ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមបណ្តឹងរបស់នារីរងគ្រោះដោយចោទប្រកាន់ពីបទរំលោភសេពសន្ទវៈ ដែលបានធ្វើសកម្មភាពកាលពីថ្ងៃទី២០ ខែសីហា ហើយយុវជននេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅផ្ទះរបស់បងប្អូនមួយកន្លែង នៅឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យក្នុងករណីរំលោភនេះមានឈ្មោះ នូវ វណ្ណៈ ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះបងប្អូនភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ចំណែកឯនារីរងគ្រោះរស់នៅក្នុងភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នជាអ្នកដាំបាយស្នាក់នៅជាមួយជនសង្ស័យ។
ប្រភពបន្តថា កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នារីរងគ្រោះឈឺមិនសូវស្រួលខ្លួន ពេលនោះបានឲ្យជនសង្ស័យជួយជូនទៅផ្សារលើដើម្បីទិញថ្នាំយកមកលេប ។ នៅពេលដែលឡើងជិះម៉ូតូជាមួយជនសង្ស័យហើយជនសង្ស័យក៏បានជិះម៉ូតូខុសផ្លូវទៅផ្សារ ពេលដែលនារីរងគ្រោះសួរប្រាប់ទៅទារលុយគេមួយភ្លេតរួចក៏ឌុបនារីរងគ្រោះទៅចម្ការស្វាយចន្ទី ពេលទៅដល់ក៏ឈប់ម៉ូតូរួចស្ទុះចាប់រំលោភនាងរហូតបានសម្រេចតែម្តង ។
ក្រោយពីធ្វើសកម្មភាពរំលោភហើយជនសង្ស័យបានឌុបនាងត្រឡប់មកផ្ទះវិញ ពេលមដល់ផ្ទះនារីរងគ្រោះបានប្រាប់ទៅបងជនសង្ស័យដែរ តែពេលនោះហាក់បីដូចមិនអើពើ ទើបនាងទូរស័ព្ទទៅប្រាប់ឪពុកម្តាយនាង និងបានដាក់ពាក្យប្តឹងទៅសមត្ថកិច្ចតែម្តង ។ រហូតដល់ព្រឹកថ្ងៃទី២២ ខែសីហា ទើបសមត្ថកិច្ចចាប់បានដោយជនសង្ស័យបានគេចខ្លួនទៅផ្ទះបងប្អូននៅឃុំស្រែថ្មី ស្រុករលាប្អៀរ ។
តាមចំលើយសារភាពរបស់ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះមែនដោយសារថ្ងៃនោះរូបគេផឹកស្រវឹងជួនពេលដែលឌុបនាងយកទៅចាប់រំលោភតែម្តង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ចន្ថា