ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃសៅរ៍ទី១៩ ខែមេសា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈសម្ពាធទាបគ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា សមុទ្រចិនខាងត្បូង និងលើអាងទន្លេ មេគង្គក្រោម។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥៖
១-តំបន់វាលទំនាប៖
សីតុណ្ហភាពមធ្យមអប្បបរមា ២៦°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C។ ខ្យល់ បក់មកពីទិសនិរតី មានល្បឿនមធ្យម ២ម៉ែត្រវិនាទី។ ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាប ស្វាយរៀង និងខេត្តតាកែវ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១០%។
២-តំបន់ខ្ពង់រាប៖
សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៧°C។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍មានល្បឿនមធ្យម ២,៥ម៉ែត្រវិនាទី។ ខេត្តប៉ៃលិន ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១០%។
៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ និងខេត្តកំពត អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី១០%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ០,៧៥ម៉ែត្រ៕ដោយ៖តារា