អន្តរជាតិ ៖ ប្រមុខរដ្ឋឥណ្ឌាលោក Narendra Modi ថ្លែងសារព្រមានចំៗមិនសំចៃមាត់ពីមុខពលរដ្ឋឥណ្ឌារាប់ម៉ឺននាក់បានប្រកាសជំហនិងប្តេជ្ញាតាមរកក្រុមភេរវករមកផ្តន្ទាទោសដល់ទីបញ្ចប់ផែនដីឲ្យទាល់តែបានក្រោយពីក្រុមភេរវករទាំងនោះបានបើកការបាញ់ប្រហារយ៉ាងកំរោលសម្លាប់លើក្រុមភ្ញៀវទេសចរប្រមាណ ២៦នាក់ នៅក្នុងតំបន់កាស្មៀរ ។
ភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថានកាន់តែតានតឹងឡើងក្រោយផ្ទុះអាវុធសម្លាប់ទេសចរ ២៦នាក់ ដោយប៉ាគីស្ថានបានប្រកាសបិទការផ្តល់ VISA ដល់ពលរដ្ឋឥណ្ឌា និងប្រកាសបិទព្រំដែន និងផ្អាកការធ្វើពាណិជ្ជកម្មជាមួយឥណ្ឌា។ ជាការឆ្លើយតបឥណ្ឌាបានប្រកាសឲ្យពលរដ្ឋប៉ាគីស្ថានចាកចេញពីប្រទេសឥណ្ឌាភ្លាមៗ ហើយក៏បានផ្អាកសន្ធិសញ្ញាចែករំលែកទឹក ប្រកាសបិទច្រកព្រំដែនគោកសំខាន់ជាមួយគ្នាដែលជាជម្លោះការទូតមិនធ្លាប់កើតមានជាមួយគ្នា។
ប៉ូលិសឥណ្ឌាបាននិយាយថា ខ្មាន់កាំភ្លើងទាំងបីនាក់គឺជាសមាជិកនៃក្រុម Lashkar-e-Taiba ដែលមានមូលដ្ឋាននៅប៉ាគីស្ថាន ដែលជាអង្គការភេរវករដែលកំណត់ដោយអង្គការសហប្រជាជាតិ។
ដើមចមនៃការផ្ទុះអាវុធជារឿយៗនៃតំបន់ កាស្មៀរ ដោយសារតែតំបន់នេះត្រូវបានបែងចែករវាងឥណ្ឌា និងប៉ាគីស្ថាន ចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ ១៩៤៧ ដោយប្រទេសទាំងពីរបានទាមទារទឹកដីទាំងស្រុងប៉ុន្តែគ្រប់គ្រងផ្នែកដាច់ដោយឡែកពីគ្នា។ក្រុមឧទ្ទាមបានធ្វើសកម្មភាពបះបោរនៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌាចាប់តាំងពីឆ្នាំ ១៩៨៩ ដោយទាមទារឯករាជ្យ និងការរួមបញ្ចូលគ្នាជាមួយប៉ាគីស្ថានឡើងវិញ នៅក្នុងតំបន់ជម្លោះនេះមានពលរដ្ឋមូស្លឹមរស់នៅប្រមាណដល់ជិត ៩លាននាក់នៃប្រជាជនសរុបក្នុងតំបន់ ១៥លាននាក់។
ការវាយប្រហារដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌាគឺនៅក្រុង Pulwama ក្នុងឆ្នាំ ២០១៩ដោយក្រុមបះបោរបានបើករថយន្តដែលផ្ទុកទៅដោយគ្រឿងផ្ទុះចូលទៅក្នុងក្បួនរថយន្តប៉ូលិស ដោយបានសម្លាប់មនុស្ស ៤០ នាក់ និងរបួស ៣៤ នាក់ ។ អ្នកជំនាញបានប៉ានប្រមាណថាប្រសិនបើជម្លោះកាទូតមួយនេះមិនអាចស្វែងរកដំណោះស្រាយបាននោះទេ នោះឥណ្ឌាអាចនិងឈានដល់ប្រើកម្លាំងទ័ពដើម្បីដោះស្រាយបញ្ហាមួយនេះ។ ដោយឡែកប៉ាគីស្ថានប្រកាសពីវិធានការមួយចំនួនសងសឹកឥណ្ឌា។
សូមជម្រាបថា ៖ នៅថ្ងៃទី ២៤ ខែមេសា ការិយាល័យនាយករដ្ឋមន្ត្រីប៉ាគីស្ថានបាន ចេញសេចក្តី ថ្លែងការណ៍ថា ក្រោមសភាពការណ៍ដែល ខ្វះការស៊ើបអង្កេត ដែលអាចទុកចិត្តបាន និង ភស្តុតាងដែលអាចបញ្ជាក់បាន ភាគីឥណ្ឌា ប៉ុនប៉ងចង់ផ្សារភ្ជាប់ហេតុការណ៍ភ្ញៀវទេសចររងការបាញ់ប្រហារ ជាមួយ នឹង ភាគីប៉ាគីស្ថាន ព្រមទាំងបានប្រកាសពីវិធានការមួយ ចំនួន ដែលសំដៅចំពោះប៉ាគីស្ថាន ប្រការនេះវាជាទង្វើ មិនទទួលខុសត្រូវ បំផុត ហើយ ខ្វះភស្តុតាងខាងផ្លូវ ច្បាប់។ ភាគីប៉ាគីស្ថាន នឹងចាត់វិធានការមួយ ចំនួន ដើម្បីសងសឹកវិញ ក្នុងនោះបូករួមទាំងការ បិទច្រកព្រំដែន Wagah បិទដែនអាកាសចំពោះ ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា និង ផ្អាកសកម្មភាពធ្វើពាណិជ្ជកម្មជាមួយ ឥណ្ឌាទាំងអស់ ។
តាម ការផ្សាយ ដំណឹង របស់ប្រព័ន្ធសារព័ត៌មាន ឥណ្ឌាឱ្យដឹងថា តំបន់ Kashmir ដែលកាន់កាប់ ដោយ ឥណ្ឌាកើតមាន ហេតុការណ៍បាញ់ប្រហារ ដែលសំដៅចំពោះភ្ញៀវ ទេសចរ បណ្តាលឱ្យ មនុស្សយ៉ាងហោចណាស់ ២៦ នាក់ស្លាប់បាត់បង់ជីវិត និង ប៉ុន្មាននាក់រងរបួស ៕
ដោយ ៖ សិលា