពិតប្រាកដមែន គួរតែបញ្ចេញសារ ឬធ្វើសកម្មភាពណាមួយជួយទៅដល់ប្រជាពលរដ្ឋនៅពេលប្រជាពលរដ្ឋមានទុក្ខមិនមែនមករិះគន់ឬបង្គាប់បញ្ជារាជរដ្ឋាភិបាលនោះឡើយ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី អំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាព លើបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥ ត្រូវធ្វើចាប់ពីថ្ងៃទី១ ខែឧសភា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងនោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ២៦ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ការដាក់ពន្ធរបស់អាមេរិកដល់ប្រទេសចំនួន ១៨០ ប្រទេសរួមទាំងកម្ពុជាផង គឺដើម្បីទាញទៅរកការចរចាណាមួយនាពេលខាងមុខ ក្នុងគោលដៅផ្ដល់ផលប្រយោជន៍ដល់អាមេរិកខ្លួនឯង។ ខណៈកម្ពុជា បានផ្ញើលិខិតជូនប្រធានាធិបតីអាមេរិករួចហើយ ដើម្បីស្នើសុំការចរចាឡើងវិញ ចំពោះការអនុវត្តពន្ធរវាងប្រទេសទាំងពីរ៕
ដោយ ៖ សិលា