ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនដាក់ខ្នោះបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បន្តតាមនីតិវិធី ខណៈបុរសរូបនេះបានទាញដងរែកវាយសំពងលើបងប្រុសបង្កើតបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារតែទំនាស់ពាក្យសម្ដីបន្តិចបន្ទួចក្នុងវង់ផឹកស្រា។
ករណីឃាត់ខ្លួនជនដៃដល់ខាងលើនេះធ្វើកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះជនសង្ស័យដៃដល់ស្ថិចក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ទោល ម៉ូ លីដា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរដ្ឋានបានឲ្យដឹងថា ជនដៃដល់ត្រូវបានឃាត់ចាប់ខ្លួនឈ្មោះ យ៉ុម គីម អាយុ៣៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ត្រី ធាង ឡេង អធិការនគរបាលស្រុកវាលវែង ការឃាត់ចាប់បុរសសង្ស័យដៃដល់រូបនេះគឺតាមពាក្យបណ្តឹងរបស់ឈ្មោះ យ៉ុម ភា អាយុ៥០ឆ្នាំ រស់នៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លងរាប ស្រុកវាលវែង (ត្រូវជាបងប្រុសបង្កើតជនដៃដល់) នៅក្នុងពាក្យបណ្តឹងនោះ បានឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី បន្ទាប់ពីលោកប្អូនដៃដល់ចិត្តឃោរឃៅរូបនេះ ទាញដងរែកវាយសំពងបងបង្កើតបណ្តាលឲ្យរបួសធ្ងន់ ដោយសារការទម្នាស់ពាក្យសម្តីបន្តិចបន្តួចនៅក្នុងវង់ផឹកសីុ បន្ទាប់ពីពួកគេនាំគ្នាផឹកស្រាសអស់ចំនួន៣លីត្រ។
ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា បងប្អូនជនរងគ្រោះនិងជនដៃដល់ឧស្សាហ៍ឈ្លោះប្រកែកគ្នា (មិននិយាយស្តីចូលគ្នាទេ) លុះនៅពេលវេលាម៉ោងកើតហេតុផឹកស៊ីខាងលើជនរងរបួសជាបងបានផឹកស៊ីបន្តិចបន្តួចជុំគ្នាជាមួយបងប្អូននៅផ្ទះ គ្រានោះអ្នករួមការផឹកសុីក៏មានគំនិតហៅប្អូន (ដៃដល់) មកចូលរួមដើម្បីសម្របសម្រួលការទម្នាស់គ្នាពេលកន្លងមក ប៉ុន្តែការផ្សះផ្សាមិនបានលទ្ធផលនោះទេ ដោយបុរសជាបង (ជនរងរបួស) ឆេះដុំកាន់តែខ្លាំងជេប្រចោរប្អូនធ្វើឲ្យទ្រាំមិនបានទាញដងរែកវាយសំពងម៉ាចាស់ដៃតែម្ដង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ត្រូវបានគេបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
សមត្ថកិច្ចបន្តទៀតថា ករណីខាងលើនេះសមត្ថកិច្ចការិយាល័យជំនាញកំពុងបំពេញសំណុំបែបបទ ដើម្បីបញ្ជូនខ្លួនជនសង្ស័យដៃដល់ទៅសាលាដំបូងខេត្តពោធិ៍សាត់បន្តតាមនីតិវិធី នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នេះ ៕
ដោយ៖ ប៉ឹម ពិន