ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បង្ហាញសមិទ្ធផលរបស់កម្ពុជាក្នុងវិស័យសិទ្ធិមនុស្ស ការកសាងសន្តិភាព និងការអភិវឌ្ឍ ដែលត្រូវបានរំលេចឡើងនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស បានចេញសេចក្តីប្រកាសព័ត៌មានពីស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ ។
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (HRC) បានបញ្ចប់សម័យប្រជុំលើកទី៥៨ របស់ខ្លួន (ពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី០៤ ខែមេសា) បន្ទាប់ពីបានរៀបចំកិច្ចប្រជុំចំនួន ៥៨ លើក និងអនុម័តឯកសារចំនួន ៣២ ដែលលើកឡើងអំពីបញ្ហាតាមវិស័យ និងតាមប្រទេសជាក់លាក់។ សម័យប្រជុំនេះ មានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ និងមន្ត្រីរដ្ឋាភិបាលចំនួន៧៤រូប ដោយក្នុងនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងសម័យប្រជុំនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការប្រែក្លាយរបស់កម្ពុជាពីប្រទេសមានជម្លោះទៅជាប្រទេសដែលមានសន្តិភាព កំណើនសេដ្ឋកិច្ច និងការរួមចំណែក នៅក្នុងយន្តការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងសិទ្ធិមនុស្ស ដូចខាងក្រោម៖
ការប្រែក្លាយរបស់កម្ពុជាពីមានជម្លោះទៅជាសន្តិភាព៖ បទពិសោធន៍របស់កម្ពុជាគឺជាសក្ខីភាពដ៏រឹងមាំមួយដែលបង្ហាញថា ជម្លោះអាចដោះស្រាយបាន យុត្តិធម៌អន្តរកាលអាចសម្រេចបាន ហើយអតីតតំបន់សង្គ្រាមអាចត្រូវបានផ្លាស់ប្តូរទៅជាទីនៃសន្តិភាព មានកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ការប្រែក្លាយនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែស្តែងចេញពីការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្ត្រីកម្ពុជា។ គោលនយោបាយ ឈ្នះ=ឈ្នះ» របស់សម្តេច មិនត្រឹមតែនាំមកនូវការបញ្ចប់ជម្លោះផ្ទៃក្នុងរុាំរ៉ៃជាច្រើនទស្សវត្សរ៍ប៉ុណ្ណោះទេ តែថែមទាំងបានបង្កើតជាគ្រឹះសម្រាប់ការផ្សះផ្សារជាតិ ស្ថិរភាពរយៈពេលវែង និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។
ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលគួរឱ្យស្ងើចសរសើរ៖ កម្ពុជាមានវឌ្ឍនភាពជាក់លាក់ អាយុសង្ឃឹមរស់បានកើនឡើងពី ៥៩ឆ្នាំក្នុងឆ្នាំ២០០០ ដល់ ៧៦ឆ្នាំក្នុងឆ្នាំ២០២១។ មុនពេលជំងឺរាតត្បាតកូវីដ-១៩ សេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនស្ថេរជាង ៧% ជារៀងរាល់ឆ្នាំ អស់រយៈពេលជាង ២ទសវត្សរ៍ ជាមួយនឹងអត្រាកំណើន ៦% នៅឆ្នាំ២០២៤។ ជាការគួរ កត់សម្គាល់ ប្រទេសកម្ពុជា និងប្រទេសសេណេហ្គាល់ ត្រូវបានសម្រេចឱ្យចាកចេញពី ចំណាត់ថ្នាក់ក្រុមប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ៕
ដោយ ៖ សិលា