និស្សិតម្នាក់បើករថយន្តបុកក្របី២ក្បាលងាប់ នៅចំណុចផ្លូវចូលក្បាលឆាយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ និស្សិតម្នាក់រងរបួសមធ្យម ខណៈបើករថយន្តពីភ្នំពេញទៅខេត្តព្រះសីហនុ ដល់ចំណុច ផ្លូវចូលក្បាលឆាយ បុកក្របី២ក្បាលដើរឆ្លងផ្លូវជាតិលេខ៤ ងាប់នៅនឹងកន្លែងកាលពី វេលាម៉ោង១២និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២២៧-២២៨ ស្ថិតនៅក្បែរផ្លូវចូលក្បាលឆាយ ក្នុងភូមិ១ សង្កាត់លេខ១ ក្រុង- ខេត្តព្រះសីហនុ។

មន្ត្រីនគរបាលចរាចរខេត្តព្រះសីហនុបានឲ្យដឹងថា ជនរងគ្រោះដែលបើករថយន្តបុកក្របី ហើយ រងរបួសនោះឈ្មោះ ឈន នរអង្គ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់លេខ៣ ក្រុង- ខេត្តព្រះសីហនុ។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តម៉ាក MG ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ2A-5351 ធ្វើដំណើរពីភ្នំពេញទៅខេត្តព្រះសីហនុ លុះពេលបើកមកដល់ ចំណុចកើតហេតុគ្រាដែលរថយន្តកំពុងបើកលឿន ចៃដន្យក្របីដើរឆ្លងផ្លូវ និងដោយចំណុចកើតហេតុ ងងឹតផងរថយន្តក៏បុកក្របីទាំង២ក្បាលនោះបណ្តាលឲ្យងាប់មួយរំពេច។

នគរបាលបញ្ជាក់ថា ក្រោយពេលកើតហេតុ រថយន្តជនរងគ្រោះ និងក្របីដែលងាប់ ត្រូវបានបញ្ជូនមករក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ គ្រាដែលជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលរបួសស្នាម។

មន្ត្រីដដែលបានបន្ថែមថា រហូតមកដល់ព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ គេពុំទាន់ឃើញ ម្ចាស់ក្របី ចេញមុខមកយកក្របីនោះទេ តែសម្រាប់ក្រុមគ្រួសារជនរងគ្រោះបានមកបំពេញឯកសារ ដើម្បីយករថយន្ត ទៅជួសជុល ហើយក្របី ដែលងាប់ ត្រូវបានម្ចាស់រថយន្តប្រគល់ ឲ្យសមត្ថកិច្ចចាត់ការបែបណាតាមការគួរ។

គួរបញ្ជាក់ថា តាមច្បាប់ការចិញ្ចឹមសត្វពាហនៈ ម្ចាស់កម្មសិទ្ធិសត្វត្រូវដាក់ទ្រុង ចង ឃ្វាល មិនត្រូវ លែងឲ្យដើររហេតរហូត ដែលនាំឲ្យកើតមានគ្រោះថ្នាក់ដូចករណីខាងលើនេះ។ នេះសំណាងដែលអ្នក បើកបររថយន្តមិនស្លាប់ តែបើមានគ្រោះថ្នាក់ដល់អាយុជីវិតមែននោះ ម្ចាស់ក្របី នឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ អាចជាប់គុកដោយសារការចិញ្ចឹមសត្វមិនបានមើលថែ៕

20160824_080844 20160824_080835 20160824_080919 20160824_080634

ដោយ៖ ឆ្លាមសមុទ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print