ភ្នំពេញ៖ បុរសជាកម្មករម្នាក់ បានរអិលធ្លាក់ពីរថយន្តហ៊ីយ៉ានដាយមួយគ្រឿង បណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មខណៈរថយន្តកំពុងបើក។
ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចផ្លូវ២០២កែង២១៩ ក្នុងសង្កាត់ដេប៉ូទី១ ខណ្ឌទួលគោក។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះអូន អាយុជាង៣០ឆ្នាំ រូបគេទើបនឹងមកធ្វើការជាកម្មករម្នាងសីលា បានរយៈពេល៤ថ្ងៃ ក៏ជួបគ្រោះក្ស័យជីវិតបែបនេះ។ ចំណែកឯអ្នកបើកបរឈ្មោះផល សំណាង អាយុ៥៧ឆ្នាំ គាត់ជាថៅកែផង និងជាមេជាងផង រស់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រថយន្តបង្កហេតុម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខបាត់ដំបង 2A-4564 ។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុរថយន្តមួយគ្រឿងខាងលើនេះបានធ្វើដំណើរចេញពីចំណុចសង្កាត់ទឹកល្អក់៣ ដឹកម្នាងសីលាចំនួន១៥សន្លឹក ហើយជនរងគ្រោះជាកម្មករជិះនៅលើនោះ ក្នុងទិសដៅពីលិចទៅកើត។ លុះដល់ចំណុចកើតហេតុទំនងរថយន្តបើកក្នុងល្បឿនលឿនហើយចំណុចផ្លូវកែងទើបបណ្តាលឲ្យផ្អៀងធ្លាក់ទាំងមនុស្សនិងម្នាងសីលា បោកក្បាលទៅលើថ្នល់ស្លាប់ភ្លាមៗមួយរំពេច។
ក្រោយពេលកើតហេតុអ្នកបើកបរដែលត្រូវជាថៅកែសមត្ថកិច្ចឃាត់ខ្លួនដើម្បីយកទៅធ្វើការសាកសួរ៕
ដោយ៖ ស ដារ៉ា