ភ្នំពេញ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញអំពីលទ្ធផលក្រោយដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក ស៊ី ជីនពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន នៅកម្ពុជា រយៈពេល២ថ្ងៃកាលពីថ្ងៃទី១៧ ដល់ ១៨ ខែមេសាឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។
នាឱកាសនោះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនពីង បានថ្លែងថា៖ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីថា កម្ពុជា និង ចិន ជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញ ទៅមកនិងគាំទ្រគ្នាគ្រប់កាលៈទេសៈ ។ ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្រ្តរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំនៅកម្ពុជា ប្រទេសទាំងបានឯកភាពគ្នាកសាងសហគមន៍វាសនារួម កម្ពុជា ចិន ក្នុងយុគ្គសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ ស្តង់ដាខ្ពស់ ជាមួយនឹងការបន្តពង្រឹងទំនុកចិត្តជាយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការជាផ្លែផ្កាជាក់ស្តែង និងការផ្លាស់ប្តូរប្រជាជន និង ប្រជាជនកាន់តែញឹកញាប់ ដែលបង្កើតបាននូវគំរូថ្មីនៃទំនាក់ទំនងអន្តរជាតិ និងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។
បន្ថែមពីនេះ ភាគីចិន បានសន្យាការនាំចូលនូវកសិផលដែលមានគុណភាពខ្ពស់ របស់កម្ពុជាអោយកាន់តែច្រើនឡើងបន្ថែមទៀត ខណៈដែលកន្លងមក ចិនបាននាំចូលនូវផលិតផលកសិកម្មមួយចំនួនរួចហើយដូចជា ចេកអំបូងលឿង ស្វាយកែវរមៀត គ្រាប់ចន្ទី ត្រី តាមរយះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន និង អសិប ជាដើម។ ដោយឡែកពាក់ពន្ធ័នឹងការវិនិយោគ ភាគីចិន បានសន្យាថា នឹងផ្សព្វផ្សាយ ព្រមទាំងជម្រុញអោយវិនិយោគិនចិន បន្ត និង បន្ថែមការវិនិយោគនៅកម្ពុជា អោយបានកាន់តែច្រើនបន្ថែមទៀត ដើម្បីផ្តល់ផលប្រយោជន៍អោយគ្នាទៅវិញទៅមក។
លោកឯកអគ្គរដ្ឋទូត បន្តថា ក្រោមការឯកភាពជាយុទ្ធសាស្ត្រកម្រិតខ្ពស់ប្រទេសទាំង២ ដោយគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា ចិន ដោយយន្តការគ្រប់គ្រងរួម និងការអនុវត្តផែនការសកម្មភាព ស្តីពីការកសាងសហគមន៍វាសនារួម កម្ពុជា ចិន ក្នុងយុគសម័យថ្មី ជាចំនុចចម្បង ភាគីទាំង២ នឹងបន្តជម្រុញក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា ចិន ដែលមានវិស័យអទិភាពចំនួន ៦និង ពន្លឿន ការកសាង”ច្រករបៀងឧស្សហកម្ម និង បច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និង អង្ករ” ព្រមទាំងពង្រឹងទំនុកចិត្តនយោបាយអោយកាន់តែខ្ពស់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន កាលពីឆ្នាំ២០២៤ បានសម្រេច ១៣៧៦២លានដុល្លារអាម៉េរិក កើនឡើង ២៤,២៣% ក្នុងនោះការនាំចេញរបស់កម្ពុជាសម្រេចបាន១៦០៧លានដុល្លារអាម៉េរិកកើនឡើង២២,២៧%។ ក្នុងនោះដែរ ក្រុមហ៊ុន សហគ្រាសចិន ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជាមានចំនួន ២ ៩២១ កើនឡើង ២០,៦៥%៕ដោយ៖តារា