ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់អ្នកភូមិនិងអ្នកហាត់ប្រាណព្រមទាំងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានខណះប្រទះឃើញសពស្ត្រីម្នាក់នៅមាត់ទន្លេវៃ៉គោក្រុងស្វាយរៀង។
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង ៨ព្រឹកថ្ងៃទី១៧ ខែ មេសា ឆ្នាំ២០២៥ នៅចំណុចក្នុងអាងទន្លេវ៉ៃគោ ស្ថិតក្នុងភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថា សពជនរងគ្រោះមានឈ្មោះ មឿន ស្រីលក្ខណ៍ អាយុ៣១ឆ្នាំ រស់នៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
ប្រភពបន្តថា ក្រោយពីមានសេចក្ដីរាយការណ៍ថាមានករណីមនុស្សស្លាប់នៅមាត់ទន្លេវ៉ៃគោភ្លាម សមត្ថកិច្ចនគរបាលក្រុងសហការជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថក្រុង ប៉ុសិ៍្ដនគរបាលរដ្ឋបាលស្វាយរៀង គ្រូពេទ្យនិងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចុះទៅពិនិត្យ។
ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានសន្និដ្ឋានថា គឺពិតជាករណីលង់ទឹកប្រាកដមែនដោយសារតែមូលហេតុគាំងបេះដូង(អង្គុយលើកាំជណ្ដើរមាត់ទន្លេធ្លាក់ចូលទឹក ខណៈមិនមានសង្ស័យជារឿងឃាតកម្មនោះទេ។
បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើកំណត់ហេតុនិងបានប្រគល់សពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណីទាំងក្ដីសោកសង្រេងបំផុត៕