ភ្នំពេញ ៖ ព្រះនាងតូច នរោត្តម ជេនណា នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការថា ៖ ជាបឋ ម ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតក្រាបអរព្រះរាជគុណព្រះករុណា ហ្លួងតា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងហ្លួងយាយទួត សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលស្ដេចទាំងទ្វេសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់តួនាទីដល់ខ្ញុំម្ចាស់ ជាអ្នកជូនភួងមាលា ដល់ ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីសាធារណៈរដ្ឋប្រជាមានិតុចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។
ព្រះនាងតូច នរោត្តម ជេនណា បានលើកឡើហថា ៖ នេះជារឿងរ៉ាវដ៏ពិសេសបំផុតក្នុងឆាកជីវិត ពោពេញដោយសេចក្ដីរំភើបយ៉ាងខ្លាំងរកទីបំផុតគ្មាន ដែលអាចរាប់ថាជាអនុស្សាវរីយ៍ប្រវត្តិសាស្រ្តដ៏ល្អប្រចាំជីវិតខ្ញុំម្ចាស់។
ព្រះនាងតូច នរោត្តម ជេនណា បន្តថា ៖ ខ្ញុំម្ចាស់ជាចៅសូមក្រាបបង្គំថ្វាយព្រះពរ ព្រះករុណាហ្លួងតា និងហ្លួងយាយ ទួត សូមទេវតាថែរក្សាព្រះមហាស្វេត្រឆ័ត្រ ព្រះបារមីវត្ថុសក្តិសិទ្ធិនានាក្នុងលោក ព្រមទាំងទេវតារក្សាឆ្នាំថ្មី ប្រទានព្រះពរជ័យសព្វសាធុការ ថ្វាយព្រះអង្គទាំងទ្វេ សូមស្តេចប្រកបដោយព្រះបរមសុខគ្រប់ប្រការ មានព្រះរាជសុខភាពល្អ គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្រ្តទូទាំងព្រះនគរ។
ព្រះនាងតូច នរោត្តម ជេនណា ថា ៖ ខ្ញុំក៏សូមគោរពជូនពរ ឯកឧត្តម ប្រធានាធិបតី មានសេចក្តីរីករាយក្នុងដំណេីរទស្សនកិច្ចមកកម្ពុជា ចងចាំក្តីស្រឡាញ់រវាងជាតិសាសន៍ទាំងពីរ។
សូមជម្រាបថា ៖ ទ្រង់ពូកែខ្លាំង! គ្រាន់តែរាប់ត្រួសៗ ព្រះនាងតូច នរោត្ដម ជេនណា មានសមត្ថភាពសិល្បៈជិត ១០យ៉ាង ឯណោះ ។
ព្រះនាងតូច នរោត្តម ជេនណា មាន គោរមងារ ផ្លូវ ការ ថា អ្នក អង្គ ម្ចាស់ ក្សត្រិយ៍ នរោត្ដម ជេនណា «Princess Jenna Norodom»។ ព្រះនាង ជាបុត្រីរបស់អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម បុប្ផារី ត្រូវជា ព្រះ រាជនត្តា (ចៅស្រី) ព្រះ ករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរព សក្ការដ៏ខ្ពង់ខ្ពស់ បំផុត ជាព្រះ ភាគិនេយ្យា (ក្មួយស្រី) នៃព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ព្រះនាងតូចមានទេពកោសល្យសិល្បៈតាំងពីនៅតូចត្រឹម ៥ ទៅ ៦ព្រះវស្សា ហើយសមត្ថភាពសិល្បៈរបស់ទ្រង់ ចេះតែបន្តរីកចម្រើនទៅតាមវ័យ រហូតមានកិត្តិនាមល្បីល្បាញខ្លាំង ត្រូវបានប្រជានុរាស្ត្រស្គាល់ទូទាំងនគរ។ មិនតែប៉ុណ្ណោះថែមទាំងល្បីនៅលើឆាកអន្តរជាតិទៀតផង ដូចជានៅប្រទេសកូរ៉េ និងចិនជាដើម។ មិនមែនជារឿងចៃដន្យ តែគ្រប់យ៉ាងដែលព្រះនាងទទួលបានពេលនេះ គឺកើតចេញពីសមត្ថភាពពិតៗ ៕
ដោយ ៖ សិលា