ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីអគ្គិសនីកម្ពុជា នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា មានករណីមេឃភ្លៀង លាយលំនិងខ្យល់កន្ត្រាក់ធ្វើឱ្យប៉ើងស័ង្កសី និងរលំបង្គោលខ្សែភ្លើង នៅតាមដងផ្លូវ ប៉ុន្តែសំណាងល្អមិនមានអ្នករងការគ្រោះថ្នាក់នោះទេ គ្រាន់តែបង្កឱ្យដាច់ចរន្តអគ្គិសនី។
អគ្គីសនីកម្ពុជា បានបញ្ជាក់ថា ជាក់ស្ដែងមានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៤ (GS4-F28) មូលហេតុបណ្តាលមកពីមានភ្លៀង និងខ្យល់កន្ត្រាក់ធ្វើឱ្យប៉ើងស័ង្កសីជាប់ខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ៖ សង្កាត់ដង្កោ និង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F9) មូលហេតុដោយសារតែមានខ្យល់កន្ត្រាក់ខ្លាំងធ្វើឱ្យរលំបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ចំនួន០៣ដើម និងរលំបង្គោលខ្សែបណ្តាញតង់ស្យុងទាប (LV) ចំនួន០៤ដើម ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ៖ (១)សង្កាត់សំរោងក្រោម សង្កាត់ចោមចៅ និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (២)សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពដដែលបន្តថា បច្ចុប្បន្នក្រុមការងារបច្ចេកទេសបានធ្វើការពិនិត្យ និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យបានប្រើប្រាស់ឡើងវិញទៅតាមពេលវេលាផងដែរ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន៕ដោយ៖តារា
សូមមើលរូបភាពខាងក្រោមនេះ៖