ខេត្តសៀមរាប ៖ ដើម្បីបង្កើតនូវភាពរីករាយ និងស្នាមញញឹមដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិ រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរៀបចំសង្រ្កាន្តបន្ទាយស្រី រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៥ ជាមួយនឹងកម្មវិធីកម្សាន្តសប្បាយជាច្រើន។
លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី លើកឡើងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី បងប្អូនប្រជាពលរដ្ឋមានភាពសប្បាយរីករាយ ជាមួយការជួបជុំគ្រួសារ ជាពិសេសចូលរួមក្នុងសង្រ្កាន្តបន្ទាយស្រី នាពេលនេះ ដែលបង្ហាញពីសាមគ្គីភាព និងភក្ដីភាព។
លោកអភិបាលស្រុក ក៏សូមថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី ទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋ ដោយបានចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍទាំងឡាយ និងចូលរួមចំណែកក្នុងកិច្ចការងារជាតិ ដោយស្មើសិទ្ធតាមរយៈការប្រើប្រាស់យុទ្ធសាស្ត្រ ឈ្នះ ឈ្នះ និងវប្បធម៌សន្ទនា ដើម្បីរក្សាបាននូវសន្ដិភាពស្ថិរភាពនយោបាយ និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋានមួយនេះ។
លោក សែម រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី មានប្រសាសន៍ថា សកម្មភាពនៃព្រឹត្តការណ៍សង្ក្រាន្ត គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល រក្សាបាននូវគុណតម្លៃនៃប្រពៃណីជាតិខ្មែររបស់ប្រទេសជាតិ។ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា ការពារ លើកស្ទួយទំនៀមទម្លាប់បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលផ្សារភ្ជាប់ទៅនឹងវប្បធម៌ចម្រុះរបស់ប្រជាជន៕
ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តសៀមរាប