ភ្នំពេញ ៖ នាព្រឹកថ្ងៃអព្រហស្បត្តិ៍១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយលោកស្រីមេធាវី Maria Margarita Ardivilla ប្រធានផ្នែកកិច្ចការពារកុមារ នៃអង្គការ Unicef ប្រចាំកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាកុមារទំនាស់នឹងច្បាប់។
ក្នុងកិច្ចជំនួបនេះ លោកបណ្ឌិត បានបង្ហាញអំពីយន្តនាការនានារបស់ក្រសួងយុត្តិធម៌ ដែលកំពុងអនុវត្តនិងមានការពាក់ព័ន្ធនឹងការការពារឧត្តមប្រយោជន៍កុមារទំនាស់នឹងច្បាប់នេះ រួមមានដូចជា ការអនុវត្តច្បាប់យុត្តិធម៌អនីតិជន ការដោះលែងដោយមានលក្ខខណ្ឌ និងការអនុវត្តទោសសហគមន៍ដែលនឹងចាប់ផ្តើមអនុវត្តនាពេលខាងមុខ ។
ជាលទ្ធផលនៃកិច្ចពិភាក្សា អង្គការ Unicef បានវាយតម្លៃខ្ពស់សម្រាប់ការងាររបស់ក្រសួងយុត្តិធម៌ពាក់ព័ន្ធនឹងការការពារឧត្តមប្រយោជន៍កុមារទំនាស់នឹងច្បាប់ ព្រមទាំងបានបង្ហាញជំហរនឹងបន្តសហការជាមួយក្រសួងយុត្តិធម៌លើការងារពាក់ព័ន្ធនឹងកុមារទំនាស់នឹងច្បាប់នេះ ជាពិសេសការពង្រឹងនូវយន្តការតាមដាន ត្រួតពិនិត្យ និងសមាហរណកម្មនៅក្នុងសហគមន៍ ៕
ដោយ ៖ សិលា