សេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ាន-សហរដ្ឋអាមេរិក លើកទី៣៧

ចែករំលែក៖

ភ្នំពេញ ៖ កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-សហរដ្ឋអាមេរិក លើកទី៣៧ (37th ASEAN-U.S. Dialogue) ត្រូវបានរៀបចំនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ដើម្បីពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសំខាន់ៗក្រោមក្របខណ្ឌភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះដឹកនាំដោយ លោក គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានកម្ពុជា និង លោក សន ខេ អូនែល (Sean K. O’Neill) មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសសហរដ្ឋ អាមេរិក។ បណ្តាឧត្តមមន្ត្រី និងតំណាងមកពីប្រទេសសមាជិកអាស៊ាន ទីម័រឡេស្តេ និងលេខាធិការ ដ្ឋានអាស៊ាន ក៏មានវត្តមាននៅក្នុងកិច្ចប្រជុំនេះផងដែរ។

កិច្ចប្រជុំបានសម្តែងការកោតសរសើរចំពោះកម្ពុជា ក្នុងតួនាទីដ៏ខ្ជាប់ខ្ជួន ជាប្រទេសសម្រប សម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក និងបានបង្ហាញការគាំទ្រចំពោះភាពជាប្រធាន អាស៊ានរបស់ម៉ាឡេស៊ី ឆ្នាំ២០២៥ ជាមួយមូលបទ – បរិយាប័ន្ន និងចីរភាព ។

កិច្ចប្រជុំបានពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពអាស៊ាន-សហរដ្ឋ អាមេរិក ឆ្នាំ២០២១-២០២៥ និងបានពិភាក្សាដោយផ្តោតលើទិសដៅឆ្ពោះទៅមុខសម្រាប់កិច្ចសហ ប្រតិបត្តិការអនាគតក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក។ ភាគី ទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការជំរុញកិច្ចសហការលើវិស័យអាទិភាព ជាពិសេសក្នុងការដោះស្រាយបញ្ហា ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការជួញដូរគ្រឿងញៀន និងការបោកប្រាស់ តាមអ៊ុនធើណែត កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងភេរវកម្ម និងការបង្កើនកិច្ចសហប្រតិបត្តិការ សន្តិសុខតាមប្រព័ន្ធអ៊ីនធើណែត។ កិច្ចប្រជុំក៏ទន្ទឹងរង់ចាំការសម្រេចឱ្យបានទាន់ពេលវេលា ថ្លែងការណ៍ស្តីពីទស្សនវិស័យរួមរបស់ថ្នាក់ដឹកនាំអាស៊ាន-សហរដ្ឋអាមេរិក ដើម្បីលើក និងវិបុលភាព អាស៊ាន និងសហរដ្ឋអាមេរិកឱ្យរឹតតែខ្លាំងក្លា។ ឯកសារនេះនឹងត្រូវដាក់ការឯក ពីសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយសហរដ្ឋអាមេរិក នៅខែកក្កដា ឆ្នាំ២០២៥ មុននឹងឆ្លងការអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី១៣ ដែលគ្រោងនឹងរៀបចំ នៅខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

ចំពោះភាពជាដៃគូសេដ្ឋកិច្ចអាស៊ាន-សហរដ្ឋអាមេរិក កិច្ចប្រជុំបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការបង្កើនភាពធន់នៃសេដ្ឋកិច្ច និងការពង្រីកកិច្ចសហការពីវិស័យឯកជន ដើម្បីធ្វើឱ្យទំនាក់ទំនង ពាណិជ្ជកម្ម និងវិនិយោគកាន់តែស៊ីជម្រៅ។ ភាគីទាំងពីរ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុង ការជំរុញទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-សហរដ្ឋអាមេរិក តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យយុទ្ធសាស្ត្រសំខាន់ៗដែលផ្តល់ប្រយោជន៍ទៅវិញទៅមក រួមមានសេវាកម្មឌីជីថល និង ឧស្សាហកម្មផ្អែកលើចំណេះដឹង ស្បៀងអាហារ និងកសិកម្ម បច្ចេកវិទ្យាបៃតង កម្មន្តសាលកម្ម កម្រិតខ្ពស់ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ អាស៊ានរំពឹងទទួលបានការបន្តគាំទ្រ របស់សហរដ្ឋអាមេរិក ចំពោះច្រកចេញចូលតែមួយអាស៊ាន ប្រព័ន្ធថាមពលអាស៊ាន និងកិច្ចព្រមព្រៀង ក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA)។

ភាគីទាំងពីរ បានបង្ហាញសុទិដ្ឋិនិយមដ៏ខ្លាំងក្លាចំពោះអនាគតនៃកិច្ចសហប្រតិបត្តិការអាស៊ាន សហរដ្ឋអាមេរិក ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនអាស៊ាន និងសហរដ្ឋអាមេរិក។ កិច្ចប្រជុំក៏ បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាប្រឈមតំបន់ និងសកល ដែលជាកង្វល់ និងប្រយោជន៍រួមផងដែរ។

នៅក្នុងសុន្ទរកថាបិទ លោក គង់ ភោគ បានវាយតម្លៃខ្ពស់ចំពោះកិច្ចពិភាក្សាប្រកបដោយខ្លឹម សារ ស្ថាបនា និងសារៈសំខាន់ ក្នុងអំឡុងពេលកិច្ចប្រជុំ ក៏ដូចជាការចូលរួមចំណែកដ៏មានតម្លៃរបស់ ប្រទេសចូលរួមប្រជុំទាំងអស់។ លោកបានបញ្ជាក់ថា ក្នុងឋានៈជាប្រទេសសម្របសម្រួលទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ឆ្នាំ២០២៤-២០២៧ កម្ពុជាប្តេជ្ញាចិត្ត និងត្រៀមខ្លួនដើម្បីសហការ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញអាទិភាពរួម និងបង្កើនភាពជាដៃគូប្រកបដោយ ភាពក្លៀវក្លា និងទិសដៅឆ្ពោះទៅមុខ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print