ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥នេះ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី រួមនឹងថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព អភិបាលក្រុងស្រុក ក្រុមការងារ សសយក និងប្រជាពលរដ្ឋពុទ្ធបរិស័ទ បានចូលរួមក្នុងពិធីវាលុកចេតិយ ឬហៅថាពូនភ្នំខ្សាច់ ជាពិធីដែលមានតាំងពីបុរាណកាលរបស់ខ្មែរ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ នៅវត្តឥន្ទបត្តបុរី ហៅវត្តអង្គរខាងត្បូង។
តាមទំនៀមទម្លាប់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋខ្មែរតែងតែនាំគ្នាទៅវត្ត ប្រគេនចង្ហាន់ដល់ព្រះសង្ឃ រៀបចំពលិការគ្រឿងសក្ការបូជា អុជទៀន ធូប ប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ ធ្វើបុណ្យទានតាមប្រពៃណី វប្បធម៌សាសនា ទំនៀមទម្លាប់ពីដូនតាដែលមានជាយូរលង់មកហើយ។ ហើយក្នុងឱកាសចូលឆ្នាំថ្មី ក៏មានពិធីពិធីសាសនាជាច្រើននៅតាមវត្តអារាមនានា ក្នុងនោះពិធីពូនភ្នំខ្សាច់ ដែលគេសន្មតហៅថា «វាលុកចេតិយ» គឺតំណាងឱ្យ ព្រះចូលាមនីចេតិយ ដែលសាងសំរាប់បញ្ចុះព្រះកេសា និងព្រះចង្កូមកែវនៃព្រះពុទ្ធបរមគ្រូ ក៏ជាប្រពៃណីទំនៀមទម្លាប់ដែលខ្មែរយើងតែងតែនិយមធ្វើជារៀងរាល់ពេលចូលឆ្នាំ ឬធ្វើក្នុងឱកាសពិធីផ្សេងៗដូចជាបុណ្យភ្ជុំបិណ្ឌជាដើម។
ក្រៅពីនេះ ពិធីវាលុកចេតិយ គេច្រើនតែធ្វើចំពោះពេលបុណ្យចម្រើនអាយុ ជូនចំពោះមាតាបិតា ដែលពលរដ្ឋមានជំនឿថា ដើម្បីរំដោះគ្រោះចង្រៃ រំដោះកម្មពៀរវេរា ដែលខ្លួនបានធ្វើកន្លងមក ក្នុងអតីតជាតិក្ដី នៅក្នុងបច្ចុប្បន្នជាតិក្ដី ឱ្យវិនាសសាបសូន្យបាត់ទៅ។ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គ្រប់វត្តអារាមមិនដែលខកខានការរៀបចំទីធ្លាសម្រាប់ធ្វើវាលុកចេតិយនោះឡើយ ព្រោះយល់ថាវាលុកចេតិយនេះ មានអានុភាពអាចរំដោះទុក្ខទោសភ័យទាំងឡាយ ឱ្យវិនាសខ្ចាត់ខ្ចាយអស់គ្មានសល់៕
ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តសៀមរាប