រដ្ឋបាលឃុំគោលដៅទាំង៥ (ឃុំកោះស្នែង ឃុំស្រែឬស្សី ឃុំព្រះរំកិល ឃុំតាឡាត ឃុំសន្តិភាព) ទទួលសម្ភារៈឆ្លើយតបហានិភ័យគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ (DRR និង CCA)

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កាលពីថ្មីៗនេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តររាយខេត្តស្ទឹងត្រែង សហការជាមួយអង្គការ People in Need(PIN) បានរៀបចំពិធីប្រគល់សម្ភារៈឆ្លើយ តបហានិភ័យគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ។

ពិធីប្រគល់-ទទួលសម្ភារៈឆ្លើយតបហានិភ័យគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ (DRR និង CCA) ដល់ឃុំគោលដៅទាំង៥ (ឃុំកោះស្នែង ឃុំស្រែឬស្សី ឃុំព្រះរំកិល ឃុំតាឡាត ឃុំសន្តិភាព) នៃស្រុកសៀមប៉ាង ស្រុកបុរីអូរស្វាយសែនជ័យ ស្រុកថាឡាបរិវ៉ាត់ និងស្រុកសេសាន ក្រោមអធិបតីភាព លោកសរ សុពុត្រា អភិបាល នៃគណៈអភិាលខេត្តស្ទឹងត្រែង។

លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តបានថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការដៃគូ ក៏ដូចជាម្ចាស់ជំនួយដែលបានផ្តល់សម្ភារៈបរិក្ខាដើម្បីជាជំនួយដល់រដ្ឋបាលឃុំគោលដៅ ដើម្បីត្រៀមបង្ការ ក្នុងប្រតិបត្តិការជួយសង្រ្គោះ ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ។

លោកអភិបាលខេត្តបន្តមានប្រសាសន៍ឱ្យបណ្តាឃុំគោលដៅទាំង៥ ដែលទទួលបានសម្ភារៈទាំងនោះ ដ៏ធំធេងនេះ គឺត្រូវតែថែរក្សា ការពារសម្ភាៈទាំងនោះឱ្យទៅជាប្រយោជន៍រួមហើយប្រឱ្យចំគោលដៅ នៃការសង្រ្គោះប្រជាពលរដ្ឋ នៃគ្រោះមហន្តរាយ ជៀសវាងការប្រើប្រាស់ទៅលើគោលដៅផ្សេង ដោយរដ្ឋបាលស្រុកជាអ្នកត្រួតពិនិត្យលើកិច្ចការងារ និង សម្ភារៈដែលទទួលបាននេះ។

លោកអភិបាលខេត្តមានការសប្បាយចិត្ត ចំពោះការផ្តល់ជូនសម្ភារៈទាំងនេះ មកមុនពេលរដូវវស្សាដែលនិងឈានចូលមកដល់ ដែលនេះជាតម្រូវការចាំបាច់ដើម្បីប្រើប្រាស់ សំរាប់ស្ថានភាពនៅពេលខាងមុខ ។

លោកស្រី គឹម ដាលីស ប្រធានគម្រោង UNDP បានមានប្រសាសន៍ថា គោលបំណងផ្តល់នូវសម្ភារៈឆ្លើយតបហានិភ័យគ្រោះមហន្តរាយ និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុទៅដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំ ភូមិ ដើម្បីបង្កើនសមត្ថភាពក្នុងការត្រៀមបង្កា និងឆ្លើយតបគ្រោះមហន្តរាយក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។

លោកស្រី ប្រធានគម្រោង UNDP មានប្រសាសន៍ថា គម្រោងរបស់យើងខ្ញុំបានរួមចំណែកឆ្លើយតបទៅនិងចក្ខុវិស័យរួមពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ដែលសង្កត់ធ្ងន់ទៅលើសកម្មភាពបញ្ហាអាកាសធាតុ និងដោះស្រាយបញ្ហាផ្អែកទៅលើធម្មជាតិសំរាប់កំណើននិងសន្តិសុខ របស់មនុស្ស ហើយប្រទេសកម្ពុជាកំពុងប្រឈមនិងការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវជម្រុះ និងការបំពុលបរិស្ថាន។

គូសបញ្ជាក់ថា ក្រសួងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិបានពង្រឹងយន្តការគ្រប់គ្រងគ្រោះមហន្តរាយ ដោយ ផ្តោត សំខាន់លើការត្រៀមបង្ការហានិភ័យ ដើម្បីកាត់បន្ថយគ្រោះមហន្តរាយ ដោយត្រៀមរៀបចំសម្រាប់ការឆ្លើយតប ទៅនឹងមុខសញ្ញាគ្រោះថ្នាក់ផ្សេងៗពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសជួយដល់ប្រជាជនក្រីក្រ ងាយរងគ្រោះ ស្ត្រី កុមារ ចាស់ជរា និងជនមានពិការភាព។

វិស័យឯកជន ដៃគូរអភិវឌ្ឍ សង្គមស៊ីវិល បានចូលរួមសហប្រតិបត្តិការ កៀរគរធនធានដែលចាំបាច់ ដើម្បីធានាអនុវត្តការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឱ្យមានប្រសិទ្ធភាព សម្រាប់ភាពធន់ទៅនឹងការប្រែប្រួល អាកាសធាតុ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print