ខេត្តពោធិ៍សាត់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
– សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបង្ហាញក្ដីរីករាយដែលបានត្រលប់មកកាន់រោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៅខេត្តពោធិ៍សាត់ នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មីនៅព្រឹកនេះ ខណៈរោងចក្រនេះ គឺជាមោទនភាពមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជានៅខេត្តពោធិ៍សាត់ក៏ដូចជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។
-សម្ដេចធិបតី ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត ពោធិ៍សាត់ ប្រជាពលរដ្ឋនៅទូទាំងប្រទេស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទដែលបានចូលរួមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីកន្លងមកនេះ ប្រកបដោយភាពសប្បាយរីករាយគ្រប់ ទីកន្លែង។
-សម្ដេចធិបតី ថ្លែងថា ខេត្តពោធិ៍សាត់ គឺជាខេត្តឆ្លងកាត់ ភ្ញៀវទេសចរទៅហួសមកហួស សកម្មភាពសេដ្ឋកិច្ចក៏មិនសូវមាន ប៉ុន្ដែពេលនេះខេត្តពោធិ៍សាត់ មានក្រុមហ៊ុន និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford ជាដើម ដែលផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែងដល់ពលរដ្ឋក្នុងខេត្ត មានសក្ដានុពលឧស្សាហកម្ម និងជាការវិវត្តន៍ទៅមុខរបស់កម្ពុជា។
-សម្ដេចធិបតី ថ្លែងថា កត្តាសុខសន្ដិភាពរបស់កម្ពុជា បានធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ខណៈបើប្រទេសមានសង្គ្រាម គិតតែច្បាំងគ្នា គឺមិនអាចអភិវឌ្ឍន៍ ឬធ្វើអ្វីបានឡើយ។
-សម្ដេចធិបតី ថ្លែងថា សម្ដេចធ្លាប់ឱ្យពិនិត្យមើលទិន្នន័យក្នុងរយៈពេល៣ឆ្នាំក្នុងខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង គឺជាខេត្តឆ្លងកាត់ ភ្ញៀវទេសចរទៅហួសមកហួស, សកម្មភាពសេដ្ឋកិច្ចក៏មិនសូវមាន ប៉ុន្ដែពេលនេះខេត្តពោធិ៍សាត់មានក្រុមហ៊ុន និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford ជាដើមដែលផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែងដល់ពលរដ្ឋក្នុងខេត្ត មានសក្ដានុពលឧស្សាហកម្ម និងជាការវិវត្តន៍ទៅមុខរបស់កម្ពុជា។
-សម្ដេចធិបតី ថ្លែងថា កាលពីឆ្នាំ ១៩៩០ កម្ពុជា ផលិត ផលិតផលអ្វីក៏ត្រូវការនាំចូលពីក្រៅប្រទេសដែរ ប៉ុន្ដែមកដល់ពេលនេះ កម្ពុជាអាចមានសមត្ថភាពផលិតផ្គត់ផ្គង់ និងនាំចេញទៅក្រៅទាំងផលិតផលកសិកម្ម និងគ្រឿងបង្គុំអគ្គិសនីហើយពេលនេះមានរោងចក្រផលិត និងដំឡើងរថយន្តថែមទៀត។
-សម្ដេចធិបតី ថ្លែងថា អំឡុងរយៈពេលត្រឹមជិត ៣ ឆ្នាំខេត្តពោធិ៍សាត់ មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់, ក្នុងនោះបើនិយាយត្រឹមតែវិស័យការងារគឺកើនពីរោងចក្រសហ គ្រាស ៣០០ កន្លែងកើនដល់ ៤០៤ រោងចក្រសហគ្រាសនៅក្នុងឆ្នាំ២០២៥ និងបង្កើតការងារបានជាង ១៥០០០ កន្លែងថែមទៀត។
-សម្តេចធិបតី ថ្លែងបង្ហាញមោទនភាពយ៉ាងខ្លាំង ខណៈក្រុមហ៊ុន Fordពីមុននាំចូលគ្រឿងបង្គុំរថយន្តពីក្រៅប្រទេសចូលមកកម្ពុជា ដើម្បីផ្គុំចេញជារថយន្ត ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនឈានដល់កម្រិតផលិតគ្រឿងបង្គុំនៅកម្ពុជា ដោយកាត់បន្ថយការនាំចូលទាំងស្រុងដូចមុនទៀត។
-សម្តេចធិបតី ថ្លែងបន្ថែមថា ការដែលក្រុមហ៊ុនរថយន្តរបស់អាមេរិកមួយនេះសម្រេចពង្រីកអាជីវកម្មបន្ថែមនៅកម្ពុជា ដោយសារតែក្រុមហ៊ុននេះជឿជាក់លើស្ថិរភាព និងសុខសន្តិភាពនៅប្រទេសកម្ពុជា។
-សម្ដេចធិបតី ថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺទាក់ទាញអ្នកវិនិយោគថ្មី ហើយថែរក្សាអ្នកចាស់ដែលបានវិនិយោគនៅកម្ពុជាឱ្យបានរីកចម្រើនទៅមុខបន្ថែមទៀត ជាមួយនឹងសុខសន្ដិភាព និងស្ថិរភាពដែលកម្ពុជាកំពុងមាន។ ហើយសន្ដិភាពនេះ ជាការធានារបស់គណបក្សប្រជាជនកម្ពុជាផ្ដល់ជូនវិនិយោគិនរយៈពេលវែងដែលចង់មកវិនិយោគនៅកម្ពុជា។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិ បានគិតគូរធ្វើយ៉ាងណាលើការលើកទឹកចិត្ត និងបន្ធូបន្ថយការលំបាក់ដល់ក្រុមហ៊ុន វិនិយោគិនដែលចង់ចូលមកវិនិយោគនៅកម្ពុជា តាមរយៈការសម្រួលនីតិវិធី កាត់បន្ថយលក្ខន្តិកៈនានា ដើម្បីធ្វើយ៉ាងណាផ្ដល់ភាពងាយស្រួលដល់ការវិនិយោគ។
-សម្ដេចធិបតី ថ្លែងថា ក្រុមហ៊ុនរថយន្ត Ford របស់អាមេរិក ហ៊ានដាក់ទុនរាប់លានដុល្លារនៅកម្ពុជា ព្រោះគេយល់ថា កម្ពុជាអាចធានាស្ថិរភាព សន្តិសុខ សន្តិភាព រយៈពេលវែង អំណោយផលដល់ការវិនិយោគ ដែលនេះ ជាមោទភាពមួយរបស់ពលរដ្ឋកម្ពុជា។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា កាលណាប្រទេសជាតិមួយគ្មានស្ថិរភាព គ្មានសន្តិភាព ផ្ទុះសង្គ្រាម ក្រុមហ៊ុនដែលកំពុងវិនិយោគ និងវេចបង្វេចទៅស្រុកវិញ ឈប់វិនិយោគ។
-សម្ដេចធិបតី ថ្លែងថា កុំគិតថា កម្ពុជាជាប្រទេសកសិកម្ម សូមចាប់អារម្មណ៍ថា កម្ពុជាមានរោងចក្រផលិតរថយន្តដែរ ហើយមិនមែនផលិតឡានជ័រទេ។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលខិតខំដាក់ចេញនូវផែនការយុទ្ធ សាស្ត្រនានា និងលើកទឹកចិត្តដល់ក្រុមហ៊ុន ព្រមទាំងវិស័យឯកជននានា ដើម្បីពលរដ្ឋមានលទ្ធភាព ទិញរថយន្តថ្មី ប្រកបដោយគុណភាពស្តង់ដាអន្តរជាតិ និងតម្លៃសមរម្យយកមកប្រើប្រាស់។
-សម្ដេចធិបតី ថ្លែងណែនាំឱ្យអាជ្ញាធរខេត្តពោធិ៍សាត់យកចិត្តទុកដាក់ ធ្វើយ៉ាងណាធ្វើឱ្យខេត្តក្លាយជាខេត្តមានសន្ដិសុខល្អ មានកេរ្តិ៍ឈ្មោះល្អ ខណៈកាលពីមុនខេត្តមានករណីទន្ទ្រានដីធ្លីមួយចំនួនបានកើតឡើង។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា នៅពេលខេត្តមានសន្ដិសុខល្អនឹងទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុនបន្ថែមទៀត ជាពិសេសខេត្តមានលក្ខណៈអំណោយផលច្រើនលើការវិនិយោគ និងវិស័យទេសចរណ៍។
-សម្ដេចធិបតី ថ្លែងថា កម្ពុជាមិនមែនត្រឹមតែជាប្រទេសដែលប្រមូលធាតុផ្គុំពីខាងក្រៅមកផលិតក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្ដែកម្ពុជាកំពុងក្លាយជាប្រទេសដែលផលិតគ្រឿងបង្គុំខ្លួនឯង និងនាំចេញទៅក្រៅប្រទេសផងដែរ។
-សម្ដេចធិបតី ថ្លែងលើកទឹកចិត្តដល់ក្រុមហ៊ុននៅក្នុងស្រុកខិតខំស្វែងរកដៃគូសហការដើម្បីផលិតគ្រឿងបង្គុំក្នុងស្រុកបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ដល់ខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន។
-សម្តេចធិបតី ថ្លែងថា បច្ចុប្បន្ននេះប្រទេសកម្ពុជា មានរោងចក្រដំឡើងរថយន្តចំនួន៩ ក្នុងនោះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៦ និងនៅខាងក្រៅចំនួន៣។
-សម្ដេចធិបតី ថ្លែងសង្កត់ធ្ងន់ថា រោងចក្រផលិតរថយន្តចំនួន ៩ រោងចក្រនេះ និងមានកូនខ្មែររាប់ពាន់នាក់ធ្វើការនៅក្នុងរោងចក្រនោះ។ សម្ដេចថា នៅពេលឆាប់ៗខាងមុខ កម្ពុជានឹងនាំចេញរថយន្តដែលផលិតនៅកម្ពុជា ព្រមទាំងមានបិទស្លាក Made in Cambodia ថែមទៀត។
-សម្ដេចធិបតី ថ្លែងថា បច្ចុប្បន្នការប្រើប្រាស់រថយន្តអគ្គិសនី (EV) នៅកម្ពុជាកំពុងមានកំណើនគួរឱ្យគត់សម្គាល់។ សម្ដេចណែនាំដល់ក្រសួងរ៉ែ និងថាមពលពិនិត្យមើលដាក់ពង្រាយស្ថានីយរថយន្តអគ្គិសនីនេះបន្ថែមទៀតនៅតាមបណ្ដាផ្លូវជាតិនានា និងត្រូវគិតគូរអំពីស្ដង់ដាសុវត្ថិភាព និងគុណភាព។
-សម្ដេចធិបតី ថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺទាក់ទាញអ្នកវិនិយោគថ្មី ហើយថែរក្សាអ្នកចាស់ដែលបានវិនិយោគនៅកម្ពុជាឱ្យបានរីកចម្រើនទៅមុខបន្ថែមទៀត ជាមួយនឹងសុខសន្ដិភាព និងស្ថិរភាពដែលកម្ពុជាកំពុងមាន។
-សម្ដេចធិបតី ថ្លែងថា ក្រោមរូបភាពអ្វីក៏ដោយ បើសិនជាចូលមកកាប់ទន្រ្ទានធនធានធម្មជាតិ ដីធ្លីរបស់រដ្ឋ គឺត្រូវតែអនុវត្តវិធានការច្បាប់ទាំងអស់។ មិនមែនចេះតែទៅកាប់ទន្ទ្រានផ្ដេសផ្ដាសនោះទេ ប៉ុន្ដែបើសិនជាពលរដ្ឋ គ្មានដីពិតប្រាកដរាជរដ្ឋាភិបាលនឹងផ្ដល់ដីជូន។
-សម្ដេចធិបតី ថ្លែងថា កម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍ ដោយចីរភាព ដែលគ្រោងអនុវត្តជំហានដំបូងនៅខេត្តស្ទឹងត្រែងនោះ មានពលរដ្ឋបានដាក់ពាក្យស្នើសុំ ចំនួន ១០០០០ នាក់រួចហើយ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ឥឡូវនេះគណៈកម្មការជំនាញកំពុង ពិនិត្យមើលរកអ្នកដែលខ្វះខាតដីពិតប្រាកដ ដើម្បីផ្ដល់ដីជូន។
– សម្ដេចធិបតី ថ្លែងប្រកាសធានាខុសត្រូវចំពោះកងកម្លាំង និងអាជ្ញាធរដែលចុះអនុវត្តច្បាប់ត្រឹមត្រូវ ចំពោះជនល្មើសធនធានធម្មជាតិនានា ដែលមានបំណងអាក្រក់ប្រើហិង្សា ឬប្រើអាវុធមកលើកងកម្លាំង។
-សម្ដេចធិបតី ថ្លែងថា អំពាវនាវដល់វិនិយោគិនជ្រើសរើសយកកម្ពុជា ក្នុងការពង្រីកខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនបន្ថែមទៀត។
នាឱកាសនោះដែរ លោក Kevin Whitcraft ប្រធានក្រុមហ៊ុន RMA Group ក៏បានស្នើសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធានាឱ្យមានតុល្យភាពពន្ធអាករ រវាងរថយន្តនាំចូលពីក្រៅប្រទេស និងរថយន្តដំឡើងក្នុងស្រុក។
ប្រធានក្រុមហ៊ុន ក៏ស្នើសម្ដេចផ្តល់អាទិភាពដល់រថយន្តដែលបានដំឡើងក្នុងស្រុកនៅក្នុងដំណើរការលទ្ធកម្មសាធារណៈ និងការដេញថ្លៃ (quota)។ ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធផ្សេងៗគ្នាទៅតាមទីតាំងរោងចក្រនីមួយៗ, ជាពិសេស រោងចក្រដែលស្ថិត នៅតាមតំបន់ដាច់ស្រយាល។ កែសម្រួលនូវលក្ខណៈវិនិច្ឆ័យនៃការវិនិយោគរោងចក្រដំឡើងរថយន្ត ស្របតាមស្ថានភាពជាក់ស្តែង និងជំរុញការអនុវត្តស្តង់ដាររថយន្ត, ស្តង់ដារប្រេងឥន្ធនៈ និងស្តង់ដារ រោងចក្រដំឡើងរថយន្ត ជាដើម៕