* សប្បាយប្រែជាទុក្ខ
ថ្ងៃចូលឆ្នាំខ្មែរត្រូវជាឆ្នាំថោះ បានកន្លងផុតទៅមួយថ្ងៃ ប្រជាជនកម្ពុជាទទួលបានក្តីសប្បាយរីករាយសាជាថ្មីម្តងទៀតចំពោះជ័យជម្នះរបស់ខ្មែរក្រហមទៅលើរបបលន់ នល់ ។ ម៉ោងប្រហែល ៩ និង ៣០ នាទីព្រឹកក្រុមខ្មែរក្រហមមានប្រដាប់ដោយអាវុធចូលមកកាន់កាប់ទីក្រុងភ្នំពេញ។ យុវជន យុវនារី ក្មេងចាស់ ប្រុសស្រី បានអបអរសាទរចំពោះគេជម្នះនេះជាខ្លាំង។ អ្នកខ្លះឈរតម្រៀបជាជួរទទួលស្វាគមន៍នូវវត្តមានរបស់កងកម្លាំងខ្មែរក្រហម។ រីឯអ្នកដែលមានផ្ទះជាប់ដងផ្លូវក៏ចេញមកទទួលស្វាគមន៍ ព្រមទាំងមានកាន់ក្រណាត់អាវសំពត់សលើកបក់បក់គ្រវីក្នុងគោលបំណងបង្ហាញជាសញ្ញាថា ខ្លួនបានព្រមចុះចូលជាមួយជ័យជម្នះរបស់ខ្មែរក្រហមហើយ។
ចំណែកឯនៅម្ដុំផ្សារមេឃទួល (ទំពូង) ឯណេះវិញមានគ្រួសារមួយដែលជាអ្នកមានមុខមាត់ក្នុងជួររដ្ឋាភិបាលខ្មែរកាលពីសម័យសង្គមចាស់។ ការមកដល់របស់ខ្មែរក្រហម បានធ្វើឲ្យទឹកមុខរបស់សមាជិកគ្រួសារនេះពោរពេញទៅដោយភាពភ័យខ្លាចខុសប្លែកពីក្រុមគ្រួសារដទៃទៀត។ ក្រុមគ្រួសារបានដឹងយ៉ាងប្រាកដថា ជ័យជម្នះរបស់ខ្មែរក្រហម គឺជាជ័យជម្នះរបស់កងកម្លាំងកុម្មុយនីស្តនៅក្នុងប្រទេសកម្ពុជា។
បន្ទាប់មកសំឡេងឧគ្បោសស័ព្ទបានបន្លឺឡើងក្រោមកម្ដៅព្រះអាទិត្យវេលាថ្ងៃត្រង់។ សំឡេងនោះបានបន្លឺឡើងថា ពួកយើងបានយកជ័យជម្នះលើរបប លន់ នល់ ដែលពោរពេញដោយអំពើពុករលួយ និងបក្សពួកនិយម។ ដូច្នេះសូមបងប្អូនកុំបារម្ភតទៅទៀតអី ប៉ុន្តែកងកម្លាំងអាមេរិកនៅបន្តទម្លាក់គ្រាប់បែកនៅក្នុងក្នុងភ្នំពេញនៅឡើយ។ ម្យ៉ាងវិញទៀត ពួកយើងនៅពុំទាន់មានសមត្ថភាពដឹកស្បៀងផ្ឋគត់ផ្គង់ប្រជាជននៅទីប្រជុំជន រួមទាំងបងប្អូននៅក្រុងភ្នំពេញបានទេ។ ដូច្នេះពួកយើងសូមឲ្យបងប្អូនចាកចេញពីក្រុងភ្នំពេញតែរយៈពេល ២ ទៅ 3៣ ថ្ងៃតែប៉ុណ្ណោះ។ សូមបងប្អូនកុំព្រួយបារម្ភអី។
សំឡេងបន្លឺឡើងបានបញ្ចប់ប្រជាជននាំគ្នារូតរះប្រញាប់ប្រញាល់រៀបចំអីវ៉ាន់របស់របរ និងសម្លៀកបំពាក់។ អ្នកខ្លះយកលុយទាំងគរ ទាំងបាវ ហើយអ្នកខ្លះទៀតយកតែខោអាវមួយកាតាបកាបូបតូចតែប៉ុណ្ណោះ។ ចំណែកក្រុមគ្រួសាររបស់តាស៊ុន ដែលសមាជិកគ្រួសាររបស់គាត់ទាំងអស់កំពុងញាប់ដៃញាប់ជើងរៀបចំអីវ៉ាន់។ នៅក្នុងចំណោមសមាជិកទាំងអស់ មីងចំរើន ដែលជាកូនរបស់តាស៊ុន កំពុងតែពពោះជិតគ្រប់ខែ។ យាយសយដែលជាម្ដាយបានសួរទៅកូនថា អារើនកូន អើចុះប្ដីឯងអាផាតវាយ៉ាងម៉េចយ៉ាងម៉ាហើយកូន? មីងចំរើនតបទៅម្ដាយវិញថា ចា៎ ម៉ែប្ដីកូនគាត់ទៅរាមជួញដូរទំនិញ ៣ ៤ ខែហើយអត់ទាន់ឃើញគាត់មកវិញទេ កូនបារម្ភណាស់ម៉ែ។ យាយសយ តបទៅវិញថា កុំគិតបារម្ភអីកូន ឥឡូវយើងត្រូវចាកចេញពីផ្ទះយើងសិន បើមានភ័ព្វមែនពិត កូនគង់តែបានជួបនឹងប្ដីកូនជាមិនខាន។
ស្រាប់តែពេលនោះ មានសំឡេងមួយបានបន្លឺឡើងថា ម៉ែ ពុក មីអូនរៀបចំអីវ៉ាន់ហើយឬនៅ ? ប្រញាប់ឲ្យលឿនឡើង ព្រោះពួកខ្មែរក្រហមគេយកកាំភ្លើងមកភ្ជង់សម្លុតគំរាមឱ្យពលរដ្ឋចុះចេញពីផ្ទះឲ្យប្រញាប់។
តាស៊ុនឮដូច្នោះ ក៏ប្រញាប់និយាយទៅកាន់ក្រុមគ្រួសាររបស់គាត់ថា តោះម៉ែមីអូន យើងប្រញាប់ទៅឲ្យលឿន។
បន្ទាប់មក ក្រុមគ្រួសាររបស់តាស៊ុន បានធ្វើដំណើរចាកចេញពីផ្ទះទាំងទឹកមុខស្រពាប់ស្រពោនលាយឡំនឹងភាពស្ដាយស្រណោះអាឡោះអាល័យដល់ទីកន្លែងកំណើតរបស់ខ្លួន។ ប្រមាណជា ២ម៉ោងសោះ ប្រជាជនក្នុងទីក្រុងភ្នំពេញបានចាកចេញពីលំនៅដ្ឋានរបស់ខ្លួន ហើយទីក្រុងភ្នំពេញដែលធ្លាប់តែឡូយឆាយស៊ីវីល័យប្រែក្លាយទៅជាទីក្រុងខ្មោចដោយមានតែផ្ទះ គ្មានមនុស្សនៅ មានតែផ្សារ តែគ្មានអ្នកលក់ និងអ្នកទិញ ហើយមានសាលារៀនប៉ុន្តែគ្មានគ្រូបង្រៀន និងសិស្សរៀន។
* ក្លាយជាម្ដាយនៅកណ្ដាលកោះ
សូរកាំភ្លើងបន្លឺគំរាមដល់បណ្ដាជនឲ្យជម្លៀសខ្លួនទាំងបង្ខំទៅតាមមូលដ្ឋានសហករណ៍ដែលខ្មែរក្រហមបានចាត់តាំង។ ក្រុមគ្រួសាររបស់តាស៊ុន ខ្មែរក្រហមជម្លៀសទៅសហករណ៍មួយ ស្ថិតនៅក្នុងខេត្តកណ្ដាល។ នៅក្នុងពេលធ្វើដំណើរតាមផ្លូវ មីងចម្រើនបានឈឺពោះសម្រាលកូន។យាយសយ និងពូសែម ភ័យខ្លាំងណាស់ មុខរបស់ពួកគាត់ឡើងស្លេកស្លាំងគ្រប់គ្នា ។ ខណៈពេលនោះ ជួនជាមានឆ្មបម្នាក់ឈ្មោះវី ដែលជាអ្នកនៅក្បែរផ្ទះរបស់តាស៊ុនក៏ត្រូវបានខ្មែរក្រហមជម្លៀសមកជាមួយតា សុ៊ន ដែររួចបានជួយសម្រាលកូនឲ្យមីងចំរើន។ ខណៈដែលមានចំរើនឈឺពោះសម្រាលកូន គឺក្រុមគ្រួសាររបស់ តាស៊ុន កំពុងឈប់សម្រាកនៅលើកោះហៃអាន ដែលស្ថិតនៅខេត្តកណ្ដាល។
សម្រែកទ្រហោរយំលាយឡំនឹងភាពខំប្រឹងប្រែងញ័រដៃញ័រជើងអស់ខំអស់ពីពោះ គួបផ្សំនឹងសំឡេង មីងវី ជាឆ្មបស្រែកឡើងថា ខំប្រឹងឡើងមីអូន ចេញក្បាលហើយ ខំៗឡើង ។ រយៈពេលតែមួយរំពេចសោះ ទារិកាមួយបានកើតចេញមកព្រមទាំងជាប់ឈាមប្រឡាក់ពេញខ្លួននៅកណ្ដាលកោះក្រោមកម្ដៅព្រះអាទិត្យម៉ោងប្រហែលជា ៣ រសៀល។ បន្ទាប់មក មីងវី ជាឆ្មប បានកាត់ទងសុក និងសម្អាតទារិការួចផ្ដាំយាយសយឲ្យជួយមើលថែម្ដាយកូនតូចផង ខ្លាចក្រែងគាត់ទាស់។ ក្រោយមក យាយសយយកអង្ករនិងរបស់របរខ្លះៗដែលដាក់មកជាមួយពេលចេញពីផ្ទះនៅភ្នំពេញមកជូន មីងវី ជាឆ្មបតាមទំនៀមទម្លាប់ខ្មែរ។ រួចតាស៊ុនចាប់កាន់បីចៅហើយមើលទៅមុខចៅទាំងទឹកភ្នែក ដោយនិយាយថា ចៅកម្សត់តា បើសិនជាចៅកើតពេលយើងមានបាន មានផ្ទះរស់នៅ ហើយប្រទេសមានសុខសន្តិភាពមិនដឹងជាល្អយ៉ាងណានោះទេ តាអាណិតឯងណាស់។ មួយស្របក់ក្រោយមក មីងចំរើនបានភ្ញាក់ពីសន្លប់។ តាស៊ុន បានយកចៅទៅដាក់ឲ្យនៅជិតម្ដាយ។មីងចំរើន អរពេក
អាណិតដល់កូនក៏យំឱបកូនរួចដាក់ឈ្មោះឲ្យកូនស្រីកម្សត់នេះថា (នាងផល)។
ក្រោយពីរៀបចំចាត់ចែងរួចមក ក្រុមគ្រួសារនេះបានបន្តដំណើរទៅមុខទៀត ដោយមិនបង្អែរបង្អង់ខ្លាចក្រែងពួកខ្មែរក្រហមវាយនឹងដងកាំភ្លើង ឬចោទថា ជាខ្មាំងប្រឆាំងនឹងអង្គការ។
អនិច្ចាអាសូរដល់ក្រុមគ្រួសារដ៏កម្សត់នេះណាស់ ធ្លាប់តែស្រណុកសុខស្រួល មានទ្រព្យសម្បត្តិ មានបុណ្យស័ក្តិ ប៉ុន្តែដោយសារតែសង្គ្រាមត្រូវនិរាសព្រាត់ប្រាសពីភូមិ ពីផ្ទះ ទៅតាមអ្វីដែលអង្គការបង្គាប់ ហើយបើសិនជាប្រឆាំងគឺត្រូវស្លាប់ទាំងពូជ។ (នៅមានត)