សប្ដាហ៍ភាពយន្តចិន កម្ពុជា នឹងជួយលើកកម្ពស់វិស័យភាពយន្តរវាងប្រទេសកម្ពុជា និងចិន

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងវប្បធម៌ បានថ្លែងថា ការរៀបចំ “សប្ដាហ៍ភាពយន្តចិន កម្ពុជា” នឹងជួយលើកកម្ពស់វិស័យភាពយន្តរវាងប្រទេសកម្ពុជា និងចិន ដើម្បីលើកកម្ពស់ធនធានមនុស្ស ភាពច្នៃប្រឌិតរួមគ្នានៅក្នុង ឧស្សាហកម្មភាពយន្តនាពេលអនាគត និងស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀតរវាងប្រទេសទាំងពីរ។

ថ្លែងក្នុងពិធីបើក“សបា្តហ៍ភាពយន្តចិន នៅព្រះរាជាណាចក្រកម្ពុជា” នៅសាលសន្និសីទចតុមុខ នាសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ចាត់ទុកថា ការរៀបចំ “សប្ដាហ៍ភាពយន្តចិន នៅកម្ពុជា” នាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងការលើកកម្ពស់កិច្ចសហការរវាងប្រទេសកម្ពុជានិងចិន ជាពិសេសលើវិស័យភាពយន្ត និងជាការផ្ដល់ឱកាសសម្រាប់អ្នក ដឹកនាំរឿងផលិតករ សិល្បករ សិល្បការិនី និងអ្នកដែលមានអាជីពក្នុងវិស័យភាពយន្ត បានជួបជុំគ្នា ចែក រំលែកចំណេះដឹង បទពិសោធន៍ពីគ្នាទៅវិញទៅមក ត្រួសត្រាយផ្លូវសម្រាប់កិច្ចសហការផលិតភាពយន្ត ការ ផ្លាស់ប្តូរបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស និងចែករំលែកនូវភាពច្នៃប្រឌិតរួមគ្នានៅក្នុង ឧស្សាហកម្មភាពយន្តនាពេលអនាគត និងស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកដល់ ការអភិវឌ្ឍឧស្សាហកម្មភាពយន្ត និងវប្បធម៌នៃប្រទេសរបស់យើងទាំងពីរ។

លោកស្រីបានលើកទឹកចិត្តឱ្យ “សប្ដាហ៍ភាពយន្តចិន នៅកម្ពុជា” ក្លាយជាវេទិការ ការចែករំលែកគំនិតច្នៃប្រឌិត មិត្តភាព សាមគ្គីភាព ដើម្បីកសាងអនាគតនិងជោគវាសនារួមគ្នា កម្ពុជា-ចិន។

លោកស្រីសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ គ្រប់ភាគីពាក់ព័ន្ធ ដែលក្នុងនោះមាន នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នាយកដ្ឋានសហ ប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា រដ្ឋបាលភាពយន្តចិន គណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជាអាស៊ី និងបណ្ណសារភាពយន្តចិន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានសហការគ្នារៀបចំព្រឹត្តិការណ៍សប្ដាហ៍ភាពយន្តចិន នៅព្រះរាជាណាចក្រកម្ពុជា ឱ្យ លេចរូបរាងឡើងនាពលនេះ។ សកម្មភាពនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវស្មារតី និងឆន្ទៈក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរ និងការធ្វើឱ្យប្រសើរឡើងថែមទៀតនូវកិច្ចសន្ទនារវាងប្រទេសកម្ពុជានិងចិន៕

ប្រភព ៖  «CCFR China state-controlled media »

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print