យ៉ាងហោចណាស់មនុស្ស 26 នាក់បានស្លាប់នៅពេលដែលខ្មាន់កាំភ្លើងវាយប្រហារអ្នកទេសចរនៅឯរមណីយដ្ឋាន Pahalgam ក្នុងទឹកដីគ្រប់គ្រងដោយឥណ្ឌា។
យោងតាមមន្ត្រីប៉ូលិសក្នុងតំបន់ ការបាញ់ប្រហារទៅលើអ្នកទេសចរបានធ្វើឡើងកាលពីថ្ងៃទី 22 ខែមេសា នៅរមណីយដ្ឋាន Pahalgam ក្នុងតំបន់ហៅថា “Jammu និង Kashmir” ដែលជាទឹកដីមានជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាន ដែលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឥណ្ឌា។
លោក Omar Abdullah មេដឹកនាំនៃតំបន់ Jammu និង Kashmir បាននិយាយថា ការបាញ់ប្រហារនេះគឺ “ធំជាងការវាយប្រហារណាមួយលើជនស៊ីវិលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ” ។ យ៉ាងហោចណាស់មនុស្ស 26 នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ។
មគ្គុទ្ទេសក៍ទេសចរណ៍ឈ្មោះ Waheed បាននិយាយថា គាត់បានមកដល់កន្លែងកើតហេតុ បន្ទាប់ពីបានឮសំឡេងកាំភ្លើង ហើយបានយកអ្នករបួសមួយចំនួនជិះសេះទៅបាត់។ Waheed បាននិយាយថា “ខ្ញុំបានឃើញបុរសមួយចំនួនដេកនៅលើដីពួកគេមើលទៅដូចជាពួកគេបានស្លាប់”។
បុគ្គលិកពេទ្យនៅមន្ទីរពេទ្យមួយក្នុងទីក្រុង Anantnag ភាគនិរតីនៃ Pahalgam បាននិយាយថា ពួកគេបានទទួលជនរងគ្រោះដែលរងរបួសជាច្រើននាក់ ក្នុងនោះមានម្នាក់រងរបួសដោយគ្រាប់កាំភ្លើងនៅក។
គ្មានក្រុមណាអះអាងទទួលខុសត្រូវលើការបាញ់ប្រហារនេះទេ។ Jammu និង Kashmir ដែលភាគច្រើនជាជនជាតិម៉ូស្លីម បានញាំញីដោយអំពើហឹង្សាតាំងពីឆ្នាំ 1989 នៅពេលដែលក្រុមបំបែកខ្លួនស្វែងរកឯករាជ្យ ឬការរួមបញ្ចូលគ្នាក្នុងតំបន់ជាមួយប៉ាគីស្ថាន។
នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានថ្កោលទោសការវាយប្រហារដោយហៅវាថាជា “ទង្វើដ៏សាហាវ” និងបានប្តេជ្ញាថានឹងនាំជនល្មើសមកកាត់ទោស។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា លោក Amit Shah បាននិយាយថា លោកកំពុងហោះហើរទៅកាន់កន្លែងកើតហេតុនៃការវាយប្រហារ ដោយប្តេជ្ញាថានឹងដាក់ទោសជនល្មើសយ៉ាងធ្ងន់ធ្ងរ៕ ដោយធីរីណា
រូបថត: AFP