ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅទូទាំងរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស « មរតកតេជោ » នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលគ្មានផែនការនិងគម្រោង ក្នុងការកាត់បន្ថយចំនួនយាន្តជំនះនោះទេ បើប្រជាពលរដ្ឋកាន់តែមានភាពធូធារអាចមានយាន្តជំនិះដើម្បីសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយពេលវេលានៃការធ្វើដំណើរ ការដឹកជញ្ជូន រាជរដ្ឋាភិបាលក៏មានការលើកទឹកចិត្តរៀបចំអភិវឌ្ឍន៍បន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធសាធារណៈផងដែរ។ បន្ថែមពីនោះទៀត រាជរដ្ឋាភិបាលក៏មានការរៀបចំនូវមធ្យោបាយដឹកជញ្ជូនសាធារណៈ ដោយរថយន្តក្រុងសាធារណៈរៀបចំបន្ថែម ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងសិក្សាពីលទ្ធភាពធ្វើទៅបាន ជាពិសេសកន្លែងក្រុងថ្មីៗរៀបចំប្រព័ន្ធចរាចរណ៍។
ករណីមួយទៀត ! សម្តេចធិបតី នាយករដ្ឋមន្រ្តី លើកឡើងថា ត្រូវធ្វើឲ្យម៉ឺងម៉ាត់បំផុតចំពោះក្មេងទំនើង ទាំងវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ និងការអនុវត្តច្បាប់ដោយគ្មានការ បន្ធូរបន្ថយ និងលើកលែងនោះឡើយ ដើម្បីការពារ សន្តិសុន សណ្តាប់សាធារណៈ និងសន្តិសុខសង្គម។
ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានប្រកាសលើកទឹកចិត្តឲ្យយុវជនខ្មែរ ទាំងអស់ធ្វើសកម្មភាពជាក្រុម ដើម្បីធ្វើសប្បុរសធម៌ និងសកម្មភាពនានា ដើម្បីផលប្រយោជន៍ សង្គមដូចជា ការដើររើសសំរាមនៅតាមទីសាធារណៈនានា មិនមែនចងជាក្រុមដើម្បីធ្វើ«បងតូច បងធំ»ដែលនាំឲ្យ សង្គមស្អប់ខ្ពើមនោះឡើយ៕