ធ្លាប់តែឬថា រត់ពន្ធគ្រឿងញៀន ភ្លុកដំរី ឬស្នែងរមាសក៏ដូចជាសត្វកម្រដែលត្រូវហាមឃាត់។ ពេលនេះមានយុវជន២នាក់រត់ពន្ធសត្វស្រមោចក៏ត្រូវបានចាប់ខ្លួនផងដែរ។
យោងតាមសារព័ត៌មាន CBS News បានឱ្យដឹងថា បុរសជនជាតិបែលហ្ស៊ិក ពីរនាក់ត្រូវបានចោទប្រកាន់ពីបទជួញដូរសត្វព្រៃ បន្ទាប់ពីត្រូវបានរកឃើញថាមានស្រមោចរាប់ពាន់ក្បាលវេចខ្ចប់ក្នុងបំពង់កែវ ។
បុរសអាយុ 19 ឆ្នាំពីរនាក់ឈ្មោះ Lornoy David និង Seppe Lodewijckx ត្រូវបានចាប់ខ្លួននៅឯផ្ទះសំណាក់មួយកាលពីថ្ងៃទី 5 ខែមេសា ជាមួយនឹងស្រមោចចំនួន 5,000 ក្បាល។ អ្នកទាំងពីរហាក់ដូចជាមានស្មារតីតក់ស្លុត នៅពេលដែលពួកគេបានបង្ហាញខ្លួននៅចំពោះមុខចៅក្រមក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ហើយត្រូវបានលួងលោមដោយសាច់ញាតិនៅឯការកាត់ក្តី។
David និង Lodewijckx បានប្រាប់ចៅក្រមថា ពួកគេប្រមូលស្រមោចដើម្បីលេងសើច ហើយមិនដឹងថាវាផ្ទុយនឹងច្បាប់នោះទេ។ សេវាសត្វព្រៃកេនយ៉ា (KWS) បាននិយាយថា យុវជនទាំងនោះកំពុងរត់ពន្ធស្រមោចទៅទីផ្សារនៅអឺរ៉ុបនិងអាស៊ី។
ប្រភេទស្រមោចដែលត្រូវបានគេរត់ពន្ធគឺ Messor cephalotes មានដើមកំណើតនៅអាហ្វ្រិកខាងកើត ហើយមានទំហំធំ និងមានពណ៌ក្រហម។
កន្លងមក ប្រទេសកេនយ៉ាបានតស៊ូជាមួយនឹងការជួញដូរខុសច្បាប់ នៃប្រភេទសត្វព្រៃធំៗ ដូចជាដំរី រមាស និងសត្វពង្រូលជាដើម។ ប៉ុន្តែករណីដែលពាក់ព័ន្ធនឹងយុវជនទាំងនេះបង្ហាញពីការផ្លាស់ប្តូរនិន្នាការពាណិជ្ជកម្មខុសច្បាប់ ដោយប្តូរពីសត្វធំៗ និងឆ្ពោះទៅរកប្រភេទសត្វដែលមិនសូវស្គាល់ ប៉ុន្តែមានសារៈសំខាន់ខាងអេកូឡូស៊ី។
អាជ្ញាធរកេនយ៉ាបានវាយតម្លៃស្រមោច៥ពាន់ក្បាលខាងលើ មានតម្លៃ (ស្មើនឹង ៧.៧០០ ដុល្លារ)។ តម្លៃស្រមោចអាចប្រែប្រួលអាស្រ័យលើប្រភេទ និងទីផ្សារ។
Philip Muruthi អនុប្រធានផ្នែកអភិរក្សនៅមូលនិធិសត្វព្រៃអាហ្វ្រិកនៅទីក្រុងណៃរ៉ូប៊ី មានប្រសាសន៍ថា ស្រមោចដើរតួនាទីក្នុងការបង្កើនសារធាតុចិញ្ចឹមក្នុងដី គាំទ្រដំណុះ និងផ្តល់អាហារដល់ប្រភេទសត្វដូចជាបក្សី។
លោក Muruthi បានព្រមានពីហានិភ័យដែលការជួញដូរសត្វអាចឈានដល់ការរីករាលដាលនៃជំងឺដល់វិស័យកសិកម្មក្នុងប្រទេសនាំចូល។
ការជួញដូរសត្វព្រៃខុសច្បាប់ឥឡូវនេះត្រូវបានចាត់ទុកថាជាឧស្សាហកម្មរត់ពន្ធខុសច្បាប់ធំជាងគេទី 4 នៅលើពិភពលោក ជាមួយនឹងតម្លៃប៉ាន់ស្មាន 25 ពាន់លានដុល្លារក្នុងមួយឆ្នាំ នេះបើយោងតាមអង្គការប៉ូលិសឧក្រិដ្ឋកម្មអន្តរជាតិ (INTERPOL) ៕ ដោយធីរីណា
រូបថត: tuoitre