លោក Zelensky ចង់ជួបលោក Trump ក្នុងពិធីបុណ្យសពរបស់សម្តេចប៉ាប

ចែករំលែក៖

លោក Zelensky បានបង្ហាញពីបំណងចង់ជួបប្រធានាធិបតី Trump នៅពេលដែលមេដឹកនាំទាំងពីរចូលរួមពិធីបុណ្យសពរបស់សម្តេចប៉ាបនៅឯបុរីវ៉ាទីកង់នៅចុងសប្តាហ៍នេះ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងគៀវកាលពីថ្ងៃទី 22 ខែមេសាថា “បាទ ខ្ញុំចង់ជួបគាត់ ហើយខ្ញុំត្រៀមខ្លួនជាស្រេច។ យើងតែងតែត្រៀមខ្លួនដើម្បីជួបដៃគូរបស់យើងពីសហរដ្ឋអាមេរិក” ។
ពិធីបុណ្យសពរបស់សម្តេច Pope Francis នឹងប្រព្រឹត្តទៅនៅថ្ងៃទី 26 ខែមេសា នៅបុរី Vatican។ មេដឹកនាំពិភពលោកជាច្រើន រួមទាំងប្រធានាធិបតីអាមេរិក និងសមភាគីអ៊ុយក្រែន បានប្រកាសថាពួកគាត់នឹងចូលរួម។
លោក Zelensky បានធ្វើសំណើប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិកបានព្រមានថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីបោះបង់ចោលកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សន្តិភាពក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើភាគីនានាមិនឈានដល់កិច្ចព្រមព្រៀងឆាប់ៗនេះ។ អាមេរិកនឹងជួបពិភាក្សាជាមួយមន្ត្រីអ៊ុយក្រែន និងអឺរ៉ុបនៅអង់គ្លេសនៅថ្ងៃទី ២៣ ខែមេសា ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់ការប្រយុទ្ធ។
ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា ប្រទេសនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពី “បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ឬបទឈប់បាញ់មួយផ្នែក” នៅក្នុងកិច្ចពិភាក្សាក្នុងប្រទេសអង់គ្លេស។ លោកក៏បានចោទប្រកាន់រុស្ស៊ីពីការព្យាយាមអូសទាញចេញពីដំណើរការសន្ទនាដើម្បីធ្វើឱ្យអាមេរិកបាត់បង់ការអត់ធ្មត់ជាបណ្តើរៗ ដោយនិយាយថា ទីក្រុងមូស្គូនឹងត្រូវយល់ព្រមចំពោះបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ មុនពេលទីក្រុងគៀវត្រៀមខ្លួនចាប់ផ្តើមការចរចាដោយផ្ទាល់។
កិច្ចពិភាក្សាក្នុងប្រទេសអង់គ្លេសត្រូវបានគេនិយាយថានឹងធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនៅប្រទេសបារាំងកាលពីសប្តាហ៍មុន ដែលសហរដ្ឋអាមេរិកបានចែករំលែកសំណើដើម្បីសម្រេចបានបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី នឹងអ៊ុយក្រែន។
ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានដកស្រង់ប្រភពដែលមិនបញ្ចេញឈ្មោះដែលនិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងរៀបចំបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ និងទទួលស្គាល់ឧបទ្វីបគ្រីមៀថាជាទឹកដីរុស្ស៊ីជាផ្នែកមួយនៃកិច្ចព្រមព្រៀង។ ទន្ទឹមនឹងនោះ លោក Zelensky បានប្រកាសថា អ៊ុយក្រែននឹងមិនទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ីលើឧបទ្វីបនេះទេ៕ ដោយធីរីណា

...

រូបថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print