ខេត្តកំពង់ឆ្នាំង៖ អាជ្ញាធរបឹងទន្លេសាបសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោយពីចុះពិនិត្យនៅចំណុចចាក់ដីចូលទន្លេសាបស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុង កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង លោក ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប និងក្រុមការងារ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ជាឱ្យតំណាងក្រុមហ៊ុនទឹកស្អាតក្រុងកំពង់ឆ្នាំង កាយដីចេញភ្លាមពីទន្លេសាបឱ្យអស់ចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះតទៅ ដោយសារសកម្មភាពនេះផ្ទុយទៅនឹងមាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
តំណាងក្រុមហ៊ុនទឹកស្អាតអានកូបានឲ្យដឹងថា ការចាក់ដីចូលទន្លេសាបចំងាយពីច្រាំង៧០ម៉ែត្រនេះ ក្នុងគោល បំណងការពារម៉ាស៊ីនបូមទឹក ដែលមានការរំខានពីដើមកំប្លោក និងភាពល្អក់កករនៃទឹក និងខ្លាចខ្វះទឹកឱ្យប្រជាជនលេងចូលឆ្នាំជាដើម ពុំមានចេតនារំលោភយកទន្លេសាបជាកម្មសិទ្ធិនោះទេ។
អង្គប្រជុំដែលមានអាជ្ញាធរទន្លេសាបជាប្រធាន បានបញ្ជាឱ្យក្រុមហ៊ុនទឹកស្អាតអានកូ កាយដីទំនប់ដែលបានចាក់ចូលក្នុងទន្លេសាបប្រវែង៧០ម៉ែត្រចេញវិញឱ្យអស់ ចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥តទៅ ដោយ សារសកម្មភាពចាក់ដីចូលទន្លេនេះ វាផ្ទុយទៅនឹងមាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៃព្រះរាជាណាចក្រកម្ពុជា។
តំណាងក្រុមហ៊ុនទឹកស្អាតទឹកស្អាត ស្នើសុំអង្គប្រជុំទៅដើមសប្តាហ៍ក្រោយ ដោយមានហេតុផលថា បើកាយដីទំនប់នេះចេញ នឹងនាំឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាជនក្រុងកំពង់ឆ្នាំង ហើយអង្គប្រជុំបានសម្របសម្រួលឱ្យក្រុមហ៊ុនទឹកស្អាតនៅថ្ងៃទី២១ ខែ មេសា ឆ្នាំ២០២៥ ត្រូវទៅចូលរួមប្រជុំលក្ខណៈបច្ចេក ទេស នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។ ដោយឡែកនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រុម ការងារនឹងចុះពិនិត្យទីតាំងជាក់ស្តែងម្តងទៀត ដើម្បីសម្រេចការសម្រួលលក្ខណៈបច្ចេកទេស។
ប្រជាពលរដ្ឋបានអរគុណដល់លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក អាជ្ញាធរទន្លេសាប និងអាជ្ញាធរខេត្តកំពង់ឆ្នាំងដែលបានចំណាត់ការរឿងនេះទាន់ពេលវេលា និងឲ្យកាយចេញអោយអស់។ ពួកគាត់បន្តថា ប្រសិនបើចង់បានទឹកល្អឱ្យប្រជាពលរដ្ឋប្រើប្រាស់ ហេតុអ្វីមិនសុំច្បាប់តទុយោបូមពីទន្លេទី២មក សូម្បីតែខាងជំនាញក៏ធ្លាប់ផ្តល់យោបល់បែបនេះដែរ ព្រោះទន្លេទី២មានទឹកស្អាតល្អ មិនកខ្វក់ដូចទន្លេមួយនេះទេ។ ម្យ៉ាងទៀតថាខ្លាចដើមកំប្លោក ថាតើទន្លេណាមួយគ្មានដើមកំប្លោក? តើគ្មានវិធីសាស្ត្រ ក្រៅពីការចាក់ដីចូលទន្លេនោះទេ? ។ មួយទៀតដើម្បីការពារម៉ាស៊ីនបូមទឹក តែប្រជាជនបាន ឃើញម៉ាស៊ីនបូមទឹកនេះ ស្ថិតនៅទីតាំងនោះយូរហើយ ពេលរដូវទឹកឡើង និងស្រក វាអណ្តែតទៅតាមទឹកតើ ចុះហេតុអ្វីយកលុយរាប់ម៉ឺនដុល្លាទៅចាក់ដីក្នុងទន្លេធ្វើអោយមានផលប៉ះពាល់ច្រើនទៅវិញ?។
ប្រជាពលរដ្ឋបន្តថា ផលប៉ះពាល់សម្រាប់ប្រជានេសាទវិញ ការបាំងទំនប់កាត់ទទឹងទន្លេសាបរហូតដល់៧០ ម៉ែត្រនេះ វាបណ្តាលឱ្យកកស្ទះដើមកំប្លោកនៅទីតាំងនោះ និងនាំឱ្យមានការលំបាកក្នុងការចេញចូលទូកកាណូតរបស់ប្រជានេសាទ ក្នុងមុខរបរប្រចាំថ្ងៃរបស់ពួកគាត់។ ជាពិសេស ប្រសិនបើមានសមាជិកក្នុងគ្រួសារណាមួយមានគ្រោះថ្នាក់ ឬឈឺជាអ្វីនោះ ពួកគាត់មិនអាចដឹកជូនសមាជឹកគ្រួសារនោះទៅដល់ពេទ្យជួយសង្គ្រោះទាន់ពេលវេលានោះឡើយ។ ដោយឡែកផលប៉ះពាល់មួយទៀត សូម្បីសម្រាស់ដែលគេយកដាក់ក្នុងទន្លេចាប់ត្រី គឺខុសច្បាប់ធ្ងន់ធ្ងរដោយសារធ្វើអោយទន្លេគោករាក់ តែនៅពេលគេចាក់ដីរាប់រយឡានចូលក្នុងទន្លេបែបនេះ ថាតើខុសដែរទេ?។
អង្គប្រជុំនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នោះ អញ្ជើញចូលរួមពីលោក អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួង ធនធានទឹក តំណាងលោករដ្ឋមន្ត្រីក្រសួងធនធានទឹក, លោកហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប, លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោក ម៉ៅ តារា នាយករដ្ឋបាលសាលា ខេត្ត, ប្រធាន មន្ទីរធនធានទឹកខេត្ត, ប្រធានមន្ទីរឧស្សាហកម្មខេត្ត, អាជ្ញាធរក្រុងកំពង់ឆ្នាំង, អាជ្ញាធរសង្កាត់ខ្សាម, និងតំណាងក្រុមហ៊ុនទឹកស្អាតចូលរួមផងដែរ៕