ភ្នំពេញ÷ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានកត់សម្គាល់ថា វិស័យកសិកម្មកម្ពុជា បានសម្រេចបានលទ្ធផលគួរជាទីមោទនៈ និងបានប្រែក្លាយពីស្ថានភាពខ្វះស្បៀង មកជាការធានាបាននូវសន្តិសុខស្បៀងគ្រប់គ្រាន់ក្នុងប្រទេស និងការនាំ ចេញផលិតផល កសិកម្មរាប់លានតោនដែលរួមចំណែកយ៉ាងសំខាន់ ដល់ការធានាសន្តិសុខស្បៀងពិភពលោកថែមទៀតផង។
ថ្លែងក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) និងកិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម នៅសណ្ឋាគារសាងគ្រីឡា ភ្នំពេញ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ លោក រដ្ឋមន្ត្រីបានគូសរំលេចថា ក្នុងឆ្នាំ២០២៤ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ១៦,៧% នៃផលិតផលសរុបក្នុងស្រុក គិតជាតម្លៃបច្ចុប្បន្ន ជាមួយនឹងតម្លៃបន្ថែមសរុប (Gross Value Added) កើនឡើងដល់ជាង ៧,៨២ពាន់លាន ដុល្លារ។ ក្នុងនោះ ការរួមចំណែករបស់អនុវិស័យដំណាំស្មើនឹង ៦១,៣%, អនុវិស័យផលិតកម្មសត្វ ១៥,៤%, អនុវិស័យជលផល ២០%, និងអនុវិស័យព្រៃឈើ ៣,៣%។ កម្ពុជាបាននាំចេញនូវផលិតផលដំណាំជាង ១២លានតោន ទៅកាន់ទិសដៅ ៩៥ប្រទេស គិតជាទឹកប្រាក់ប្រមាណ ៥,៣ពាន់លានដុល្លារអាមេរិក។
ក្នុងឱកាសដ៏វិសេសវិសាលនេះលោករដ្ឋមន្រ្តី បានលេីកឡេីងអំពីគោលនយោបាយវិស័យកសិកម្មក្នុងការធានាបាននូវសន្តិសុខស្បៀង ការទទួលបានប្រាក់ចំនេញសម្រាប់កសិករ ការលេីកកម្ពស់ជីវភាព និងមាននិរន្តរ ភាពសម្រាប់ធនធានកម្ពុជា ស្របតាមទស្សនទាន«មានហូប មានបាន មានប្រេី និងមានរហូត»។ លោករដ្ឋមន្រ្តី មានការរំពឹងខ្ពស់ពីការចូលរួមជាប្រព័ន្ធជីវភាពតួអង្គតែមួយ នឹងរួមចំណែកជំរុញសេដ្ឋកិច្ចកសិកម្មឱ្យរីកចំរេីន អភិវឌ្ឍន៍គ្រប់អនុវិស័យ។
ជជាថ្មីម្តងទៀតលោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អង្គការ (FAO) ដែលបានសហការជាដៃគូយ៉ាងស្អិតរមួត និងដៃគូអភិវឌ្ឍន៍នានា អង្គការពាក់ព័ន្ធទាំងអស់ និងរាជរដ្ឋាភិបាលប្រទេសជាមិត្ត ដែលបានរៀបចំពិធីនេះឡេីងឱ្យចេញជារូបរាង និងត្រៀមកម្មវិធីធំនៅពេលខាងមុខ សំដៅបង្កេីនការវិនិយោគ អភិវឌ្ឍន៍ធុរកិច្ចកសិកម្ម៕