ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងថៃ សម្រេចបានជាង ១ពាន់លានដុល្លារ កើនឡើងជាង ២% ក្នុងត្រីមាសទី ១ឆ្នាំនេះ​

ចែករំលែក៖

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ ក្នុងត្រីមាសទី ១ឆ្នាំ ២០២៥ សម្រេចបានតម្លៃទឹកប្រាក់សរុបប្រមាណ ១,១៤ពាន់លានដុល្លារអាម៉េរិកកើនឡើង ២,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

របាយការណ៍ដដែលនេះ បង្ហាញទៀតថា ចាប់ពីខែមករា ដល់ខែមីនាឆ្នាំនេះការនាំចេញរបសកម្ពុជាទៅប្រទេសថៃ មានតម្លៃទឹកប្រាក់ប្រមាណ២៥៥លានដុល្លារអាម៉េរិក បានធ្លាក់ចុះ ១០,៧% ចំណែកការនាំចូលរបស់កម្ពុជាពីប្រទេសមកវិញ មានតម្លៃទឹកប្រាក់ប្រមាណ ៨៩៣លានដុល្លារអាម៉េរិក កើនឡើង ៦,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ផលិតផលសំខាន់ៗរបស់កម្ពុជានាំចេញទៅប្រទេសថៃភាគច្រើន មានដូចជា ផលិតផលកសិកម្ម ពោត ដំឡូងមី ស្រូវ អង្ករ កៅស៊ូ ស្វាយ និងផលិតផលឈើ ដែលភាគីថៃយកទៅកែច្នៃដើម្បីនាំចេញបន្ត។ ក្រៅពីនេះក៏មានផលិតផលគ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់ និងគ្រឿងបង្គុំខ្សែភ្លើងរថយន្ត ជាដើម។

ដោយឡែកមុខទំនិញដែលកម្ពុជា នាំចូលពីប្រទេសថៃ ភាគច្រើន រួមមាន គ្រឿងឧបភោគបរិភោគ សម្ភារសំណង់ ប្រេងឥន្ធនៈ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ រថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងសម្អាង ឱសថ និងបរិក្ខាពេទ្យ ជាដើម។

កន្លងមកប្រមុខដឹកនាំរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរធ្លាប់បានប្តេជ្ញាថា នឹងជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឲ្យឈានដល់ទំហំទឹកប្រាក់ចំនួន ១៥ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២០ ប៉ុន្តែរហូតមកទល់នឹងពេលនេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មិនទាន់សម្រេចបានគោលដៅនេះនៅឡើយ។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងថៃ សម្រេចបានប្រមាណ ៤,២៨ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៥,៥% បើធៀបនឹងឆ្នាំ ២០២៣។ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅថៃ មានតម្លៃ ៨៤៤លានដុល្លារអាម៉េរិក កើនឡើង ៣,៣% ខណៈដែលកម្ពុជានាំចូលពីថៃ មានតម្លៃ ៣,៤៤ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៨,៩% ធៀបនឹងឆ្នាំ ២០២៣។

...

សូមជម្រាបថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៣ និងថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print