នារសៀលនេះ ! មាននាវា២គ្រឿងរបស់កងស្វ័យការពារជើងទឹកជប៉ុន បានចូលចតនៅមជ្ឈមណ្ឌលហ្វឹកហ្វឹនពហុសាសន៍ មូលដ្ឋាន សមុទ្រ រាម 

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី១៩ ខែមេសានេះ នាវា២គ្រឿងរបស់កងស្វ័យការពារជើងទឹកជប៉ុន បានចូលចតនៅមជ្ឈមណ្ឌលហ្វឹកហ្វឹនពហុសាសន៍ មូលដ្ឋាន សមុទ្រ រាម ក្រុង កំពង់ សោម ខេត្ត ព្រះសីហនុ។ នាវារបស់ជប៉ុននេះ នឹងស្ថិតនៅក្នុងប្រទេសកម្ពុជារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

នាវារបស់ជប៉ុននេះ គឺជានាវាបរទេសទី១ហើយដែលត្រូវបានអនុញ្ញាតឳ្យចូលចតនៅមូលដ្ឋានសមុទ្ររាម បន្ទាប់ពីមូលដ្ឋាននេះ ត្រូវបានធ្វើទំនើបកម្ម និងត្រូវបានសម្ពោធដាក់ឳ្យប្រើប្រាស់ជាផ្លូវការកាលពីដើមខែមេសា ឆ្នាំ២០២៥នេះ។
សូមបញ្ជាក់ថា ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ធ្លាប់ប្រកាសបើកការស្វាគមន៍ប្រទេសជាមិត្តទាំងអស់ មកហ្វឹកហ្វឺននៅមូលដ្ឋានសមុទ្ររាម ។
សម្តេចធិបតីថា ៖ រាល់ការហ្វឹកហ្វឺនជាមួយប្រទេសជាមិត្ត ភាគីណាទាំងអស់ ដែលជាកងទ័ពជើងទឹក នឹងត្រូវអនុញ្ញាតឱ្យចូលមក យើងមានទាំងផែឱ្យនៅ និងមានកន្លែងឱ្យស្នាក់នៅថែមទៀត»។
សម្តេចបានបន្តថា «យើងអត់មានលាក់ទេ ជាឱកាសពង្រឹងអធិបតេយ្យភាព មិត្តភាព សាមគ្គីភាពរវាងកម្ពុជាជាមួយប្រទេសទាំងអស់ រួមទាំងវិស័យការពារជាតិរបស់យើង ផ្អែកលើសាមគ្គី និងការគោរពអធិបតេយ្យភាពជាតិគ្នាទៅវិញទៅមក»។
បើតាមសម្តេចបវរធិបតី, រាល់នាវាកងទ័ពបរទេស ដែលចង់ចូលមកចតនៅកំពង់ផែរាម ត្រូវតែជូនដំណឹងមកកម្ពុជាជាមុន រួមទាំងនាវាកងទ័ពរបស់ប្រទេសចិនផងដែរ លើកលែងតែករណីបន្ទាន់ ដែលត្រូវការសង្គ្រោះ។ នាវាយោធាទាំងអស់សុទ្ធតែអាចចូលមកបាន លើកលែងតែនាវាដែលលើសចំណុះដែលកំពង់ផែកម្ពុជា មិនអាចទ្រទ្រង់បាន។
សម្តេចបានបញ្ជាក់ថា មូលដ្ឋានកងទ័ពជើងទឹករាម គឺស្ថិតនៅក្រោមការគ្រប់គ្រងផ្តាច់មុខដោយកងទ័ពជើងទឹកកម្ពុជា។ ទោះជាយ៉ាងនេះក្តី សម្តេចបានលើកឡើងថា ក្រុមប្រឆាំង និងសារព័ត៌មានបរទេសមួយចំនួន នឹងនៅតែរកឱកាសវាយប្រហារចំពោះកម្ពុជា ទាក់ទងនឹងបញ្ហានេះ ដោយមិនឈប់ឈរឡើយ។
សម្តេចបានបញ្ជាក់បន្ថែមទៀតថា បើកម្ពុជាចង់លាក់នោះក៏កម្ពុជា មិនចាំបាច់រៀបចំពិធីសម្ពោធ និងធ្វើការផ្សព្វផ្សាយផ្ទាល់តាមបណ្តាញព័ត៌មាន និងបណ្តាញសង្គមនោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជា ក៏មិនបានធ្វើទង្វើណា ដែលរំលោភលើរដ្ឋធម្មនុញ្ញរបស់ខ្លួននោះដែរ៕

ដោយ ៖ សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print