ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា សេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនង ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ក្នុងនោះរាជរដ្ឋាភិបាលសម្រេច ៖
ត្រូវបានបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ដែលមានសមាសភាពដូចខាងក្រោម
១- លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ប្រធាន
២- លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុប្រធាន
៣- លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សមាជិក
ក្រុមការងារចំពោះកិច្ចនេះ ជាសេនាធិការជូននាយករដ្ឋមន្ត្រី និងមានភារកិច្ចដូចតទៅ៖
សម្របសម្រួល ចរចា និងជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក
សម្របសម្រួល និងជំរុញការវិនិយោគរបស់សហរដ្ឋអាមេរិកនៅកម្ពុជា
– សហការសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំ
សហរដ្ឋអាម៉េរិក និងសភាពាណិជ្ជកម្មសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា
សិក្សា វាយតម្លៃ លើកយោបល់ និងធ្វើរបាយការណ៍នៃលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល
– អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល។
ក្រុមការងារចំពោះកិច្ចនេះ ត្រូវប្រជុំតាមការចាំបាច់។
អនុប្រធាននិងសមាជិកនៃក្រុមការងារចំពោះកិច្ចនេះ ត្រូវចូលរួមកិច្ចប្រជុំតាមការអញ្ជើញរបស់ប្រធាន ឬអនុប្រធានតាមការប្រគល់សិទ្ធិពីប្រធាន។
ក្នុងករណីអវត្តមាន ប្រធានអាចប្រគល់សិទ្ធិជូនអនុប្រធាន ដើម្បីដឹកនាំកិច្ចប្រជុំជំនួស។
ក្រុមការងារចំពោះកិច្ចនេះ មានសិទ្ធិអញ្ជើញតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍ និងជំនាញការនានា ចូលរួមប្រជុំ និងផ្តល់យោបល់តាមការចាំបាច់។
ក្រុមការងារចំពោះកិច្ចនេះ មានអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម ជា លេខាធិការដ្ឋាន។
សមាសភាពនិងរបៀបរបបការងាររបស់លេខាធិការដ្ឋាននៃក្រុមការងារចំពោះកិច្ចនេះ ត្រូវកំណត់ដោយ សេចក្តីសម្រេចរបស់ប្រធានក្រុមការងារចំពោះកិច្ចនេះ។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សុខ ខេមរា