CDC÷កម្ពុជាទទួលបានគម្រោងវិនិយោគក្នុងកំណើនជាង១៦២%ក្នុងរយ:ពេល៣ខែដើមឆ្នាំ២០២៥ធៀបនឹង៣ខែដើមឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ÷ក្នុងរយ:ពេល៣ខែដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារនិងអាចបង្កើតការងារបានចំនួនប្រមាណជិត ១២ ម៉ឺនកន្លែង ខណ:កាលពី ៣ខែដំបូង ដើមឆ្នាំ ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបតែចំនួន១០៦ គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ២,២ពាន់លានដុល្លារ និងអាចបង្កើតការងារបានជាង ១០៧ពាន់កន្លែងប៉ុណ្ណោះ។ ពោលជារួមក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ៦៦គម្រោង ហើយបើគិតអំពីបរិមាណទុនវិនិយោគ មានការកើនឡើងប្រមាណជាង ៣០៥លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ១៤ភាគរយ ធៀបនឹងរយៈពេលដូច គ្នាក្នុងឆ្នាំ២០២៤។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ឱ្យដឹងថា ក្នុងចំណោមគម្រោង វិនិយោគសរុបទាំងនោះ គឺ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧៣គម្រោង ខណ:នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៩៩គម្រោង ។

គួរបញ្ជាក់ថា គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេ ប្រចាំត្រីមាសឆ្នាំ២០២៥នេះ រួមមាន ៖ គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ចំនួន ៣ គម្រោង ដោយអនុភាពសរុប ៣៥០ មេហ្គាវ៉ាត់,គម្រោងវិនិយោគបង្កើត រោងចក្រកែច្នៃលោហធាតុ ចំនួន ៣ គម្រោង,គម្រោង វិនិយោគបង្កើតរោងចក្រកាត់ដេរ សម្លៀកបំពាក់គ្រប់ប្រភេទ , គម្រោង វិនិយោគ បង្កើតរោងចក្រ ផលិតឧបករណ៍បរិក្ខារពេទ្យ និង ស្រោមដៃគ្រប់ប្រភេទ , គម្រោង វិនិយោគបង្កើត រោងចក្រផលិត សំបកកង់គ្រប់ប្រភេទ , គម្រោង វិនិយោគបង្កើតរោងចក្រផលិតទៀនគ្រប់ប្រភេទ , គម្រោង វិនិយោគបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត , គម្រោង វិនិយោគបង្កើតរោងចក្រ ផលិតគ្រឿងសង្ហារិម និង គម្រោង វិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print